ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ​: នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២២ លោក ឈឹម ច័ន្ទ​កុសល តំណាង​លោក​បណ្ឌិត ជា ចាន់តូ និង​លោកស្រី ខៀវ ស៊ីណា ទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា លោក សាយ គឹម​ឡ​ម អភិបាលស្រុក​ស្ទោង និង​សហការី បាន​ដង្ហែ​ទៀន​ព្រះវស្សា មក​វេរ​ប្រគេន​ព្រះសង្ឃ​ទាំង ៤៧ វត្ត ក្នុងស្រុក​ស្ទោង ដែល​ត្រៀមចាំ​គង់​ព្រះវស្សា​ត្រីមាស ចាប់ពី​ថ្ងៃ​១៤ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​វត្ត​ទាំង ៤៧ ក្នុងស្រុក​ស្ទោង គឺ​ក្នុង​មួយ​វត្តៗ ទទួលបាន​នូវ ទៀន​ព្រះវស្សា​មួយគូ បច្ច័យ ២២០.០០០ រៀល អង្ករ ១០០ គ​.​ក គ្រឿង​ទេយ្យទាន និង​ឧបភោគបរិភោគ មួយចំនួនធំ​ទៀត​។​

​លោក ឈឹម ច័ន្ទ​កុសល បានលើកឡើង​ថាៈ ការ​ដង្ហែ​ទៀន​ព្រះវស្សា​របស់លោក​បណ្ឌិត ជា ចាន់តូ ព្រមទាំង​ក្រុមគ្រួសារ នៅពេលនេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​ប​ស់លោក ក្នុង​ការបូជា​ព្រះពុទ្ធសាសនា ក្នុងនាម​ពុទ្ធសាសនា​ដ៏​ឆ្នើម ក៏ដូចជា ការ​សន្សំ​បុញ្ញនិធិ សម្រាប់​ជាតិ​នេះ និង​អនាគតជាតិ ដ៏​វែងឆ្ងាយ​ផង​។ នេះ​ជាកា​ផ្សារភ្ជាប់​រវាង​ពុទ្ធចក្រ​និង​អាណាចក្រ ជាការ​ចូលរួម​សាមគ្គី ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធ​សា​និក ក្នុង​មូលដ្ឋាន​ទាំងមូល​។​

​ជាមួយនេះដែរ លោក សាយ គឹម​ឡ​ម បាន​និមន្ត និង​សំណូមពរ​ដល់​ព្រះសង្ឃ ប្រជាពលរដ្ឋ គ្រប់ៗ​គ្នា នៅក្នុង​ស្រុក​ស្ទោង ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឲ្យ​បាន​គ្រប់ៗ​គ្នា នៅតាម​មណ្ឌល សុខភាព ដែល​នៅ​ជិត​ផ្ទះ​របស់ខ្លួន ដើម្បី​បញ្ចប់​វិនាសកម្ម​កូ​វីដ​-១៩ ឲ្យ​ខាន​តែ​បាន​៕/V​