​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​កំពុង​ប្រមូលផ្តុំ​កងវរសេនាតូច​ថ្មី​ជាមួយ​នឹង​អ្នក​ចម្បាំង​ឆេច​ឈ្នី​ដ៏​គួរឱ្យខ្លាច​ដើម្បី​ប៉ុនប៉ង​វាយប្រហារ​ជាថ្មី​លើ​អ៊ុ​យក្រែន នេះ​បើ​យោង​តាម​អ្នក​ឃោសនា​របស់​វិមាន​ក្រឹម​ឡាំង​ដ៏​ល្បីល្បាញ​មួយរូប​។​

​ការអះអាង​យ៉ាង​ក្លាហាន​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកនិពន្ធ​ជនជាតិ​រុស្ស៊ី​-​ឆេច​ឈ្នី​និង​ជា​អ្នក​ឃោសនា​ដ៏​ល្បី ឈ្មោះថា ជើ​មែន សាឌូ​ឡាអេវ (German Sadulaev) នៅលើ​បណ្តាញ Telegram របស់គាត់ ដែល​បាន​និយាយថា កងវរសេនាតូច​ប្រដាប់អាវុធ​ធុន​ធ្ងន់​ថ្មី​ចំនួន​បួន​នឹង​ត្រូវ​បង្កើតឡើង​ដើម្បី​បើក​ការវាយលុក​ប្រឆាំងនឹង​អ៊ុ​យក្រែន​។​

​ទោះយ៉ាងណា ការអះអាង​អំពី​អង្គភាព​យោធា​ថ្មី​ដ៏​ខ្លាំងក្លា​បែបនេះ​នៅក្នុង​ជួរ​កងទ័ព​រុស្ស៊ី គឺ​ផ្ទុយ​ពី​របាយការណ៍​ថ្មី​ដែលថា កងកម្លាំង​របស់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កំពុងតែ “​ហោច​ទៅៗ​”​ដោយសារ​តែ​ទំហំ​នៃ​​ការបាត់បង់​ដែល​ពួកគេ​កំពុង​ទទួល​រង​នៅ​តំបន់​ដុន​បា​ស​។​

​មេៗ​យោធា​អង់គ្លេស​បាន​វាយតម្លៃថា ការចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​កម្លាំង​មនុស្ស​និង​សម្ភារៈ​ដោយ​កងទ័ព​រុស្ស៊ី​ក្នុងការ​ដណ្តើម​យក​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​សខ៍កាល​ពី​សប្តាហ៍​មុន បាន​ផ្តល់​ផល​ត្រឹមតែ “​ជោគជ័យ​យុទ្ធសាស្ត្រ​” ប៉ុណ្ណោះ​។​

​ព័ត៌មាន​ចារកម្ម​ថ្មី​ចុងក្រោយបង្អស់​របស់​ក្រសួង​ការពារជាតិ​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ​បាន​លើកឡើង​ថា “​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​កាន់តែ​ហោចទៅៗ​។ បច្ចុប្បន្ន​ពួកគេ​ទទួលយក​កម្រិត​នៃ​ប្រសិទ្ធភាព​​ប្រយុទ្ធ​ទាប​ជាង​មុន ដែល​ប្រហែល​មិន​មាន​និរន្តរភាព​ក្នុង​រយៈពេល​វែង​នោះ​ទេ​”៕

លោក ជើ​មែន សាឌូ​ឡាអេវ អះអាងថា កងវរសេនាតូច​ប្រដាប់អាវុធ​ធុន​ធ្ងន់​ថ្មី​ចំនួន​បួន​នឹង​ត្រូវ​បង្កើតឡើង​ដើម្បី​បើក​ការវាយលុក​ប្រឆាំងនឹង​អ៊ុ​យក្រែន​