ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPកាលពីថ្ងៃសុក្រទី១កក្កដាថាការសន្ទនារវាងរបបយោធាមីយ៉ាន់ម៉ានិងមេដឹកនាំដែលត្រូវបានបណ្តេញចេញលោកស្រី អ៊ុងសាន ស៊ូជី ដើម្បីបញ្ចប់វិបត្តិដ៏បង្ហូរឈាមដែលកើតចេញពីការផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំមុន គឺ “មិនមែនមិនអាចទៅរួចនោះទេ”។
ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះបានស្ថិតក្នុងភាពវឹកវរចាប់តាំងពីរដ្ឋប្រហារ ខណៈការប្រយុទ្ធគ្នាជាថ្មីបានផ្ទុះឡើងជាមួយក្រុមឧទ្ទាមជនជាតិភាគតិចនានា និងក្រុមប្រឆាំងដែលហៅខ្លួនឯងថា”កងកម្លាំងការពារប្រជាជន។
លោកស្រីស៊ូជីអាយុ ៧៧ ឆ្នាំ ត្រូវបានយោធាឃាត់ឃាំងមិនឱ្យទាក់ទងនរណាម្នាក់បានឡើយ ហើយថ្មីៗនេះត្រូវបានផ្ទេរពីការឃុំខ្លួនក្នុងផ្ទះទៅឃុំក្នុងពន្ធនាគារតែម្នាក់ឯងខណៈលោកស្រីប្រឈមមុខនឹងការកាត់ក្តីជាច្រើនករណី ដែលអាចឃើញលោកស្រីត្រូវបានកាត់ទោសឱ្យជាប់គុកជាង ១៥០ ឆ្នាំ។
អ្នកនាំពាក្យរបបយោធាលោក សាវ មីនទុន (Zaw Min Tun)បានប្រាប់ AFP ថា “គ្មានអ្វីមិនអាចទៅរួចនោះទេក្នុងនយោបាយ” នៅពេលសួរថាតើរបបយោធាអាចមានកិច្ចសន្ទនាជាមួយលោកស្រីស៊ូជីដើម្បីដោះស្រាយភាពចលាចលនេះឬអត់។
លោកមីនទុននិយាយថា “យើងមិនអាចនិយាយថា ការចរចាជាមួយលោកស្រីស៊ូជីមិនអាចទៅរួចនោះទេ”។
លោកបាននិយាយថា “ប្រទេសជាច្រើន” បានជំរុញឱ្យបើកការសន្ទនាជាមួយម្ចាស់ជ័យលាភីពានរង្វាន់ណូបែលរូបនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដែលដឹកនាំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលក្នុងនោះមីយ៉ាន់ម៉ាជាសមាជិករហូតមកទល់ពេលនេះបានបរាជ័យក្នុងការបញ្ឈប់ការបង្ហូរឈាម។កាលពីឆ្នាំមុន ប្លុកនេះបានយល់ព្រមលើ “ការមូលមតិប្រាំចំណុច” ដែលអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និងឱ្យមានការសន្ទនាក្នុងន័យស្ថាបនា ប៉ុន្តែរបបយោធាមិនអើពើភាគច្រើន។
បើតាមសារព័ត៌មានខាងលើ បេសកជនអាស៊ាននិងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុនបានទៅដល់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធសម្រាប់ដំណើរទស្សនកិច្ចលើកទី២របស់លោកក្នុងគោលបំណងចាប់ផ្តើមកិច្ចសន្ទនារវាងរបបយោធានិងក្រុមដែលប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។
អ្នកនាំពាក្យរបបយោធាបាននិយាយថា លោកបានជួបជាមួយប្រមុខរដ្ឋាភិបាលលោក មីន អ៊ុងហ្លាំង កាលពីថ្ងៃព្រហស្បតិ៍ ហើយកាលពីថ្ងៃសុក្របានជួបជាមួយសមាជិកនៃគណបក្សនយោបាយមួយចំនួននៅក្នុងរដ្ឋធានីណៃពិដោ ។
របបយោធាបាននិយាយថា លោកប្រាក់ សុខុននឹងមិនត្រូវបានអនុញ្ញាតឱ្យទៅជួបលោកស្រីស៊ូជីនោះទេ។
លោកសាវ មីនទុនបាននិយាយទាក់ទងនឹងស្ថានភាពរស់នៅថ្មីរបស់លោកស្រីស៊ូជីនៅក្នុងពន្ធនាគារថា “យើងបានធ្វើអ្វីដែលគាត់ស្នើសុំទាក់ទងនឹងបញ្ហាសុខភាពនិងស្ថានភាពរស់នៅរបស់គាត់”៕
លោកស្រីស៊ូជីអាយុ ៧៧ ឆ្នាំ ត្រូវបានយោធាឃាត់ឃាំងមិនឱ្យទាក់ទងនរណាម្នាក់បានឡើយ