​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា និង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដោយ​លោក ឯក​ផាប់ ផាន់​ថាវ​ង្ស អគ្គលេខាធិការរង​អាស៊ាន ទទួលបន្ទុក​សហគម​ន៍ សង្គម​-​វប្បធម៌​អាស៊ាន បាន​ជួបពិភាក្សា​ការងារ ជាមួយ​តំណាង​គណបក្សនយោបាយ ចំនួន​៧ នៅ​មី​យ៉ាន់​ម៉ា កាលពី​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២២​។ នៅក្នុង​ជំនួប​ពិភាក្សា​នេះ ភាគី​ទាំងពីរ បាន​ផ្តោតលើ​បញ្ហាសំខាន់​ជាច្រើន​។ នេះ​បើតាម​ការបញ្ជាក់​របស់ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​រសៀល​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២២​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បានបញ្ជាក់​ថាៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​តំណាង គណបក្សនយោបាយ ចំនួន​៧ បាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ លើ​បញ្ហាសំខាន់​ជាច្រើន រួមទាំងៈ (១) ស្ថានភាព​នយោបាយ និង​មនុស្សធម៌​ជាក់ស្តែង នៅតាម​រដ្ឋ និង​តំបន់​ដែល​គណបក្ស នយោបាយ​នីមួយៗ មាន​សកម្មភាព​នយោបាយ (២) វឌ្ឍនភាព​ការងារ និង​ការចូលរួម ចំណែក​របស់​គណបក្ស​នយោបាយ​ទាំង​៧ នៅក្នុង​កិច្ចព្រមព្រៀង បទ​ឈប់​បាញ់​ថ្នាក់ជាតិ (NCA) (៣) វិធី​ក្នុងការ​បន្ធូរបន្ថយ​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា និង​ការជំរុញ​ដំណើរការ សន្តិភាព និង (៤) តួនាទី​របស់​ប្រេសិត​ពិសេស ក្នុងការ​រួមចំណែក ក្នុងការ​ដោះស្រាយ​វិបត្តិ នៅ​មី​យ៉ាន់​ម៉ា ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរ​ដោយ​លោក ឯក​ផាប់ ផាន់​ថាវ​ង្ស អគ្គលេខាធិការរង​អាស៊ាន ទទួលបន្ទុក សហគមន៍ សង្គម​-​វប្បធម៌​អាស៊ាន បាន​ជួបពិភាក្សា​កា​ងារ ជាមួយ​តំណាង​អង្គការ​ប្រដាប់អាវុធ ជនជាតិភាគតិច ចំនួន ៧ ដែល​បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង បទ​ឈប់​បាញ់​ជាមួយ ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC)​។​

​កិច្ចប្រជុំ បាន​ផ្លាស់ប្តូរ​ទស្សនៈ លើ​ស្ថានភាព​នយោបាយ នៅក្នុង​ប្រទេស ជាពិសេស​លើ​វិធី ដែល​មី​យ៉ាន់​ម៉ា អាច​ជំរុញ​ការចរចា​សន្តិភាព ទៅមុខ ដើម្បី​ជា​ប្រយោជន៍ ដល់​ប្រជាជន ទាំងអស់ នៅក្នុង​ប្រទេស​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិត​ពិសេស នៃ​ប្រធាន​អាស៊ាន ក៏បាន​ឆ្លៀតឱកាស ពន្យល់​អំពី​ការអនុវត្ត ដ៏​ជោគជ័យ នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ផ្តួចផ្តើម​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​នាំ​កម្ពុជា ឲ្យ​ទទួលបាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដូច​សព្វថ្ងៃ​។​

​ជាមួយគ្នានេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ជួបពិភាក្សា​ការងារ ជាមួយ​លោក យ៉ា ព្យេ ប្រធាន​គណៈកម្មាធិការ សាមគ្គីភាព​ជាតិ និង​ការបង្កើត​សន្តិភាព (NSPNC) និង​ជួប​ដាច់ដោយឡែក​ជាមួយ តំណាង​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច ចំនួន ៧ ដែល​បាន​ចុះហត្ថលេខា កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ជាមួយ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC)​។

​នៅក្នុង​ជំនួប​ពិភាក្សា រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា ជាមួយ​លោក យ៉ា ព្យេ ប្រធាន​គណៈកម្មាធិការ សាមគ្គីភាព​ជាតិ និង​ការបង្កើត​សន្តិភាព (NSPNC) បាន​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ រួមមានៈ (១) វឌ្ឍនភាព​ការងារ និង​ការចូលរួមចំណែក របស់​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច (EAOs) ក្នុង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ថ្នាក់ជាតិ (NCA) (២) ការចែករំលែក​នូវ​បទពិសោធន៍ របស់​កម្ពុជា ក្នុង​ដំណើរ​អនុវត្ត​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង (៣) តួនាទី​របស់​គណៈកម្មាធិកា​រ​សាមគ្គីភាព​ជាតិ និង​ការបង្កើត​សន្តិភាព (NSPNC) ក្នុង​ដំណើរការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌ និង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាជន​មី​យ៉ាន់​ម៉ា នៅ​តំបន់​ដែល​ពិបាក​ទៅដល់​៕/V​