ប្រែសម្រួល : កញ្ញាដាលីស (BBC) ៖ អ៊ុយក្រែនបានបន្តការអំពាវនាវរបស់ខ្លួនជាថ្មីសម្រាប់ការផ្គត់ផ្គង់សព្វាវុធបន្ថែមទៀតដើម្បីទប់ទល់នឹងការលុកលុយរបស់រុស្ស៊ី។
ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់កិច្ចប្រជុំនៅសប្តាហ៍នេះរបស់អង្គការណាតូថា “យើងត្រូវតែកម្ទេចប្រៀបខ្លាំងខាងកាំភ្លើងធំរបស់រុស្ស៊ី។ យើងត្រូវការប្រព័ន្ធអាវុធទំនើបច្រើនទៀត”។
លោកបាននិយាយថា ប្រសិនបើអ៊ុយក្រែនមិនទទួលបានអាវុធដែលខ្លួនត្រូវការដើម្បីកម្ចាត់រុស្ស៊ីទេនោះ មេដឹកនាំណាតូនឹងប្រឈមមុខនឹងសង្គ្រាមនាពេលអនាគតជាមួយទីក្រុងមូស្គូ។
គ្រឿងបរិក្ខាយោធាដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានផ្តល់ឱ្យទៅអ៊ុយក្រែនដោយប្រទេសជាង ៣០ ប៉ុន្តែសព្វាវុធធុនធ្ងន់បានមកដល់យឺតយ៉ាវខ្លាំងណាស់ ហើយនៅតំបន់ខ្លះ ទាហានអ៊ុយក្រែនបានចាញ់ប្រៀបអាវុធយ៉ាងសម្បើម។
– តើប្រទេសណាផ្តល់អាវុធច្រើនជាងគេ?
បើនិយាយពីការចំណាយវិញ សហរដ្ឋអាម៉េរិកបានប្ដេជ្ញាផ្តល់ច្រើនជាងប្រទេសណាៗទាំងអស់។ ចក្រភពអង់គ្លេសនិងប៉ូឡូញបានប្តេជ្ញាចំណាយច្រើនបំផុតទីពីរនិងទីបី។
ទាក់ទងនឹងប្រាក់ដែលបានចំណាយរួចហើយជាជាងសន្យា សេតវិមានបាននិយាយថា សហរដ្ឋអាម៉េរិកបានផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ៦,៣ ពាន់លានដុល្លារដល់អ៊ុយក្រែនចាប់តាំងពីប្រធានាធិបតីចូ បៃដិនចូលកាន់តំណែងនៅខែមករា ឆ្នាំ ២០២១។
ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនបានផ្តល់ជំនួយ ១,៦ ពាន់លានដុល្លារ ជាមួយនឹងប្រាក់ជំនួយ ១,២ ពាន់លានដុល្លារបន្ថែមទៀតគ្រោងនឹងផ្តល់ឱ្យ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។
ប្រធានាធិបតីហ្សេលេនស្គីបានអំពាវនាវឱ្យផ្តល់មូលនិធិបន្ថែមទៀត ហើយនិយាយថា ការចំណាយលើការការពារជាតិប្រចាំខែសម្រាប់អ៊ុយក្រែនគឺប្រហែល ៥ ពាន់លានដុល្លារ។
– តើប្រព័ន្ធអាវុធសំខាន់ៗមានអ្វីខ្លះ?
