ដោយៈ មុនី​រ័ត្ន​/ភ្នំពេញ៖លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក យ៉ា ព្យេ ប្រធាន​គណៈកម្មាធិការ​សាមគ្គីភាព​ជាតិ និង​ការបង្កើត​សន្តិភាព (NSPNC) និង​ជួប​ដាច់ដោយឡែក​ជាមួយ​តំណាង​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​ចំនួនប្រាំពីរ ដែល​បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជាមួយ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២២​។

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កក​ក្កដា​នេះ​ថា នៅក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយ​លោក យ៉ា ព្យេ ប្រធាន​គណៈកម្មាធិការ​សាមគ្គីភាព​ជាតិ និង​ការបង្កើត​សន្តិភាព (NSPNC) បាន​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ រួមមាន​៖ (១) វឌ្ឍនភាព​ការងារ និង​ការចូលរួមចំណែក​រប​ស់​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច (EAOs) ក្នុង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ថ្នាក់ជាតិ (NCA) (២) ការចែករំលែក​នូវ​បទពិសោធន៍​របស់​កម្ពុ​ជា​ក្នុង​ដំណើរ​អនុវត្ត​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង (៣) តួនាទី​របស់​គណៈកម្មាធិកា​រ​សាមគ្គីភាព​ជាតិ និង​ការបង្កើត​សន្តិភាព (NSPNC) ក្នុង​ដំណើរការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌ និង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាជន​មី​យ៉ាន់​ម៉ា នៅ​តំបន់​ដែល​ពិបាក​ទៅដល់​។

​ប្រភពដដែលបន្តថា បន្ទាប់ពី​ជំនួប​នេះលោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន អមដំណើរ​ដោយ​ឯកឧត្តម ឯក​ផាប់ ផាន់​ថាវ​ង្ស អគ្គលេខាធិការរង​អាស៊ាន​ទទួលបន្ទុក​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន បាន​បន្ត​ជួប​ជាមួយ​តំណាង​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​ចំនួនប្រាំពីរ ដែល​បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជាមួយ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC)​។ កិច្ច​ប្រជុំបាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស ជាពិសេស​លើ​វិធី​ដែល​មី​យ៉ាន់​ម៉ា​អាច​ជំរុញ​ការចរចា​សន្តិភាព​ទៅមុខ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ទាំងអស់​នៅក្នុង​ប្រទេស​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ឆ្លៀតឱកាស​ពន្យល់​អំពី​ការអនុវត្ត​ដ៏​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ផ្តួចផ្តើម​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​នាំ​កម្ពុជា​ឲ្យ​ទទួលបាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​៕​សរន-PC