​ដោយ​:​សុខុម / ស្ទឹងត្រែង​: បុរស​ម្នាក់ បាន​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​មេគង្គ ខេត្តស្ទឹងត្រែង ចូលទៅក្នុង​ទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ល្ងាច ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ ហើយ​មកទល់នឹង​ព្រឹក​ថ្ងៃទី​២ កក្កដា​នេះ មិនទាន់​រក​សព​ឃើញ​នៅឡើយ​ទេ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុរស​ដែល​លោត​ទម្លាក់​ចូលក្នុង​ទឹក ពីលើ​ស្ពាន​មេគង្គ ឈ្មោះ គន់ អាយុ ៣៧ ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ខារ៉ាអូខេ​វិមាន​មាស ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​

​សមត្ថកិច្ច បាន​ដកស្រង់​សំដី​ស្ត្រី​ម្នាក់ ដែលជា​ប្រពន្ធ​របស់​បុរស​លោតទឹក បាន​ប្រាប់ថា មុនពេល​កើតហេតុ ពីរ​នាក់​ប្ដី​ប្រពន្ធ នាំគ្នា​ទៅពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ ហើយ​គ្រូពេទ្យ ប្រាប់ថា ប្ដី​របស់​នាង មាន​ជំងឺ​ក្រួស​តំរងនោម បើ​ព្យាបាល នឹងត្រូវ​ចំណាយ​ប្រាក់​អស់ ប្រហែល ៨០ ម៉ឺន​រៀល​។ បន្ទាប់ពី​ចេញពី​មន្ទីរពេទ្យ​វិញ ក៏​នាំគ្នា​ជិះ​ម៉ូតូ ឈប់​លេង​នៅលើ​ស្ពាន មេគង្គ​។ ពេល​កំពុង​ឈរ​លេង​នៅ​ទីនោះ ក៏​ស្រាប់តែ​ប្ដី​របស់​នាង លោត​ពីលើ​ស្ពាន ចូលទៅក្នុង​ទឹកទន្លេ​មេគង្គ​។ ភ្លាមនោះ ប្រជា​ការពារ​នៅ​សង្កាត់​ព្រះបាទ បានចេញ​ទូក ទៅ​ស្វែងរក​ដែរ ប៉ុន្តែ​រក​ពុំ​ឃើញ ដោយ​បុរស​នោះ លិច​បាត់​ទៅក្នុង​ទឹកទន្លេ​៕/V​