ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ “កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងគោលការណ៍ណែនាំស្តីពី សុវត្ថិភាពសារធាតុគីមី នៅកន្លែងធ្វើការ” ។
ថ្លែងក្នុងពិធីដែលបានរៀបចំឡើង នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាតំណាងលោករដ្ឋមន្ត្រីក្រសួងការងារ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋាន ពេទ្យការងារ និងក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំឯកសារ ទាំងពីរនេះ លេចចេញជារូបរាងឡើង។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណ ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពពាក់ព័ន្ធ ក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការនិយោជក និងអង្គការកម្មករ និយោជិត អង្គការជាតិ និងអង្គការអន្តរជាតិក្រៅរដ្ឋាភិបាល ពាក់ព័ន្ធនានា ដែលបានផ្តល់កិច្ចសហការ និងគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងរៀបចំឯកសារ ដ៏មានសារៈសំខាន់នេះ។
លោក វេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានមានប្រសាសន៍ថាៈ ពិធីដែលបានរៀបចំធ្វើឡើង នៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងនូវការបេ្តជ្ញាចិត្ត ជាមួយនឹងសា្មរតីទទួលខុសត្រូវខ្ពស់របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការសម្រេចឱ្យបាន និងការឆ្លើយតប ទៅនឹងការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និងផែនការមេលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០១៨-២០២២ ដែលក្រសួងបានដាក់ចេញ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។
គួរបញ្ជាក់ផងដែរថា ក្រសួងការងារ បានរៀបចំ និងបោះពុម្ភផ្សាយកម្រងព័ត៌មាន ស្តីពីសុវត្ថិភាព និងសុខភាពការងារលើកទី១ កាលពីឆ្នាំ២០១១ ដែលជាឯកសារ ជាលើកដំបូង បង្ហាញអំពីព័ត៌មាន និងការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារ នៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមផ្តល់ព័ត៌មាន និងធាតុចូលពីគ្រប់ភាគី ដែលធ្វើការពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។
លោក ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានបញ្ជាក់ថាៈ ” អ្វីដែលសំខាន់ ក្រសួងចង់ឲ្យនិយោជកទាំងអស់ នៅពេលដែលប្រើប្រាស់កម្មករ និយោជិត ត្រូវតែយកចិត្តទុកដាក់ ចំពោះកម្មករ និយោជិតរបស់ខ្លួន ឲ្យបានល្អ ពីព្រោះពួកគាត់ គឺជាទ្រព្យរបស់រោងចក្រ សហគ្រាស អ៊ីចឹងត្រូវធ្វើម៉េចឲ្យគាត់ មានសុវត្ថិភាព មានសុខភាពល្អ ដើម្បីគាត់នឹងខិតខំបំពេញការងារ ឲ្យមានផលិតភាពខ្ពស់ ទៅដល់រោងចក្រ សហគ្រាស”។
ជាមួយគ្នានេះ លោកបានជំរុញដល់កម្មករ និយោជិត ត្រូវតែយកចិត្តទុកដាក់ដែរ ចំពោះ សុវត្ថិភាព សុខភាពរបស់ខ្លួន ករណីដែលកម្មករណាម្នាក់ រងគ្រោះ គឺប៉ះពាល់ដល់ខ្លួនឯង ដល់ក្រុមគ្រួសារ ដល់សង្គមជាតិទាំងមូល ដូច្នេះយើងត្រូវមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារមួយ ឱ្យបានត្រឹមត្រូវ ហើយកម្មករខ្លួនឯង ក៏ត្រូវតែអនុវត្តឲ្យបានល្អ តាមវិធានណែនាំ របស់រាជរដ្ឋាភិបាលផងដែរ៕/V