ប្រែសម្រួលៈបំណង(CNA)៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រទី០១កក្កដាថា អតិផរណារបស់ប្រទេសស្រីលង្កាឡើងដល់កំរិតខ្ពស់បំផុតជាប់ៗគ្នាលើកទីប្រាំបួននៅខែមិថុនា គឺឡើងដល់៥៤ភាគរយនៅមួយថ្ងៃក្រោយអង្គការIMFបានស្នើសុំប្រជាជាតិក្ស័យធនមួយនេះទប់ថ្លៃទំនិញដែលឡើងកប់ពពកនិងបំបាត់អំពើពុករលួយ។
វាជាលើកដំបូងដែលកំណើននៅក្នុងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ក្រុងកូឡុំបូ(CCPI)ឡើងហួស៥០ភាគរយ នេះបើតាមនាយកដ្ឋានជំរឿននិងស្ថិតិ។
ការបញ្ចេញតួលេខនេះកើតឡើងតែប៉ុន្មានម៉ោងក្រោយអង្គការរូបិយវត្ថុអន្តរជាតិIMFបានទទូចសុំអោយស្រីលង្កាទប់កុំអោយអតិផរណាឡើងកប់ពពកនិងដោះស្រាយអំពើពុករលួយ ជាផ្នែកនៃកិច្ចខិតខំរបស់ខ្លួនដើម្បីសង្គ្រោះសេដ្ឋកិច្ចប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ។
IMFបានបញ្ចប់ការពិភាក្សាផ្ទាល់ចំនួនដប់ថ្ងៃជាមួយអាជ្ញាធរស្រីលង្ការនៅកូឡុំបូកាលពីថ្ងៃព្រហស្បតិ៍ក្រោយរដ្ឋាភិបាលទីក្រុងកូឡុំបូស្នើសុំអោយជួយសង្គ្រោះ។
សូមបញ្ជាក់ថាសន្ទស្សន៍ CCPIនេះបានចេញកំរិតអតិផរណាឡើងដល់កំពូលប្រចាំខែថ្មីៗជាប់ចាប់តាំងពីខែតុលាឆ្នាំមុន ដែលពេលនោះវាមានកំរឹតត្រឹម៧,៦ភាគរយប៉ុណ្ណោះ។នៅខែឧសភាឆ្នាំនេះCCPIបានស្ទុះឡើងដល់៣៩,១ភាគរយ។
ប្រាក់រូពី(rupee)របស់ជាតិនៅឆ្នាំនេះ បានបាត់បង់តំលៃជាងពាក់កណ្តាលធៀបនឹងប្រាក់ដុល្លារអាម៉េរិកខណៈអ្នកសេដ្ឋកិច្ចខ្លះបាននិយាយថា ថ្លៃទំនិញប្រើប្រាស់ឡើងលឿនជាងលទ្ធភាពដែលអ្នកជំនាញអាចកត់ត្រានៅក្នុងស្ថិតិផ្លូវការទៅទៀត។
យោងតាមអ្នកសេដ្ឋកិច្ចម្នាក់នៅសកលវិទ្យាល័យចន ហប់ឃីនស៍( Johns Hopkins)លោក ស្ទេវ ហាន់កេ(Steve Hanke)ដែលតាមដានកន្លែងមានបញ្ហានៅក្នុងលោក អតិផរណារបស់ស្រីលង្កាមានកំរិតដល់ទៅ១២៨ភាគរយ គឺនៅក្រោយតែប្រទេសហ្ស៊ីមបាវ៉េតែមួយគត់ ដែលមានអតិផរណា៣៦៥ភាគរយ។
ប្រឈមនឹងកង្វះថាមពលយ៉ាងអត្តខាត់ ស្រីលង្កាកំពុងបិទស្ថាប័នរដ្ឋមិនចាំបាច់សំរាប់ពេលកន្លះខែ ជាមួយនឹងការបិទសាលារៀនដើម្បីកាត់បន្ថយការធ្វើដំណើរ។
ប្រទេសដែលមានប្រជាជន២២លាននាក់នេះកំពុងជួបការខ្វះខាតទំនិញចាំបាច់ជាខ្លាំង រួមមានស្បៀង ប្រេងឥន្ធនៈនិងថ្នាំពេទ្យ ។ការតវ៉ាប្រឆាំងនៅតែបន្តនៅក្រៅការិយាល័យប្រធានាធិបតីដើម្បីទាមទារអោយលោកចុះចេញពីតំណែងដោយសារតែដឹកនាំប្រទេសមិនបានល្អ។
បញ្ជាក់ថា ស្រីលង្កាបានងាកទៅរកអោយIMFជួយកាលពីខែមេសា ក្រោយប្រទេសប្រកាសថាលែងមានលទ្ធភាពសងបំណុលបរទេស៥១ពាន់លានដុល្លារ៕
ប្រទេសដែលមានប្រជាជន២២លាននាក់នេះកំពុងជួបការខ្វះខាតទំនិញចាំបាច់ជាខ្លាំង រួមមានស្បៀង ប្រេងឥន្ធនៈនិងថ្នាំពេទ្យ