ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អនុប្រធានទី១ សហព័ន្ធកីឡាចំបាប់កម្ពុជា លោក ខេស៊ី បាណេត បានថ្លែងថាៈ សម្រាប់ឆ្នាំ២០២២ នេះ គឺសហព័ន្ធកីឡាចំបាប់កម្ពុជា នឹងបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិ ចូលរួមប្រកួតអន្តរជាតិ ឲ្យបានច្រើន ដើម្បីបង្កើនសមត្ថភាព និងគុណភាពរបស់ពួកគេ ឲ្យកាន់តែល្អ។
លោកបានបន្ដថាៈ ខែក្រោយនេះ អត្តពលិកចំបាប់កម្ពុជា នឹងទៅប្រកួតកីឡាប៉ូលិសអន្តរជាតិ នៅប្រទេសហូឡង់, ខែតុលា គ្រោងនឹងចូលរួមប្រកួត នៅប្រទេសឥណ្ឌូណេស៊ី និងខែធ្នូ ចុងឆ្នាំ២០២២ សហព័ន្ធ នឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៃការប្រកួតជើងឯកកីឡាចំបាប់ អាស៊ីអាគ្នេយ៍។ បន្ថែមពីលើនេះ សហព័ន្ធ នឹងបញ្ជូនក្រុមជម្រើសជាតិ ទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេល៦ខែ និងក្រុមជម្រើសជាតិ ១០ នាក់ផ្សេងទៀត គ្រោងចេញទៅហ្វឹកហាត់ នៅប្រទេសអ៊ីរ៉ង់ មុនពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់។
លោ ខេស៊ី បាណេត បានសង្កត់ធ្ងន់ថាៈ ការចេញទៅហ្វឹកហាត់ នៅក្រៅប្រទេស ជារឿងសំខាន់ណាស់ ពីព្រោះទីនោះ មានគូប្រជែងហ្វឹកហាត់ និងប្រកួតខ្លាំងៗ ដើម្បីបង្កើនការអភិវឌ្ឍបច្ចេកទេស កាន់តែខ្លាំង។ ដូច្នេះក្តីសង្ឃឹមមានច្រើន សម្រាប់គោលដៅការហ្វឹកហាត់ ការប្រកួត និងការរៀបចំធ្វើម្ចាស់ផ្ទះជើងឯកចំបាប់ អាស៊ីអាគ្នេយ៍ ក្នុងការបង្កើនគុណភាពកីឡាករ កីឡាការិនីជម្រើសជាតិ ឲ្យបានច្រើន។ កាលណាយើង មានធនធានកីឡាករ កីឡាការិនី កាន់តែច្រើននោះ លទ្ធភាពក្នុងប្រកួតប្រជែង មេដាយ ក៏កាន់តែច្រើន ទៅតាមនោះដែរ។
សម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះ ជើងឯកកីឡាចំបាប់អាស៊ីអាគ្នេយ៍ ចុងឆ្នាំ២០២២នេះ គឺសហព័ន្ធ បានត្រៀមរៀបចំ ៣ប្រភេទវិញ្ញាសាធំៗ គឺវិញ្ញាសាចំបាប់សេរី ចំបាប់ក្រិចកូ និងចំបាប់នារី ហើយក្នុងប្រភេទវិញ្ញាសានីមួយៗ នឹងបន្ថែមប្រភេទទម្ងន់ ឲ្យបាន១០ សរុប ៣០ ប្រភេទទម្ងន់។ ការរៀបចំនេះ គឺស្របតាមគោលការណ៍របស់ សហព័ន្ធកីឡាចំបាប់អន្តរជាតិ ដោយក្នុង១ប្រភេទ តិចបំផុត៦ និងច្រើនបំផុតអាចដាក់ត្រឹម១០ប្រភេទទម្ងន់។
តាមរយៈការបង្កើនប្រភេទទម្ងន់ ក្នុងប្រភេទវិញ្ញាសានីមួយៗនេះ នឹងជួយជំរុញឲ្យម្ចាស់ផ្ទះកម្ពុជា ដណ្តើមមេដាយ កាន់តែច្រើន ដើម្បីវាស់ស្ទង់ ត្រៀមឆ្ពោះទៅជោគជ័យ ក្នុងពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។
ជាមួយនឹងការត្រៀមគោលដៅយុទ្ធសាស្ត្រ យ៉ាងច្បាស់លាស់នេះ សហព័ន្ធ ជឿជាក់ថា ពេលស៊ីហ្គេម ឆ្នាំ២០២៣ ប្រភេទកីឡាចំបាប់កម្ពុជា នឹងដណ្តើមបានមេដាយមាស ២ គ្រឿង យ៉ាងតិច តាមសន្ទស្សន៍មេដាយ មាស ដែលគណៈកម្មាធិការជាតិ CAMSOC បានកំណត់ ហើយនឹងអាចបានមេដាយមាស ៤ គ្រឿង ឬអាចលើសពីនេះ។
ការត្រៀមស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងនេះដែរ សហព័ន្ធចំបាប់កម្ពុជា នឹងរៀបចំឲ្យកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដែលមានសក្តានុពលខ្ពស់ៗ នឹងត្រៀមចូលរួមប្រកួតចំនួន ២ វិញ្ញាសា ស្របតាមគោលការណ៍អនុញ្ញាត របស់សហព័ន្ធចំបាប់អន្តរជាតិ៕/V