ក្រុមអ្នកជំនាញខាងយោធានិយាយថា ភាពជោគជ័យនៅលើសមរភូមិទាមទារនូវអាវុធដ៏ច្រើនសន្ធឹកសន្ធាប់ ក៏ដូចជាការហ្វឹកហ្វឺន គ្រឿងបន្លាស់ និងជំនួយផ្សេងៗទៀត។
“គ្មានប្រព័ន្ធសព្វាវុធណាមួយជាអាវុធទិព្វនោះឡើយ” នេះបើយោងតាមសម្តីរបស់លោកឧត្តមសេនីយ៍ ម៉ាក មីលលី (Mark Milley) នាយអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាម៉េរិក។
ទោះយ៉ាងណា ប្រព័ន្ធអាវុធជាច្រើនត្រូវគេជឿថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជម្លោះរហូតមកទល់ពេលនេះ។
– រ៉ុក្កែតរយៈចម្ងាយឆ្ងាយ
ខណៈទីតាំងរបស់អ៊ុយក្រែននៅភាគខាងកើតប្រទេសស្ថិតក្រោមការបាញ់ផ្លោងដ៏ខ្លាំងក្លាពីរុស្ស៊ី ក្រុមអ្នកវិភាគនិយាយថាអ៊ុយក្រែនត្រូវការការផ្គត់ផ្គង់កាំភ្លើងធំនិងគ្រាប់ប្រសើរជាងមុនដើម្បីរក្សាទីតាំងសំខាន់ៗ។មកទល់ពេលនេះគេគិតថាគ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយចំនួន ១០ ប្រភេទត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនឬកំពុងធ្វើដំណើរពីសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់។
អ៊ុយក្រែននិយាយថាត្រូវការរ៉ុក្កែតច្រើនទៀតដើម្បីរារាំងការរុលមកមុខរបស់រុស្ស៊ី។
ប្រព័ន្ធរ៉ុក្កែតរបស់សហរដ្ឋអាម៉េរិក គឺ ប្រព័ន្ធ M142 High Mobility Artillery Rocket System ឬ Himars ។
រយៈចម្ងាយរបស់រ៉ុក្កែត Himars និងប្រព័ន្ធផ្សេងជាច្រើនទៀត គឺប្រែប្រួលទៅតាមគ្រាប់ដែលបានប្រើ ហើយម្ចាស់ជំនួយលោកខាងលិចមិនបានផ្តល់គ្រាប់ដែលមានរយៈចម្ងាយឆ្ងាយបំផុតនោះទេ។
គ្រាប់ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែនបច្ចុប្បន្នផ្តល់ឱ្យប្រព័ន្ធរ៉ុក្កែតនេះនូវរយៈចម្ងាយប្រហែល ៧០ គីឡូម៉ែត្រ ដែលអាចប្រៀបធៀបបាននឹងប្រព័ន្ធ Smerch របស់រុស្ស៊ី។
ទោះយ៉ាងណា ប្រព័ន្ធ Himars មានភាពច្បាស់លាស់ជាងប្រព័ន្ធអាវុធប្រហាក់ប្រហែលរបស់រុស្ស៊ី។
– កាំភ្លើងធំ
អូស្ត្រាលី កាណាដា និងអាម៉េរិកក៏បានបញ្ជូនកាំភ្លើង M777ជាង ១០០ ដើម និងគ្រាប់ទំហំ ១៥៥ មិល្លីម៉ែត្រចំនួន ៣០ ម៉ឺនគ្រាប់ទៅអ៊ុយក្រែនផងដែរ។
រយៈចម្ងាយរបស់កាំភ្លើងធំ M777 គឺស្រដៀងនឹងកាំភ្លើងធំ Giatsint-B របស់រុស្ស៊ីដែរ និងបាញ់បានឆ្ងាយជាងកាំភ្លើងធំ D-30 របស់រុស្ស៊ី។
កាំភ្លើងធំ ដែលរចនាឡើងក្រោមកិច្ចព្រមព្រៀងក្រុងវ៉ាសូវីរបស់អ៊ុយក្រែន គឺប្រើគ្រាប់ ១៥២ មិល្លីម៉ែត្រ។
