​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក អ៊ែន​ថូ​នី អាល់​បាណេ​ស (Anthony Albanese) បាន​ស្វាគមន៍ “​ការចាប់ផ្តើម​ថ្មី​” ក្នុង​ទំនាក់ទំនង​ជាមួយ​បារាំង​ខណៈ​រូប​​លោក​ជួប​ជាមួយ​ប្រធានាធិបតី អេម​ម៉ានុយ​អែល ម៉ា​ក្រុង ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សុក្រ​ទី​០១​កក្កដា បន្ទាប់ពី​មាន​ជម្លោះ​ដ៏​អាក្រក់​រវាង​ប្រទេស​ទាំង​ពីរ​ជុំវិញ​កិច្ចសន្យា​ទិញ​នាវាមុជទឹក​កាលពី​ឆ្នាំមុន​។​

​លោក​អាល់​បាណេ​ស​បាន​និយាយ​បន្ទាប់ពី​មកដល់​វិ​មានអេ​លីហ្សេ​ថា “​វត្តមាន​របស់ខ្ញុំ​នៅទីនេះ​តំណាងឱ្យ​ការចាប់ផ្តើម​ថ្មី​សម្រាប់​ទំនាក់ទំនង​របស់​ប្រទេស​ពួកយើង​”​។​

​លោក​បាន​បន្ថែមថា “​ទំនាក់ទំនង​របស់​អូស្ត្រាលី​ជាមួយ​បារាំង​គឺ​សំខាន់​។ ការជឿ​ទុកចិត្ត ការគោរព និង​ភាពស្មោះត្រង់​គឺ​មាន​សារៈសំខាន់​។ នេះ​ជា​របៀប​ដែល​ខ្ញុំ​នឹង​ធ្វើ​ទាក់ទង​នឹង​ទំនាក់ទំនង​”​។​

​លោក​ម៉ា​ក្រុង​បាន​និយាយថា ការសន្ទនា​លើកដំបូង​រវាង​អ្នក​ទាំង​ពីរ​ចាប់តាំងពី​ការជាប់ឆ្នោត​របស់​លោក​អាល់​បាណេ​ស​ដែល​ជា​ជន​ឆ្វេងនិយម​កាលពី​ខែ​ឧសភា​”​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការកសាង​ឡើងវិញ​​នូវ​ទំនាក់ទំនង​នៃ​ការជឿ​ទុកចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​របស់​យើង ដែល​ជា​ទំនាក់ទំនង​ផ្អែក​លើ​ការគោរព​គ្នា​ទៅវិញទៅមក​”​។​

​បន្ទាប់ពី​បាន​ទទួលស្គាល់ “​ពេលវេលា​ដ៏​លំបាក​” លោក​ម៉ា​ក្រុង​បាន​សង្កត់ធ្ងន់​លើ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ប្រទេស​ទាំង​ពីរ ប្រវត្តិ​សង្គ្រាម​រួមគ្នា​របស់​ពួកគេ​នៅ​អឺរ៉ុប និង​ផលប្រយោជន៍​រួម​របស់​ពួក​​គេ​ចំពោះ​ស្ថិរភាព​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។​

​លោក​ម៉ា​ក្រុង​បាន​បន្ថែម​ទៅកាន់​អ្នកសារព័ត៌មាន​ថា “​យើង​នឹង​និយាយ​អំពី​អនាគត មិនមែន​អតីតកាល​នោះ​ទេ​” ដោយ​សង្កត់ធ្ងន់ថា លោក​អាល់​បាណេ​ស​”​មិន​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​​ឡើង​នោះ​ទេ​”​។​

​សេចក្តីថ្លែងការណ៍ ដែល​បាន​ធ្វើឡើង​បន្ទាប់​ពី​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​រវាង​បុរស​ទាំង​ពីរ​និង​ភរិយា​របស់​ពួកគេ​នៅក្នុង​ទីធ្លា​នៃ​វិមាន​ប្រធានាធិបតី​បារាំង បាន​គូសបញ្ជាក់​ពី​ការផ្លាស់ប្តូរ​ស្ថានការណ៍ ចាប់តាំងពី​ការចាកចេញ​របស់​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុត ម៉ូ​រី​សុន​។​

​លោក​ម៉ា​ក្រុង​ខឹងសម្បា​យ៉ាងខ្លាំង​កាលពី​ឆ្នាំមុន បន្ទាប់ពី​លោក​ម៉ូ​រី​សុន​បាន​លួច​ចរចា​ជាសម្ងាត់​ដើម្បី​ទិញ​នាវាមុជទឹក​រចនា​ដោយ​សហរដ្ឋ​អាម៉េរិក​ហើយ​បន្ទាប់មក​បាន​លុបចោល​កិច្ចសន្យា​ដ៏​សំខាន់​​ជាមួយ​បារាំង ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ២០១៦ និង​មាន​តម្លៃ ៥០ ពាន់​លាន​ដុល្លារ​អូស្ត្រាលី (៣៣ ពាន់​លាន​អឺរ៉ូ​) នៅពេលនោះ​។​

​បារាំង​បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អូស្ត្រាលី ហើយ​លោក​ម៉ា​ក្រុង​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា​មេដឹកនាំ​អភិរក្សនិយម​ម៉ូ​រី​សុន​បាន​និយាយ​កុហក​គាត់​ក្នុងអំឡុង​អាហារ​ពេល​ល្ងាច​ដែល​ពួក​​គេ​បាន​ទទួលទាន​រួមគ្នា​នៅ​ទីក្រុង​ប៉ារីស​នៅ​ខែមិថុនា ឆ្នាំ ២០២១៕

​លោក​អាល់​បាណេ​ស (​ឆ្វេង​) ជួប​លោក​ម៉ា​ក្រុង​នៅ​ប៉ារីស​កាលពី​ថ្ងៃ​សុក្រ