ដោយ​: សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ពេលនេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ហ្វីលីពីន​ហើយ ដើម្បី​ចូលរួម​ប្រកួត​ពានរង្វាន់​បាល់ទាត់​នារី ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (AFF Women’s Championship) ។​

​ការប្រកួត នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២២ នេះ​។ ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា បាន​ចាប់ឆ្នោត ស្ថិតនៅ​ពូ​ល B ជាមួយ​ក្រុម​ដែល​ទើបតែ​ឈ្នះ មេដាយមាស​ស៊ី​ហ្គេម លើក​ទី​៣១ គឺ​ក្រុម​វៀតណាម រួម​នឹង​ក្រុម ៣ ផ្សេងទៀត មាន មី​យ៉ាន់​ម៉ា​, ឡាវ និង ទី​ម័​រ​ខាងកើត ។​

​លោក ប្រាក់ វុទ្ធី ដែលជា​គ្រូបង្វឹក បានបង្ហាញ​ការតាំង​ចិត្ត ចង់​ស្វែងរក ៦ ពិន្ទុ ពី​ការប្រកួត​​ក្នុង​ពូ​ល និង​ធ្វើ​ឲ្យ​បានល្អ ជាមួយ​ក្រុម​ខ្លាំងៗ​។ លោក​បាន​បញ្ជាក់ថាៈ ព្រឹត្តិការណ៍​នេះ គឺ​ឈានចូល​ដំណាក់កាល​ទី​២ ដើម្បី​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បន្ទាប់ពី​ក្រុម​នារី​នេះ បាន​ចូលរួម​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម កន្លងមក​នោះ​។​

​គ្រូបង្វឹក​រូបនេះ បាន​និយាយថាៈ ឆន្ទៈ​របស់​យើង គឺ​យើង​ដាក់​គោលដៅ ដើម្បី​យកឈ្នះ​ឡាវ និង​ទី​ម័​រ ហើយ​បន្ត​លេង​ឲ្យ​មាន​លទ្ធផល​ល្អ ជាមួយនឹង​ក្រុម​វៀតណាម និង ភូមា បន្តទៀត​។ ដូច្នេះ​ឃើញថា ស្មារតី​យើង​បានល្អ មានការ​ប្រឹងប្រែង ឆន្ទៈ​ខ្លាំង​។​

​លើក​នេះ លោក​នឹង​រៀបចំ​ដំណាក់កាល​ទី​២ គឺ​ការការពារ រួម​នឹង​ការ​វាយបក បូក​នឹង​ការប្រយុទ្ធ​បន្ថែមទៀត ហើយនឹង​ការអភិវឌ្ឍ​ជា​បណ្ដើរៗ ទៅលើ​គុណ​ផល​ម្នាក់ៗ​។ គ្រប់​ការប្រកួត​អន្តរជាតិ​ទាំងអស់ ដែល​ជម្រើសជាតិ​បាល់ទាត់​នារី រៀបចំ​គឺ សុទ្ធសឹង​ជា​គោលដៅ សម្រាប់​ឆ្នាំ​២០២៣ ទាំងអស់​៕/V​