​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​អំពាវនាវ​កាលពី​ថ្ងៃ​សុក្រ ទី​០១ កក្កដា​ឱ្យ​ចាត់វិធានការ “​បន្ទាន់​”​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​អុត​ស្វា​​នៅក្នុង​ទ្វីប​អឺរ៉ុប ដោយ​កត់សម្គាល់ថា ករណី​ឆ្លង​បាន​កើនឡើង​បី​ដង​នៅ​ទីនោះ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លងមកនេះ​។​

​វេជ្ជបណ្ឌិត ហាន ហង់​រី គ្លូ​ជ (Hans Henri Kluge) នាយក WHO​ប្រចាំ​ទ្វីបអឺរ៉ុប​បាន​និយាយថា “​ថ្ងៃនេះ​ខ្ញុំ​សូម​ពង្រឹង​ការអំពាវនាវ​របស់​ខ្ញុំ​ឱ្យ​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​នានា​បង្កើន​កិច្ចខិតខំ​​ប្រឹងប្រែង​ក្នុង​ប៉ុន្មាន​សប្តាហ៍​និង​ខែ​ខាងមុខនេះ ដើម្បី​ទប់ស្កាត់​ជំងឺ​អុត​ស្វា​កុំឱ្យ​បង្កើត​ខ្លួន​វា​រឹងមាំ​នៅ​ទូទាំង​តំបន់​ភូមិសាស្ត្រ​ដែល​កំពុង​រីក​រាលដាល​ខ្លាំង​ឡើង​នេះ​”​។​

​លោក​បាន​បន្ថែមថា “​សកម្មភាព​បន្ទាន់​និង​ដែល​មាន​ការសម្របសម្រួល​គឺ​ចាំបាច់ ប្រសិនបើ​យើង​ចង់​បញ្ឈប់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​”​។​

​ទន្ទឹមនឹងនេះ ក្រសួង​សុខាភិបាល​និង​សេវា​មនុស្សជាតិ (HHS)​របស់​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​អាម៉េរិក​បាន​បញ្ជា​ទិញ​វ៉ាក់សាំង ២,៥ លាន​ដូស​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន Bavarian Nordic សម្រាប់​ប្រើ​ប្រឆាំង​នឹង​ជំងឺ​អុត​ស្វា​។​

​វ៉ាក់សាំង​នេះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​រួច​ហើយ​ទាំង​សម្រាប់​ជំងឺ​អុតស្វាយ​និង​ជំងឺ​អុត​ស្វា​នៅ​សហរដ្ឋ​អាម៉េរិក ដែល​គេ​ហៅ​វា​ថា វ៉ាក់សាំង Jynneos ។​

​រដ្ឋាភិបាល​អាម៉េរិក​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អុត​ស្វា ដោយ​បញ្ជូន​វ៉ាក់សាំង​រាប់សិប​ម៉ឺន​ដូ​ស​ទៅ​រដ្ឋ​នានា​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ ដោយ​ពង្រីក​លទ្ធភាព​ទទួលបាន​វ៉ាក់សាំង​សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​បំផុត និង​បង្កើន​ការផ្គត់ផ្គង់​ទៅកាន់​តំបន់​ដែល​មាន​ចំនួន​ករណី​ឆ្លង​ខ្ពស់​៕

​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​បាន​កើនឡើង​បី​ដង​នៅ​ទ្វីបអឺរ៉ុប​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​មកនេះ​