ប៉ុន្តែដោយសារស្តុកមានកម្រិតទាប អ៊ុយក្រែនកំពុងងាកទៅរកគ្រាប់ ១៥៥ មិល្លីម៉ែត្រដែលកំណត់ដោយណាតូ។
ការតម្រង់ទិសឡើងវិញនូវការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំរបស់អ៊ុយក្រែនគឺមានភាពស្មុគស្មាញនិងពិបាក ហើយរបាយការណ៍នានាបានបង្ហាញថា កងកម្លាំងអ៊ុយក្រែនកំពុងខ្វះខាតគ្រាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួន។
ប្រទេសលោកខាងលិចមានភាពយឺតយ៉ាវក្នុងការឆ្លើយតបទៅនឹងសំណើរបស់អ៊ុយក្រែនសម្រាប់អាវុធធុនធ្ងន់។
នៅដំណាក់កាលដំបូងនៃសង្គ្រាម គេមានការព្រួយបារម្ភអំពីការបង្ករឿងជាមួយរុស្ស៊ី។ ពួកអ្នកនយោបាយក៏បានមើលស្រាលហួសហេតុផងដែរអំពីកម្រិតនៃការតស៊ូរបស់អ៊ុយក្រែន។
យូរៗទៅឥរិយាបថទាំងនោះបានផ្លាស់ប្តូរ ទោះបីជានៅតែមានចម្ងល់អំពីការតាំងចិត្តរបស់ខាងលិចក្នុងការបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។
ដំបូងឡើយ ការផ្តោតសំខាន់គឺលើការផ្តល់អាវុធដែលធ្លាប់ប្រើដល់អ៊ុយក្រែន ពោលគឺអាវុធដែលពួកគេត្រូវបានបង្ហាត់ឱ្យប្រើ ក្នុងនោះរួមមានរថក្រោះ ប្រព័ន្ធការពារអាកាស និងគ្រាប់សម័យសូវៀត។
សហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តផ្សេងទៀតបានជួយបង្កើនសព្វាវុធស្រដៀងគ្នានេះដល់អឺរ៉ុប ប៉ុន្តែស្តុកអាវុធទាំងនោះកំពុងអស់បណ្តើរៗហើយ។
ដូច្នេះឥឡូវនេះគេបានបង្វែរទៅរកការបញ្ជូនសព្វាវុធលោកខាងលិចដ៏ទំនើបបន្ថែមទៀតជាមួយនឹងក្តីសង្ឃឹមថាវានឹងមាននិរន្តរភាពរយៈពេលវែង។
ប៉ុន្តែវាបាននាំមកនូវបញ្ហាប្រឈមកាន់តែច្រើន។ ប្រព័ន្ធសព្វាវុធទំនើបច្រើនតែមានភាពស្មុគស្មាញ ហើយទាមទារការបណ្តុះបណ្តាល មិនត្រឹមតែក្នុងរបៀបប្រើពួកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរបៀបថែទាំនិងជួសជុលពួកវាទៀតផង។
អាវុធលោកខាងលិចក៏ត្រូវបានរចនាឡើងសម្រាប់របៀបធ្វើសង្គ្រាមបែបលោកខាងលិចផងដែរ ដែលផ្តោតលើភាពជាក់លាក់ជាងបរិមាណនិងទំហំដ៏ច្រើនសម្បើម។
សម្រាប់អ៊ុយក្រែន ការតស៊ូដើម្បីជីវិតរស់របស់ជាតិ ចំនួនអាវុធនៅតែជារឿងសំខាន់។ អ៊ុយក្រែននៅតែជឿថា ខ្លួនមិនទាន់ទទួលបានអាវុធគ្រប់គ្រាន់។
នៅពេលចាប់ផ្តើមសង្គ្រាម អ៊ុយក្រែនបានអំពាវនាវឱ្យមានយន្តហោះចម្បាំងបន្ថែមទៀត។ រហូតមកទល់ពេលនេះមិនទាន់មានសូម្បីមួយគ្រឿងបញ្ជូនមកនោះទេ។
– អាវុធប្រឆាំងរថក្រោះ
យ៉ាងហោចណាស់ អាវុធលើស្មា Nlaw ចំនួន ៥.០០០ ដើមដែលរចនាឡើងដើម្បីកម្ទេចរថក្រោះ ត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែន។
