ដោយៈ​សុផល​/ភ្នំពេញ​៖​វិទ្យាល័យ AUPP នា​ព្រឹក​ថ្ងៃទី​២ ខែកក្កដា​ឆ្នាំ​២០២២ បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​២០២២​ចំនួន​ពីរ គឺ​សញ្ញាបត្រ​ស្ដង់ដារ​សហរដ្ឋអាមេរិក​ពី​គ្រឹះស្ថានសិក្សា Foxcroft Academy និង​សញ្ញាបត្រ​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​លើកដំបូង​ជូន​ដល់​សិស្សានុ សិស្ស​របស់​ខ្លូន​។​

​សិស្សានុសិស្ស​ទាំងអស់​នៃ​វិទ្យាល័យ AUPP ទទួលបាន​សញ្ញាបត្រ​ដែ​ល​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​នៅពេល​បញ្ចប់​ការសិក្សា ដែល​អាច​ផ្ដល់ឱកាស​ទូលំទូលាយ​ក្នុង​ការបន្ដ​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ស្ទើរតែ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​។​

​សូមបញ្ជាក់ថា​៖​ក្នុងចំណោម​សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​នេះ មាន​៩០​ភាគរយ​បាន​បន្ត​ការសិក្សា​នៅ​ប្រទេស សហរដ្ឋអាមេរិក អូស្ត្រាលី ស្វី​ស នូ​វែ​ល​សេ​ឡង់ និង​ប្រទេស​ថៃ​។​

​សិស្ស​ឆ្នើម​ប្រចាំ​ជំនាន់​ឆ្នាំ​២០២២ យុវជន ហ៊ី ពុ​ទ្ធី​រតន៍ ត្រូវ​បានទទួល​រង្វាន់​ជា​សិស្ស​កិត្តិយស​ដែលមាន​លំដាប់​ពិន្ទុ GPA​ខ្ពស់បំផុត​ក្នុងចំណោម​សិស្សានុសិស្ស​ដែល​បញ្ចប់​ការសិក្សា​។ សមិទ្ធិផល​ដ៏​អស្ចារ្យ​របស់​សិស្សានុសិស្ស​គឺ​សម្រេចបាន​តាមរយៈ​ការខិតខំ​ប្រឹងប្រែង ការប្តេជ្ញាចិត្ត និង​សម្ថ​ត​ភាព​ក្នុងការ​សិក្សា​របស់​ពួកគេ ក៏ដូចជា​ការគាំទ្រ និង​ជំនួយ​ពី​លោកគ្រូ​អ្នកគ្រូ​របស់​ពួកគេ​។

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នេះលោក William E. Thomas នាយក​វិទ្យាល័យ AUPP​មានប្រសាសន៍ថា​៖“​ជាដំបូង​ខ្ញុំ​សូម​ស្នើឱ្យ​សិស្សានុសិស្ស​បញ្ចប់​ការសិក្សា​ទាំង​អស់​ចំណាយពេល​បន្តិច​នៅថ្ងៃនេះ ដើម្បី​ថ្លែងអំណរគុណ​ដល់​អ្នក​ដែល​បាន​គាំទ្រ​ក្មួយៗ​ដែលជា​ហេតុនាំឱ្យ​ក្មួយ​អាចមាន​ថ្ងៃនេះ​។​មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​សំណាង​ក្នុងការ​ទទួលបាន​នូវ​ឱកាស​ដែល​ក្មួយៗ​បានទទួល​នោះទេ​។ ក្មួយៗ​គឺ​តំណាងឱ្យ​អ្នកដឹកនាំ​ជំនាន់​ក្រោយ ហើយ​ភាពជា​អ្នកដឹកនាំ​នឹង​នាំមក​នូវ​ទំនួល​ខុស​ត្រូវ​ដល់​ក្មួយៗ​”​។​

​វិទ្យាល័យ​AUPP​គឺជា​វិទ្យាល័យ​ឯកជន​អន្តរជាតិ​មួយ​ដែល​ផ្ដល់ជូន​នូវ​កម្មវិធីសិក្សា​ពេញ​ម៉ោង​ពី​ថ្នាក់​ទី​៩​ដល់​ថ្នាក់​ទី​១២​ ។ ​កម្មវិធីសិក្សា​របស់​វិទ្យាល័យ AUPP ក៏បាន​បញ្ចូល​​ទ្រឹស្ដី STEAM ដែលមាន​មុខវិជ្ជា​គោល​សំខាន់ៗ​ដូចជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង​គណិតវិទ្យា​។

 

​គ្រឹះស្ថានសិក្សា Foxcroft Academy ដែលជា​ដៃគូ​របស់​វិទ្យាល័យ​AUPP​ត្រូវបាន​បង្កើត​ឡើងជា​គ្រឹះស្ថាន​មធ្យមសិក្សា​ឯកជន​នៅ​ថ្ងៃទី ៣០ ខែមករា ឆ្នាំ​១៨២៣ និង​ជា​វិទ្យាល័យ​ដំបូង​គេ​ដែល​ត្រូវបាន​ទទួលស្គាល់​បន្ទាប់​ពីរ​ដ្ឋ​Maine​ក្លាយជា​រដ្ឋ​ផ្លូវការ​របស់​សហរដ្ឋអាមេរិក​។ គ្រឹះស្ថានសិក្សា Foxcroft Academy​ជា​គ្រឹះស្ថាន​មធ្យមសិក្សា​ឯកជន​មាន​អាយុកាល​ជាង​២០០​ឆ្នាំ​ដែល​ផ្ដោតលើ​ការអប់រំ​ជា​និរន្ដរភាព​។

វិទ្យាល័យ AUPP ស្ថិតនៅ​អគារ​លេខ​២៧៨H ផ្លូវ​២០១R ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​៕ Ph