ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកចំនួន ៤រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយតាម រយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារបានឱ្យដឹងថា គិតមកដល់ពេលនេះ មានអតីតបុគ្គលិកសរុបចំនួន ២០៥រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការ ទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រម ទទួលយកសំណងនៅសល់ត្រឹម ១៦៨រូប។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បី ជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មី សម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ៕