ប្រែសម្រួលៈបំណង(ST)៖ ឥណ្ឌូនេស៊ីនិងរុស្ស៊ី នឹងធ្វើការរួមគ្នាលើគំរោងជាច្រើន ទោះជាលោកខាងលិចកំពុងធ្វើអោយរដ្ឋាភិបាលទីក្រុងមូស្គូនៅឯកោ ក្នុងការឆ្លើយតបនឹងប្រតិបត្តិការសឹកចូលក្នុងប្រទេសអ៊ុយក្រែនក្តី។
ក្រុមហ៊ុនប្រេងរដ្ឋឥណ្ឌូនេស៊ីពែរតាមីណា( Pertamina)និងក្រុមហ៊ុនប្រេងរុស្ស៊ី រ៉ូសណេហ្វត៍(Rosneft)នឹងបន្តគំរោងរបស់ពួកគេក្នុងការសាងសង់រោងចក្រចម្រាញ់ប្រេងមួយនៅក្នុងខេត្តចាវ៉ាខាងកើតរបស់ឥណ្ឌូនេស៊ី ដើម្បីផលិតប្រេងឥន្ធនៈនិងវត្ថុធាតុដើមសំរាប់ឧស្សាហកម្មគីមីផលិតចេញពីប្រេង នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ីម្នាក់កាលពីថ្ងៃសុក្រ។
មន្ត្រីរូបនេះបាននិយាយថា «ភាគីរុស្ស៊ីបាននិងកំពុងចរចាដើម្បីទទួលបានការលើកលែងពន្ធ។គំរោងនេះកំពុងស្ថិតលើផ្លូវឆ្ពោះទៅកាន់ការអនុវត្ត»។
ក្រុមហ៊ុនរដ្ឋទាំងពីរមុននេះបានបង្កើតក្រុមហ៊ុនរកស៊ីរួមគ្នា PT Pertamina Rosneft Pengolahan dan Petrokimiaសំរាប់គ្រប់គ្រងរោងចក្រចម្រាញ់ប្រេងNew Grass Refinery Root (NGRR)នៅចាវ៉ាខាងកើតដែលគេរំពឹងថានឹងផលិតចេញប្រេងសាំង ប្រេងម៉ាស៊ូតនិងប្រេងសាំងយន្តហោះប្រមាណ២២៩.០០០បារ៉ែលក្នុងមួយថ្ងៃ។
ពេលសាងសង់បញ្ចប់ គំរោងនេះនឹងជួយឥណ្ឌូនេស៊ីច្រើនក្នុងការបន្ថយការពឹងលើប្រេងនាំចូល ។
កាលពីថ្ងៃសុក្រ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងហ្សាការតាក៏បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បានសុំអោយក្រុមហ៊ុនផ្លូវដែករុស្ស៊ីធ្វើការវិនិយោគនៅក្នុងរដ្ឋធានីថ្មី ឈ្មោះថា«នូសាន់តារ៉ា-Nusantara»។រដ្ឋធានីនៅក្នុងខេត្តកាលីម៉ាន់តាន់នេះនឹងត្រូវចាប់ផ្តើមសាងសង់នៅខែសីហាក្រោយការពន្យារពេលដោយសារជំងឺឆ្លងកូវីដ១៩៕
ព័ត៌មានស្តីពីការវិនិយោគរួមគ្នាលើគំរោងថាមពលនេះកើតឡើងចំពេលប្រធានាធិបតីឥណ្ឌូនេស៊ីធ្វើទស្សនកិច្ចទីក្រុងមូស្គូនិងជួបមេដឹកនាំរុស្ស៊ី