ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅក្នុងការបង្ក្រាប រយៈពេល ៦ខែ នៃឆ្នាំ២០២២ នេះ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនមនុស្សជាង ៧ពាន់នាក់ ក្នុងនោះ ជនបរទេសជិត ១០០នាក់ ដកហូតសារធាតុញៀន គ្រប់ប្រភេទជាង ៣តោន និងឃាត់ទុកទ្រព្យសម្បត្តិ ចំនួន ១១កន្លែង រួមទាំងកាំភ្លើងវែង-ខ្លី ជិត ៤០ដើម និងវត្ថុតាងជាច្រើនផ្សេងទៀត ។
បើយោងតាមរបាយការណ៍របស់ គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់ ដែលរស្មីកម្ពុជាទទួលបាន នៅថ្ងៃទី២ ខែកក្កដា នេះ បានឲ្យដឹងថាៈ លទ្ធផលអនុវត្តន៍ច្បាប់ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ បង្ក្រាបបាន ៣.២២៣ ករណី ឃាត់ខ្លួនមនុស្ស ៧.៦៩០ នាក់ (ស្រី ៤៦៥ នាក់) ក្នុងនោះមាន ជនបរទេសចំនួន ៩៩នាក់ មាន ៨ សញ្ជាតិ។ ករណីជួញដូរ ១.៥៦១ ករណី ឃាត់ ៣.១៩៧ នាក់ (ស្រី ២៤១នាក់)។ ករណីដឹកជញ្ជូន រក្សាទុក ៤៦៥ ករណី ឃាត់ ៧៥៨ នាក់ (ស្រី ៤៩នាក់)។ ករណីផលិត កែច្នៃ ៦ ករណី ឃាត់ ៨នាក់ (ស្រី 0 នាក់) ។ ករណីចាត់ចែង សម្រួល ២ករណី ឃាត់ ៤នាក់ (ស្រី 0នាក់) និងដាំដុះ ១១ ករណី ឃាត់ ២នាក់ (ស្រី 0នាក់)។ បើកបរក្រោមឥទ្ធិពល ២៦ ករណី ឃាត់ ២៧ នាក់ (ស្រី 0នាក់)។ ប្រើប្រាស់ ១.១៥២ ករណី ឃាត់ ៣.៦៩៤ នាក់ (ស្រី ១៧៥នាក់)។ អនុវត្ដន៍ដីកា ២១១ ដីកា ចាប់ ១៨៥នាក់ (ស្រី ៤នាក់)។
របាយការណ៍ដដែល បានបញ្ជាក់ថាៈ សមត្ថកិច្ចជំនាញ បានដកហូតសារធាតុញៀន គ្រប់ប្រភេទ ចំនួន ៣តោន ១២២ កីឡូក្រាម ៣៦៧,៦៨ ក្រាម, កញ្ឆា ១៥.៥២៧ ដើម, កញ្ឆាស្ងួត ៣២គីឡូក្រាម ៤៤១,១៣ក្រាម, សារធាតុផ្សំគីមី ១៨៥តោន ១៦៨,២៦គីឡូក្រាម។ សម្ភារៈចាប់យកមាន រថយន្ត ៦៧គ្រឿង, ម៉ូតូ ៦៨៦គ្រឿង, ទូរស័ព្ទ ២.៦៥៣គ្រឿង, ជញ្ជីង ១៨៩គ្រឿង, អាវុធខ្លី ១៦ដើម និងអាវុធវែង ២៣ដើម។ លុយខ្មែរ ២៣.៣១៩.២០០ រៀល, លុយអាមេរិក ៤៥.៩០៣ ដុល្លារ, លុយថៃ ៣៧.០៤០ បាត និងលុយចិន ៧០០ យាន់។ សម្អាតប្រាក់ ៤ករណី ឃាត់ ៣នាក់ (ស្រី ១នាក់)។ ឃាត់ទុកទ្រព្យសម្បត្តិ ១១កន្លែង (ខុនដូ ៤បន្ទប់, ដីឡូត៍ ៤កន្លែង, ផ្ទះនិងដី ៣កន្លែង)៕/V
រូបថតៈ មន្ទីរប្រឆាំងគ្រឿងញៀន