ដោយៈសុផល/សៀមរាប៖លោក ចៅ សុភៈភិបាល អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់និងជានាយកគម្រោង MPWT/WaSSIP/CMU-2 ថ្មីៗនេះ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការងារស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ (MPWT-CW4) ក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីក្រុមហ៊ុនទទួលបន្ទុកការសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានវាយតម្លៃលើវឌ្ឍនភាពការងាររបស់ក្រុមហ៊ុនដែលកំពុងសាងសង់ស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាបដើម្បីធានាដល់ការសម្រេចបាននូវប្រសិទ្ធភាពការងារប្រកបដោយទំនួលខុសត្រូវ សមស្របទៅតាមកិច្ចសន្យា។
ជាលទ្ធផល គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២ គម្រោងស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្ម ទឹកកខ្វក់(MPWT-CW4) នៅក្នុងក្រុងសៀមរាបសម្រេចបានជាង២៣%ហើយ ដោយទទួលបានការសាទរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។
ជាមួយគ្នានោះផងដែរក្រុមការងារបច្ចេកទេសបានចុះពិនិត្យស្ថានភាពទីតាំងស្ថានីយ៍បូមថ្មីចំនួន០២កន្លែងដោយផ្តោតលើលក្ខណៈបច្ចេកទេសដើម្បីឈានដល់ការសិក្សាលម្អិតលើផ្នែកផ្សេងៗនិងបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទទួលបន្ទុកការសាងសង់ខ្សែផ្លូវដែលត្រូវដាក់បណ្តាញលូខ្នែង លូខ្នែងរង (MPWT-CW1A) ដើម្បីពន្លឿនឯកសារពាក់ព័ន្ធ ការងារធនធានមនុស្ស សម្ភារៈ និងគ្រឿងចក្រ ដើម្បីដាក់ជូនទីប្រឹក្សាគម្រោង (Consultant) ពិនិត្យសម្រេច មុនចាប់ផ្តើមអនុវត្តគម្រោង តាមផែនការ ដែលបានគ្រោងទុក៕Ph