​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ខ្សែ​ប្រយុទ្ធ ម៉ូ​ហា​ម៉េត សាឡា​ស (Mohamed Salah) មាន​ទំនុកចិត្ត​ថា​រូបគេ​អាច​ឈ្នះ​ពានរង្វាន់​បន្ថែមទៀត​ជាមួយ Liverpool បន្ទាប់​ពី​បញ្ចប់​រឿងរ៉ាវ​ដ៏​យូរ​ទាក់ទង​នឹង​កិច្ចសន្យា​របស់​គេ ដោយ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​រយៈពេល​បី​ឆ្នាំ​។​

​កីឡាករ​អន្តរជាតិ​អេ​ហ្ស៊ី​ប​រូបនេះ​បាន​ឈាន​ចូលដល់​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​ដែល​មាន​ស្រាប់​របស់គេ បន្ទាប់​ពី​ការចរចា​លើ​ការបន្ត​ការ​ស្នាក់នៅ​របស់​គេ​បានអូសបន្លាយ​ពេញ​មួយ​រដូវ​កាល​មុន​។​

​មាន​ការជាប់គាំង​ជុំវិញ​ការទាមទារ​ប្រាក់​ឈ្នួល​របស់​កីឡាក​រវ័យ ៣០ ឆ្នាំ​រូប​នេះ ប៉ុន្តែ​គណៈប្រតិភូ​មួយ​ក្រុម​បាន​ហោះ​ចេញ​ទៅ​ជួប​ជាមួយ​កីឡាករ​រូបនេះ ដែល​បច្ចុប្បន្ន​កំពុង​ស​ម្រាក​វិស្សមកាល​ហើយ​​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង ដែល​ធ្វើឱ្យ​ខ្សែប្រយុទ្ធ​រូបនេះ​ក្លាយជា​កីឡាករ​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។​

​សាឡា​ស​បាន​ប្រាប់​វេបសាយ liverpoolfc.com ថា “​ខ្ញុំ​មាន​អារម្មណ៍​អស្ចារ្យ ហើយ (​ខ្ញុំ​) រំភើប​ក្នុង​ការ​ឈ្នះ​ពានរង្វាន់​ជាមួយ​ក្លិប​។ វា​ជា​ថ្ងៃ​ដ៏​រីករាយ​សម្រាប់​អ្នក​រាល់គ្នា​”​។​

“​ខ្ញុំ​គិតថា វា​ត្រូវការ​ពេលវេលា​បន្តិច​ដើម្បី​បន្ត​កុងត្រា​ថ្មី ប៉ុន្តែ​ឥឡូវនេះ​អ្វី​គ្រប់​យ៉ាង​ត្រូវបាន​បញ្ចប់ ដូច្នេះ​យើង​ត្រូវការ​ផ្តោត​លើ​អ្វី​ដែល​នឹង​កើតឡើង​បន្ទាប់​។ ខ្ញុំ​គិតថា អ្នក​អាច​មើលឃើញ​ក្នុង​រយៈពេល​ប្រាំ​ឬ​ប្រាំមួយ​ឆ្នាំ​ចុងក្រោយ ក្រុម​តែងតែ​ដើរ​ទៅ​មុខ (​ឡើង​លើ​) ជានិច្ច​”៕

​សាឡា​ស​ក្លាយជា​កីឡាករ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​របស់ Liverpool ក្រោយ​ចុះ​កុងត្រា​ថ្មី​បី​ឆ្នាំ​