​ដោយៈ បូកគោ / កំពត​: សមត្ថកិច្ច​ខេត្តកំពត បានទទួល​ជន​ត្រូវ​ចោទ ពីរ​នាក់ ដែល​ប្រគល់ជូន​ដោយ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រួច​បញ្ជូនទៅ​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​បន្ត​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្ត ក្រោម​បទ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទិ៍​។​

​លោក​វរសេនីយ៍ឯក លក ញ៉ា​វ ស្នងការរង​ទទួល​ផែនការ​ងារ នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថាៈ ជន​ត្រូវ​ចោទ​ទាំង ពីរ​នាក់ រួមមាន ១.​ឈ្មោះ ស៊ូ វណ្ណា​រី ភេទ​ប្រុស អាយុ ៦៩​ឆ្នាំ ជា​យោធា មាន​ទីលំនៅ ភូមិ​តេ​ជោ​អន្លង់​ក្មេង​លេង ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត​។ ២. ឈ្មោះ មុត សុខ​គឹម ភេទ​ស្រី អាយុ ៥៩​ឆ្នាំ កសិករ មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក​ស្នងការរង បាន​រំលឹកថាៈ ជន​ត្រូវ​ចោទ​ទាំង ពីរ​នាក់ ត្រូវ​សាលាឧទ្ធរណ៍​ព្រះសីហនុ ចេញ​ដីកា ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ បង្គាប់​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ដាក់ ពន្ធនាគារ ខេត្តកំពត​។ ការសម្រេច​បែបនេះ បន្ទាប់ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទី​១​នៃ​សភា​ស៊ើបសួរ សាលាឧទ្ធរណ៍ ព្រះសីហនុ រកឃើញថា អ្នក​ទាំង​ពីរបាន​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រ​ពឹ​ត្ត​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត កាលពី​អំឡុង​ឆ្នាំ​២០១៨ និង​បន្ត​ជា​ហូរហែ​មក​។
​លោក​វរសេនីយ៍ឯក បានបញ្ជាក់​ថាៈ ជាមួយនឹង​ការសម្រេច​បែបនេះ តុលាការ​កំពូល ក៏បាន​តម្កល់​សាលដីកា របស់​សភា​ស៊ើបសួរ សាលាឧទ្ធរណ៍​ព្រះសីហនុ ទុកជាបានការ ដដែល​។ ម្ល៉ោះហើយ ទើប​អគ្គព្រះរាជអាជ្ញា អម​តុលាការ​កំពូល ចេញ​ដីការ ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២ បង្គាប់​មក អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ឈ្មោះ​ស៊ូ វណ្ណា​រី និង​ឈ្មោះ មុត​សុខ​គឹម មក​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពត ដោយ​បញ្ជាក់ថា ភ្នាក់ងារ​នៃ​កងកម្លាំង សាធារណៈ​ទាំងអស់ ត្រូវ​សហការ​អនុវត្ត ឲ្យ​បានសម្រេច នៅពេល​ដីកា​នេះ បានបង្ហាញ​ក្នុង ករណី​ចាំបាច់​។​

​លោក លក ញ៉ា​វ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថាៈ ផ្អែក​តាម​អំណាច​ដីកា​តុលាការ​កំពូល នា​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​នៃ​អគ្គនាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោម​កិច្ចសម្របសម្រួល ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ក៏បាន​ស្រាវជ្រាវ រួច​ចុះ​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ ទាំងពីរ​នាក់ ស្ថិតនៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួច​បញ្ជូនមក​ខេត្តកំពត តែម្តង​៕/V​