ដោយ: ប.ជ័យ / ស្រះកែវ-ថៃ: ម្ចាស់ក្រុមហ៊ុនសិប្បកម្មចម្រាញ់ទឹកដបផ្លែឈើ ណេហ្វេ កូ (NEFE CO.,Ltd) ស្ថិតនៅភូមិថានថៃឃុំថាប់ព្រីកស្រុកខ្លងហាតខេត្តស្រះកែវរបស់ថៃថា នឹងផ្តល់ប្រឹក្សាបច្ចេកទេសដល់ដៃគូសហគមន៍ពីកម្ពុជា។
លោក កាសេម ងិនស្រ៊ីសូភា នាយកចាត់ការទូទៅនិងអ្នកស្រីសួឆាដា ឡឺតវីលសាប ម្ចាស់នៃក្រុមហ៊ុនណេហ្វេ កូ (NEFE CO .,Ltd) ប្រាប់ប្រតិភូពាណិជ្ជកម្ពុជានៃវិស័យសាធារណៈនិងសហគ្រិន ពាណិជ្ជករ អាជីវករ នៃវិស័យឯកជនមកពីខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ឧត្តរមានជ័យ… កាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០២២ ដែលធ្វើទស្សនកិច្ចសិក្សានៅទីនោះស្តីពីបើកកម្មវិធី “ការតភ្ជាប់និងផ្គូផ្គងចចារដៃគូពាណិជ្ជកម្ម សហគ្រាសខ្នាតតូចនិងមធ្យមឆ្នាំ២០២២” (Business B2B SMEs Thailand -Cambodia )។
លោក កាសេម ងិនស្រ៊ីសូភា បានបង្ហាញថា: ក្រុមហ៊ុនដែលជាសសហគ្រាសមួយជាក្រុមហ៊ុនធុនមធ្យមទី១ ដែលចម្រាញទឹកដមនិងរសផ្លែឈើ ទឹកជ្រលក់នៅក្នុងខេត្តស្រះកែវ។ ក្នុងនោះ មានចម្រាញ់ពីវត្ថុធាតុដើមផ្លែប៉ោម មង្ឃុត ស្វាយ ត្របែក ខ្នុរ ធុរេន …។
លោកបន្តថា: ក្រុមហ៊ុនដែលដូចជាឈ្មួញកណ្តាលខាងកែច្នៃនេះ ត្រូវមានកិច្ចសហការជាដៃគូជាប់លក្ខខណ្ឌកិច្ចសន្យា ទើបដំណើរការសង្វាក់ផលិតកម្មបាន ដូចជាសហការនឹងម្ចាស់ចម្ការដំណាំផ្លែឈើដែលផ្តល់វត្ថុធាតុដើម និងជាមួយម្ចាស់សិប្បកម្ម ឧស្សាហកម្មគ្រឿងម៉ាស៊ីនច្នៃ ព្រមទាំងអ្នកទទួលទិញផលិតផលសម្រេច។
ក្រុមកហ៊ុននេះ ឲ្យដឹងថា គ្រឿងម៉ាស៊ីន ឧបករណ៍កែច្នៃផលិតនាំមកពីប្រទេសចិននិងក្នុងស្រុក ហើយទីផ្សារផលិតផលមាននៅក្នុងស្រុកនិងនៅប្រទេសចិន។
លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោកហ៊ិន វុឌ្ឍី អនុប្រធានមន្ទីរពាណិជកម្មខេត្តបាត់ដំបង ក៏ដូចតំណាងសភាពាណិជកម្មនៃបន្ទាយមានជ័យ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងអាជីវករ ពាណិជ្ជករ ផលិតករកម្ពុជាបានចាប់អារម្មណ៍លើក្រុមហ៊ុន ដែលជាសហគ្រាស (កែច្នៃ វេចខ្ចប់)មួយនេះ ដែលចំណាយទុនវិនិយោគកម្រឹតមធ្យម ងាយរកវត្ថុធាតុដើមនិងទីផ្សារអំណោយផល(ទំនិញប្រភេទម្ហូបអាហារ )។
ហេតុនេះ ស្នើសុំអោយក្រុមហ៊ុននេះជួយដល់សហគមន៍ពាណិជ្ជករ សហគ្រិន អាជីវករកម្ពុជាក្នុងក្របខ័ណ្ឌសហគ្រាសខ្នាតមធ្យមនិងតូច។
ឆ្លើយតបសំណើនេះ នាយកចាត់ការទូទៅនៃក្រុមហ៊ុនណេហ្វេ កូ (NEFE CO .,Ltd) បញ្ជាក់ថា :ក្រុមហ៊ុនរីករាយនឹងផ្តល់ប្រឹក្សាបច្ចេកទេសដៃគូសហគមន៍ពីកម្ពុជា ផ្តល់ប្រឹក្សាបច្ចេកទេសដល់ដៃគូសហគមន៍ពីកម្ពុជា។ ពិសេសជួយផ្តល់ប្រឹក្សាបច្ចេកទេស បទពិសោធន៍ ផ្តល់ការសិក្សាជំនាញដល់ពួកគាត់ ដើម្បីឲ្យដំណើរការលើកម្ពស់សេដ្ឋកិច្ចគ្រួសារនិងសហគមន៍៕