ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ប្រាសាទនាគបួស ឬ​អ្នកបួស ត្រូវបាន​គេ​ដឹងថា គឺជា​ទី​បុ​រណដ្ឋាន​មួយកន្លែង​ដែលមាន​ឈ្មោះ​ដើម​ថា ច័ន្ទ​ន​គិរី មាន​ទីតាំង​នៅលើ​កូនភ្នំ​ជិត​ទៅនឹង​ជើងភ្នំ​ដងរែក​។

​ប្រាសាទ​នេះ​ត្រូវបាន​បុព្វបុរស​ខ្មែរ​កសាងឡើង​បែ​មុខ​ទៅ​ទិស​ខាងត្បូង ដែលមាន​ជណ្ដើរ​ឡើង​១១​កាំ ទទឹង​ប្រហែល ១០០​ម៉ែត្រ បណ្ដោយ​ប្រហែល ៣០០​ម៉ែត្រ​។​

​ប្រាសាទ​នេះ​គឺជា​ក្រុម​ប្រាសាទ មាន​ប៉ម​តូចៗ ចំនួន​៨ នឹង​ប្រាង្គ​ខ្ពស់​មួយ ហើយ​មាន​ប្រាសាទ​នៅ​ខាងក្រៅ​កំពែង​ផ្សេងទៀត​ផងដែរ​។ ប្រាសាទ​នេះ​សាងសង់​អំពី ឥដ្ឋ ថ្មបាយក្រៀម និង​ថ្មភក់ ដែល​បាន​សាងសង់​ចាប់ពី​សតវត្ស​ទី​៧ ដល់​សតវត្ស​ទី​១១ នៃ​គ​.​ស ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញសាសនា និង​វា​គឺជា​កន្លែង​មូលដ្ឋាន​សហគមន៍​មួយ​នៅ​សម័យ​បុ​រេ​អង្គរ ប្រាសាទ​នេះ​មាន​សិលាចារឹក​ចំនួន​៩​ផ្ទាំង​។​

​ប្រាសាទនាគបួស មាន​ចម្ងាយ​ប្រហែល ៦០​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ​ព្រះវិហារ ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ ៦៤ និង​កាត់​តាមផ្លូវ​ភូមិ​ពោធិ ឆ្ពោះទៅកាន់​ស្រុក​ជាំ​ក្សាន្ដ​៕​