​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គូស្នេហ៍​ខ្ទើយ​ប្រុស​ខ្ទើយ​ស្រី​នៅ​ប្រទេ​សស្វី​សមានភាព​រី​ក​រាយ​យ៉ាងខ្លាំង ខណៈ​ពួកគេ​បាន​ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​តាម​ផ្លូវ​ច្បាប់​កាលពី​ថ្ងៃ​សុក្រ​ទី​១​កក្កដា នៅពេល​ដែល​ប្រទេស​នៅ​ជួរ​ភ្នំ​អាល់​ដ៏​ស្តុកស្តម្ភ​មួយ​នេះ​បាន​ចូលរួម​ជា​ផ្លូវការ​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងលិច​ជា​ច្រើន​ទៀត​ក្នុង​ការអនុញ្ញាតឱ្យ​រៀបការ​ភេទ​ដូច​គ្នា​ដោយ​អ្នកខ្លះ​និយាយថា​សុខ​​ចិត្ត​ឱ្យ​យឺត​កុំឱ្យ​តែ​អត់​។​

​ការ​រៀបការ​ភេទ​ដូចគ្នា​ដំបូង​នេះ​បាន​កើតឡើង​ប្រហែល ៩ ខែ​បន្ទាប់​ពី​អ្នកបោះឆ្នោត ៦៤,១ ភាគរយ​គាំទ្រ​ច្បាប់​ស្តីពី “​អាពាហ៍ពិពាហ៍​សម្រាប់​ទាំងអស់គ្នា​” នៅក្នុង​ការធ្វើប្រជាមតិ​ថ្នាក់ជាតិ​។ ច្បាប់​នេះ​ធ្វើ​ឱ្យ​ដៃគូ​ភេទ​ដូចគ្នា​ឈរ​លើ​ផ្លូវ​ច្បាប់​ស្មើ​គ្នា​ជាមួយ​គូស្នេហ៍​ភេទ​ផ្ទុយគ្នា រួម​ទាំង​អនុញ្ញាតឱ្យ​ពួក​គេ​ទទួលយក​កូន​មក​ចិញ្ចឹម​ជាមួយគ្នា និង ឧបត្ថម្ភ​ដល់​ប្តី​ឬ​ប្រពន្ធ​សម្រាប់​ការ​ចូលសញ្ជាតិ​។​

​ប្រទេ​សស្វី​ស​បាន​អនុញ្ញាត​ឱ្យមាន​ដៃគូ​ស៊ីវិល​ភេទ​ដូចគ្នា​ក្នុង​ឆ្នាំ ២០០៧​។​

​មិត្តភក្តិ​និង​ក្រុមគ្រួសារ​បាន​នាំគ្នា​ស្វាគមន៍ អា​លីន (Aline)​និង​ឡូ​រ៉េ (Laure) ជាមួយនឹង​ការ​ឱប ការអបអរសាទរ ការ​ទះដៃ និង​ការ​សម្រក់​ទឹកភ្នែក​ដ៏​រីករាយ​នៅ​ឯ​ផ្ទះ​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ កន្លែង​ដែល​ពួកគេ​បាន​ស្បថសច្ចា​បង្កើត​ទំនាក់ទំនង​ជា​ផ្លូវការ​រយៈពេល​ពី​រទស​វត្សរ៍​របស់​ពួកគេ​។​

​ឡូ​រ៉េ​អាយុ ៤៥ ឆ្នាំ​ជា​នាយក​ផ្នែក​ធនធានមនុស្ស​បាន​និយាយថា “​វា​ជា​សេចក្តី​រីករាយ​ដ៏​អស្ចារ្យ វា​ជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ដាក់​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​” ដោយ​បន្ថែម​ថា ថ្ងៃទី ១​ខែកក្កដា​គឺ​​មាន​សារសំខាន់​ជា​ពិសេស​ខ្លាំង​ណាស់ ដោយសារ​តែ​វា​ជា​ខួប​លើក​ទី ១៩ ទំនាក់ទំនង​របស់​ពួកគេ​។​

​ឡូ​រ៉េ​បាន​និយាយថា “​អ្វីៗ​ក្លាយជា​រឿង​ធម្មតា ពេល​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​។ វា​នឹង​ក្លាយជា​រឿង​ធម្មតា មិន​ថា​ស្ត្រី​ពីរ​នាក់ បុរស​ពីរ​នាក់ ឬ​គូស្នេហ៍​ភេទ​ផ្ទុយគ្នា​រៀបការ​ជាមួយ​គ្នា​នោះទេ​”៕

គូស្នេហ៍​ភេទ​ដូចគ្នា​ជា​ច្រើន​បាន​រៀបការ​កាលពី​ថ្ងៃ​សុក្រ​ទី​១​កក្កដា ជា​ថ្ងៃ​ដែល​ច្បាប់​ស្តីពី “​អាពាហ៍ពិពាហ៍​សម្រាប់​ទាំងអស់គ្នា​” ចូល​ជា​ធរមាន