ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ សកម្មភាពផលិតកម្មរបស់អាស៊ីបានជាប់គាំងក្នុងខែមិថុនាដោយសារក្រុមហ៊ុនជាច្រើនបានរងការវាយប្រហារដោយការរំខានការផ្គត់ផ្គង់ដែលបណ្តាលមកពីការបិទខ្ទប់ទប់ស្កាត់កូវីដ១៩ដ៏តឹងរ៉ឹងនៅចិន។
ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងគំហ៊ុកនៅអឺរ៉ុបនិងសហរដ្ឋអាម៉េរិកក៏បានពង្រឹងដល់ការបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកផងដែរ។
ការស្ទាបស្ទង់មួយចំនួនកាលពីថ្ងៃសុក្រទី០១កក្កដាបានបង្ហាញសកម្មភាពរោងចក្ររបស់ចិនកើនឡើងយ៉ាងខ្លាំងក្នុងខែមិថុនា ខណៈធ្លាក់ចុះនៅក្នុងប្រទេសជប៉ុននិងកូរ៉េខាងត្បូងក៏ដូចជាការធ្លាក់ចុះនៅតៃវ៉ាន់បានបង្ហាញពីភាពតានតឹងពីការរំខានការផ្គត់ផ្គង់ ការកើនឡើងថ្លៃដើម និងកង្វះខាតវត្ថុធាតុដើមជាបន្ត។
ការស្ទាប់ស្ទង់របស់ឯកជនមួយបានបង្ហាញថា សកម្មភាពផលិតកម្មរបស់ចិនបានពង្រីកយ៉ាងលឿនបំផុតក្នុងរយៈពេល ១៣ ខែនៅក្នុងខែមិថុនាខណៈការដកចេញការបិទខ្ទប់ទប់ស្កាត់កូវីដបានធ្វើឱ្យរោងចក្រនានាប្រឹងប្រែងដើម្បីបំពេញតម្រូវការដ៏រឹងមាំ។
ការដកចេញវិញនូវការបិទខ្ទប់របស់ចិនអាចបន្ធូរបន្ថយខ្សែសង្វាក់ផ្គត់ផ្គង់និងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តនិងក្រុមហ៊ុនផលិតផ្សេងទៀតអាចបន្តប្រតិបត្តិការឡើងវិញបន្ទាប់ពីទទួលរងការរំខានយ៉ាងធ្ងន់ធ្ងរ។
ទោះយ៉ាងណា អ្នកវិភាគមួយចំនួនបានព្រមានអំពីបញ្ហាប្រឈមថ្មីៗ ដូចជាការបារម្ភរបស់ទីផ្សារខ្លាំងឡើងថាការដំឡើងអត្រាការប្រាក់ដ៏ខ្ពស់របស់សហរដ្ឋអាម៉េរិកដើម្បីកាត់បន្ថយអតិផរណាដែលកើនឡើងខ្លាំង នឹងរុញប្រទេសនេះឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ហើយវានឹងប៉ះពាល់ដល់តម្រូវការជាសកលទាំងមូល។
ការរឹតបន្តឹងគោលនយោបាយនៅទូទាំងបណ្តាសេដ្ឋកិច្ចផ្សេងទៀតជាច្រើនចំពេលមានសម្ពាធតម្លៃទំនិញប្រើប្រាស់យ៉ាងខ្លាំងនោះបានបង្កឱ្យមានការបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកយ៉ាងគំហ៊ុក និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើក្នុងប៉ុន្មានខែថ្មីៗនេះ។
លោក យ៉ូស៊ីគី ស៊ីនកេ (Yoshiki Shinke) ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវជីវិតដាយអ៊ីឈី (Dai-ichi) របស់ជប៉ុន បាននិយាយថា”មានក្តីសង្ឃឹមថាសេដ្ឋកិច្ចរបស់ចិននឹងកើនឡើងបន្ទាប់ពីការចុះខ្សោយមួយរយៈ។ ប៉ុន្តែឥឡូវនេះមានហានិភ័យនៃការធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកនិងអឺរ៉ុប។ វានឹងមានការប្រកួតប្រជែងរវាងសេដ្ឋកិច្ចទាំងពីរប៉ុន្តែមានភាពមិនច្បាស់លាស់ច្រើនណាស់លើទស្សនវិស័យសេដ្ឋកិច្ចសកល”៕
កង់មួយជិះកាត់រោងចក្រនៅភាគខាងត្បូងក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០១៦