សព្វាវុធនេះត្រូវគេគិតថាមានសារៈសំខាន់ខ្លាំងក្នុងការបញ្ឈប់ការរុលមកមុខរបស់កងកម្លាំងរុស្ស៊ីមកកាន់ក្រុងគៀវក្នុងប៉ុន្មានម៉ោងនិងប៉ុន្មានថ្ងៃដំបូង បន្ទាប់ពីការលុកលុយ។
យោងតាមលោក ចាស្ទីន ប្រុន (Justin Bronk) នៃវិទ្យាស្ថាន Royal United Services បានឱ្យដឹងថា “អាវុធ Nlaw ពិតជាមានសារៈសំខាន់ចំពោះការបំបាក់កងទ័ពជើងគោករបស់រុស្ស៊ីនៅក្នុងដំណាក់កាលដំបូងនៃសង្គ្រាម”។
– រថក្រោះ
អ៊ុយក្រែនបានទទួលរថក្រោះជាង ២៣០ គ្រឿង ដែលរចនាឡើងក្រោមកិច្ចព្រមព្រៀងក្រុងវ៉ាសូវី ពីប៉ូឡូញនិងសាធារណរដ្ឋឆែក។
កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានប្រើប្រាស់រថក្រោះ T-72 ជាច្រើនទសវត្សរ៍មកហើយ ហើយមានសមត្ថភាពថែទាំនិងមានគ្រឿងបន្លាស់ច្រើន បន្ថែមពីលើទាហានដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់។
ការបរិច្ចាគរថក្រោះរបស់ប៉ូឡូញត្រូវបានបំពេញដោយរថក្រោះជំនួសពីប្រទេសសម្ពន្ធមិត្ត រួមទាំងរថក្រោះ Challenger 2 ពីចក្រភពអង់គ្លេស។
– ដ្រូន
ដ្រូនត្រូវបានប្រើយ៉ាងជោគជាំនៅក្នុងជម្លោះរហូតមកទល់ពេលនេះ ដោយប្រើសម្រាប់ការឃ្លាំមើល ការកំណត់គោលដៅ និងប្រតិបត្តិការដឹកជញ្ជូនធ្ងន់ៗ។
តួកគីបានលក់ដ្រូនប្រដាប់អាវុធ Bayraktar TB2 ជាច្រើនគ្រឿងឱ្យទៅអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ក្រុមអ្នកវិភាគនិយាយថា ដ្រូន Bayraktar TB2 មានប្រសិទ្ធភាពខ្លាំង ដោយហោះនៅកម្ពស់ ៧.៦០០ ម៉ែត្រ មុនពេលចុះមកវាយប្រហារគោលដៅរបស់រុស្ស៊ីជាមួយនឹងគ្រាប់បែកនាំផ្លូវដោយឡាស៊ែរ។
គេជឿថាដ្រូននេះបានបំផ្លាញឧទ្ធម្ភាគចក្រ នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីល។
ដ្រូននេះក៏ត្រូវបានប្រើដើម្បីផ្តល់ទីតាំងជាក់លាក់របស់រុស្ស៊ីសម្រាប់ការវាយប្រហារចំៗដោយកាំភ្លើងធំផងដែរ។
– ខែលការពារអាកាស
អ៊ុយក្រែនបានបដិសេធដោយជោគជ័យនូវការគ្រប់គ្រងពេញលេញរបស់រុស្ស៊ីលើដែនអាកាសអ៊ុយក្រែនក្នុងអំឡុងពេលនៃជម្លោះនេះ ប៉ុន្តែបានអំពាវនាវម្តងហើយម្តងទៀតឱ្យផ្តល់ប្រព័ន្ធការពារដែនអាកាសដែលប្រសើរជាងមុន។
នៅប៉ុន្មានថ្ងៃខាងមុខនេះ ទីក្រុងវ៉ាស៊ីនតោនត្រូវគេរំពឹងថានឹងប្រកាសបញ្ជូនប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស NASAMS ដ៏ទំនើបបំផុតទៅកាន់អ៊ុយក្រែន។
ទីក្រុងគៀវក៏ទទួលបានប្រព័ន្ធការពារដែនអាកាស S-300 ពីស្លូវ៉ាគីផងដែរ៕