​ប្រែ​សម្រួលៈ​បំណង​(ST)៖ ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន​បួន​កាលពី​ថ្ងៃ​សុក្រ​ទី​០១​កក្កដា បាន​និយាយថា​ពួកគេ​នឹង​ទិញ​យន្តហោះ​សរុប​២៩២​គ្រឿង​ពី​ក្រុមហ៊ុន​អ៊ែរ​ប៊ូ​ស​(Airbus)​ក្នុង​តំលៃ​៣៧​ពាន់​​លាន​ដុល្លារ​នៅពេល​ឧស្សាហកម្ម​អាកាសចរណ៍​កំពុង​រើប​រើ​ឡើង​វិញ​នៅ​ក្រោយ​ការផ្ទុះ​ជំងឺឆ្លង​។​

​ការបញ្ជា​ទិញ​នេះ​កើត​ឡើង​ក្រោយ​ឆ្នាំ​ដ៏​កាក់កប​របស់​Airbusដោយនៅ​ឆ្នាំ​២០២១​ក្រុមហ៊ុន​រក​ប្រាក់​ចំណេញ​ច្រើន​បំផុត​ក្រោយ​ការធ្លាក់​ចុះ​អស់ពីរ​ឆ្នាំ ដោយ​អនុញ្ញាត​អោយ​ក្រុមហ៊ុន​កាន់តែ​មាន​កម្លាំង​​វ៉ា​ដាច់​ក្រុមហ៊ុន​គូប្រជែង​បូ​អ៊ីង​(Boeing)​របស់​អាម៉េរិក​។​

​ក្រុមហ៊ុន​អាកាសចរណ៍​China Eastern​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​យល់ព្រម​ទិញ​យន្តហោះ​អ៊ែរ​ប៊ូ​ស​ម៉ូ​ដែល​A320neo​ចំនួន​១០០​គ្រឿង និង​ក្រុមហ៊ុន​China Southern​ទិញ​ម៉ូ​ដែល​​ដដែល​ចំនួន​៩៦​គ្រឿង ។​Air China​និង​ក្រុមហ៊ុន​រង​របស់​វា​Shenzhen Airlines​ក៏បញ្ជា​ទិញ A320neo​​៩៦​គ្រឿង​ផងដែរ។​

​ក្រុមហ៊ុន​Airbus​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា កិច្ចព្រមព្រៀង​ទាំងនេះ​បានបង្ហាញ​«​សម្ទុះ​រើប​រើ​វិជ្ជមាន និង​ទស្សនវិស័យ​ល្អ​សំរាប់​ទីផ្សារ​អាកាសចរណ៍​ចិន​។​វា​បាន​បញ្ចប់​​កិច្ច​ពិភាក្សា​ដ៏​ពិស្តារ​និង​យូរ​ដែល​បាន​កើតឡើង​ក្នុងអំឡុង​ពិភពលោក​ផ្ទុះ​កូវី​ដ​១៩»​។​

​សូមបញ្ជាក់​ថា កេរ្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន​Boeing​នៅ​ចិន​ ដែល​ជា​ទីផ្សារ​អាកាសចរណ៍​ធំ​បំផុត​ក្នុង​លោក​បាន​រងគ្រោះ​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយសារ​តែ​យន្តហោះ​ម៉ូ​ដែល​737 Max​របស់​វា​ត្រូវ​​បញ្ឈរ​ទុកចោល​មិន​ដំណើរការ​ក្រោយ​ឧបទ្ទវហេតុ​ធ្លាក់​សម្លាប់​មនុស្ស​នៅ​ឆ្នាំ​២០១៩​។​

​កាលពី​ខែ​មីនា​ឆ្នាំ​មុន យន្តហោះ Boeing 737-800​មួយ​បាន​ធ្លាក់​នៅក្នុង​ខេត្ត​ហ្កាងស៊ី ដោយ​សម្លាប់​មនុស្ស​១៣២​នាក់ រីឯ​មូលហេតុ​នៅ​ជា​អាថ៌កំបាំង​មក​ទល់​សព្វថ្ងៃ​៕

Airbus​បាន​និយាយថា កិច្ចព្រមព្រៀង​ទាំងនេះ​បានបង្ហាញ​«​សម្ទុះ​រើប​រើ​វិជ្ជមាន និង​ទស្សនវិស័យ​ល្អ​សំរាប់​ទីផ្សារ​អាកាសចរណ៍​ចិន​»