ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ជូនដំណឹង​ស្តីពី ការដេញថ្លៃ​ឈ្នួល​ដាយ​ត្រី ដាយ​ត្រី​លេញ និង​ដាយ​បង្កង ចំនួន ៥៣ គន្លង ដាយ ស្ថិតនៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តព្រៃវែង សម្រាប់ធ្វើ​អាជីវកម្ម ក្នុង​រដូវ​នេសាទ ឆ្នាំ​២០២២-២០២៣ និង​ឆ្នាំ​២០២៣-២០២៤​។​

​នៅក្នុង​សេចក្តីជូនដំណឹង ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ ដែល​ចុះហត្ថលេខា ដោយ​លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល បាន សរសរ​ថាៈ រដ្ឋបាល​ជលផល នឹង​រៀបចំ​ដេញថ្លៃ​ឈ្នួល​ដាយ​ត្រី នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ដាយ​ត្រី​លេញ ដាយ​បង្កង នៅ​ខេត្តព្រៃវែង សម្រាប់ធ្វើ​អាជីវកម្ម ក្នុង​រដូវ​នេសាទ ឆ្នាំ​២០២២-២០២៣ និង​ឆ្នាំ​២០២៣-២០២៤ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ខេត្តព្រៃវែង ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២ និង នៅ​ខេត្តកណ្តាល ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ពលរដ្ឋ​ខ្មែរ​គ្រប់រូប មាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ ដាយ​ត្រី នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ដាយ​ត្រី​លេញ ដាយ​បង្កង នៅ​ខេត្តព្រៃវែង ដោយ​ត្រូវដាក់​ពាក្យសុំ​ដេញថ្លៃ ធ្វើ​អាជីវក​ម្មដាយ​ត្រី ដាយ​ត្រី​លេញ និង​ដាយ​បង្កង យ៉ាង​យឺត​បំផុត ១០ ថ្ងៃ មុនពេល​ដេញថ្លៃ នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ព្រៃវែង ខណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​ភ្នំពេញ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​-​ខេត្ត​។​

​គន្លង​ដាយ​ត្រី ដែល​ត្រូវ​ដាក់ឱ្យ​ដេញថ្លៃ មាន​ចំនួន ១៧ នៅ​រាជធានី​ភ្នំពេញ ចំនួន ២៣ នៅ​ខេត្តកណ្តាល និង​ចំនួន ១៣ នៅ​ខេត្តព្រៃវែង ដែល​ក្នុងនេះ មាន​ដាយ​ត្រី​លេញ ចំនួន​៦ និង​ដាយ​បង្កង ចំនួន​៧៕/V​