ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អនុប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ​ខេត្តស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាសហែក ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​មូលដ្ឋាន ត្រូវ​រួមគ្នា​ចូលរួម​ថែរក្សា​សមិទ្ធផល​នានា ដែលមាន​រួចហើយ នាពេលនេះ ទុក​ដើម្បី​ប្រើប្រាស់ បានយូរ​អង្វែង ។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​អំពាវនាវ​ដូច្នេះ ក្នុងឱកាស​ដែល​លោក បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារ​សាលាបឋមសិក្សា ទីចាត់ការ ម​ត្តេ​យ្យ​សិក្សា​វត្ត​ដូង និង​សមិទ្ធផល​នានា ស្ថិតក្នុង​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​មានប្រសាសន៍ថាៈ សព្វថ្ងៃនេះ ប្រទេស​យើង មាន​សុខសន្តិភាព ហើយ​យើង​ក៏​កុំ​ភ្លេច​ថែរក្សា​សុខភាព​របស់​យើង ពីព្រោះថា សុខភាព គឺជា​បញ្ហា​ចំបង​របស់​មនុស្ស​គ្រប់គ្នា មាន​សុខ​ភាពល្អ ហើយ​ក្នុងនាម​យើង ជា​ប្រជាពលរដ្ឋ ត្រូវការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ចូលរួម​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា គឺ​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ហើយ​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការដាំដុះ ធ្វើស្រែ​ចំការ ចិញ្ចឹមសត្វ ជា​លក្ខណៈ​គ្រួសារ​បន្ថែមទៀត​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ថែមទៀតថាៈ ពិធី​នេះ បាន​ប្រព្រឹត្តឡើង ក្នុង​សភាពការណ៍ ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាន​ងើប​ឡើងវិញ ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​រយៈពេល ២​ឆ្នាំ នៃ​ការឆ្លង​រាតត្បាត នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ហើយ​កំពុង​សម្រេចបាន​សមិទ្ធ​ផល​ថ្មីៗ ជាច្រើន​ទៀត ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ក្នុង​សភាពការណ៍ ដែល​ទូទាំងប្រទេស កំពុង​អបអរសាទរ យ៉ាង​ក្លៀវក្លា ចំពោះ​ជោគជ័យ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥ ខែមិថុនា កន្លងទៅ​។ គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំងមូល ការពារ​ដាច់ខាត នូវ​សន្តិភាព ស្ថិរភាព នយោបាយ និង​សន្តិសុខ​របស់​ជាតិ ដែលជា​ល័ក្ខខ័ណ្ឌ ជា​សារវន្ត ដើម្បី​ធានា​នូវ ជីវភាព​ដ៏​សុខសាន្ត​របស់ ប្រជាជន​ប្រកបដោយ​សេរីភាព កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកបដោយ​ចីរភាព មិនឱ្យ​អនុភាព​ប្រតិកិរិយា ណា ទោះបីជា​អ​សិរ​ពិស យ៉ាងណាក៏ដោយ មក​បំផ្លាញ​បានឡើយ​។ ជាមួយគ្នានេះ យើង​បន្ត​ចូលរួម​យ៉ាងសកម្ម ដើម្បី​បុព្វហេតុ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការប្រយុទ្ធប្រឆាំង នឹង​បញ្ហា​ប្រឈម​នានា​របស់​តំបន់ និង​ពិភពលោក​។

​លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក បាន​ឲ្យ​ដឹងថាៈ នាពេល​កន្លងមក ក្រុមការងារ ចុះ​មូលដ្ឋាន​ឃុំ​ដូង បាន​ចូលរួម​កសាង​នូវ​សមិទ្ធផល​ជាច្រើន ដោយឡែក​សមិទ្ធផល​ប​ន្ថែ​ម ថ្មីៗ​ទៀត រួមមាន​បង្គោល​ភ្លើង​សូ​ឡា ចំនួន​៧២​ដើម សាងសង់​ទីចាត់ការ សាលាបឋមសិក្សា វត្ត​ដូង​១​ខ្នង សាងសង់​ថ្នាក់​ម​ត្តេ​យ្យ​មួយ​ខ្នង នៅ​សាលាបឋមសិក្សា​វត្ត​ដូង រួម​នឹង​ការបំពាក់ គ្រឿង​សង្ហា​រឹម ក្រុមហ៊ុន​សុ​ី​ប៊ី​សុ​ី ជួយឧបត្ថម្ភ​អគារសិក្សា​មួយ​ខ្នង នៅ​សាលាបឋមសិក្សា​វត្ត​ដូង និង​សំភា​រម​ត្តេ​យ្យ​សិក្សា រួម​នឹង​ការជួសជុល​លាបថ្នាំ​អគារ​១​ខ្នង ជួសជុល​បង្គន់​អនាម័យ មួយ​ខ្នង​ផងដែរ ។
​ក្រៅពីនេះ នៅមាន​សមិទ្ធផល​ជាច្រើន​ទៀត ដែល​បាន​សាងសង់ និង​បាន​ចំណាយ​ថវិកា អស់យ៉ាង​ច្រើនសន្ធឹក​សន្ធាប់ ហើយ​ថវិកា​ទាំងនោះ គឺ​បានមកពី​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ដូង ព្រមទាំង​សប្បុរសជន​នានា​៕/V