​ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង​។ ក្នុងនោះ រួម​មានការ​ប្រារព្ធ​មេ​ទ្ទីង​អបអរសាទរ​ខួប ៧១ ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា រួមទាំង​ការរកឃើញ​ករណី​ឆ្លង​កូ​វីដ​ឡើងវិញ នៅក្នុង​ប្រទេស​កម្ពុជា​យើង ជាដើម​។​

១- ថ្នាក់ដឹកនាំ​វៀតណាម ទូរស័ព្ទ​មក​អបអរសាទរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​ជ័យជម្នះ លើ​ការបោះឆ្នោត​ឃុំ សង្កាត់ និង​ការរៀបចំ​ខួប ៧១​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា
​អគ្គលេខាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ភូ​ជុង កាលពី​ថ្ងៃទី​២៧ ខែមិថុនា បាន​ទូរស័ព្ទ​មក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សំដែង​នូវ​ការអបអរសាទរ ចំពោះ​ជ័យជំនះ លើសលប់ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​ពី​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់​កន្លងទៅ ក៏ដូចជា ចូលរួម​អបអរ​ចំពោះ​គណបក្សកាន់អំណាច សម្រាប់​ការរៀបចំ​ខួប ៧១​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែមិថុនា​។​

២- ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ទទូច​ឱ្យ​បញ្ជូន​លោកស្រី អោ​ង​សាន ស៊ូ​ជី ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ
​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ទទូច​ឱ្យ​បញ្ជូន​លោកស្រី អោ​ង​សាន ស៊ូ​ជី ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។ ការស្នើសុំ​នេះ ធ្វើឡើង តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​ថ្ងៃទី​២៧​មិថុនា​។​

៣- គណបក្ស​ប្រជាជន​កម្ពុជា សន្យា​អនុវត្ត​គោលនយោបាយ សម្រាប់​អភិវឌ្ឍន៍​ឃុំ​សង្កាត់​
​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានប្រកាស​អំពី​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​២៦ មិថុនា​រួចមក គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​អាសនៈ​ឃុំ​សង្កាត់​ច្រើនជាងគេ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​ប្រកាស​ជា​ឧឡា​រិ​ក ទទួលយក​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​នេះ និង​ប្រកាស​អនុវត្ត​គោលនយោបាយ​របស់ខ្លួន សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​ឃុំ​សង្កាត់ ក្នុង​អាណត្តិ ៥​ឆ្នាំនេះ​។​

៤-​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​មេ​ទ្ទីង​រម្លឹក​ខួប ៧១​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​
​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​មេ​ទ្ទីង​រម្លឹក​ខួប ៧១​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១​។ នៅក្នុង​ពិធី​ជួបជុំ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស នា​វិមាន ៧​មករា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជាថ្មី ក្នុងនាម​ប្រធាន​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​ថា នឹង​បន្ត​អនុវត្តន៍ ដោយ​យកចិត្តទុកដាក់​នូវ​គោលនយោបាយ​នានា ដើម្បី​ធានា​រួមចំណែក កែប្រែ​កម្រិតជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ អោយ​កាន់តែ​ល្អប្រសើរ​។ ជាមួយគ្នានេះ សម្តេច​ប្រធាន​បក្ស កាន់អំណាច ក៏បាន​ប្រកាសថា នឹង​បន្ត​អនុវត្តន៍​អោយបាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍ ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ ដោយ​មិន​ទុក​បក្សនយោបាយ​ណាមួយ ជាស​ត្រូវ​នោះឡើយ​។​

៥- ក្រសួងសុខាភិបាល ណែ​នាំឱ្យ​រាជធានី​ខេត្ត ពង្រាយ​គ្រូពេទ្យ ចុះ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅតាម​ភូមិ
​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ក្រសួងសុខាភិបាល បានចេញ​សេចក្ដីណែនាំ ទៅកាន់​អភិបាល រាជធានី​-​ខេត្ត​ទាំងអស់ ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដូ​ស​ជំរុញ ពិសេស​ដូ​ស​ទី​៣ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។ ក្នុងនោះ ក្រសួងសុខាភិបាល បាន​ណែនាំ​ឱ្យ​រាជធានី​-​ខេត្ត ចាត់ចែង ពង្រាយ​ក្រុមគ្រូពេទ្យ ចុះ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅតាម​ភូមិ និង​តាម​ឃុំ ជូន​ប្រជាពលរដ្ឋ ឱ្យបាន​គ្រប់ៗ​គ្នា​។​

៦-​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​យក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ជា​ថ្ងៃ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧
​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។ ការសម្រេច​នេះ បានធ្វើ​ឡើង តាមរយៈ​សេចក្តីសម្រេច​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែមិថុនា​។​

៧- ពលរដ្ឋ សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ បន្ទាប់ពី​កម្ពុជា រកឃើញ​ករណី​ឆ្លង​ថ្មី​ឡើងវិញ
​កាលពី​ថ្ងៃទី​២៩ ខែមិថុនា នៅតាម​ទីកន្លែង​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នានា នៅ​រាជធានី​ភ្នំពេញ មាន​ប្រជាពលរដ្ឋ សម្រុក​ទៅ​ច្រើន ខុសពី​សព្វមួយដង​។ ការ​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​នេះ ស្រប​ពេលដែល​កាលពី​យប់ ថ្ងៃទី​២៨ ខែមិថុនា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា តាមរយៈ​សារ ជា​សំឡេង បន្ទាន់​ពិសេស បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ នៅក្នុង​សហគមន៍ និង​ទាំង​អ្នកធ្វើដំណើរ​ពី​ក្រៅប្រទេស បន្ទាប់ពី​អាក់ខាន​រកឃើញ​រយៈពេល ៥២​ថ្ងៃ កន្លងមក​។

៨- ក្រសួងសុខាភិបាល ប្រកាសថា មាន​ករណី​ឆ្លង​កូ​វីដ​១៩ ឡើងវិញ ចំនួន ១០​នាក់ កាលពី​ថ្ងៃទី​២៨ មិថុនា
​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ក្រសួងសុខាភិបាល បានប្រកាសថា មាន​ករណី​ឆ្លង​កូ​វីដ​១៩ ឡើងវិញ នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ គឺមាន​ចំនួន ១០​នាក់ ដែល​សុទ្ធតែជា​ប្រភេទ​អូ​មី​ក្រុង ហើយ​បញ្ជា​ក់ដោយ​ការធ្វើ​តេស្ត​ម៉ាស៊ីន​ធំ PCR​។ ក្នុងនោះ ២​នាក់ ជា​អ្នកដំណើរ ចូល​ពី​ក្រៅប្រទេស និង ៨​នាក់ ជា​ករណី​ឆ្លង​សហគមន៍​។ នៅ​ថ្ងៃទី​២៩ មិថុនា មាន​ករណី​ឆ្លង​ថ្មី ៧​នាក់​។ ថ្ងៃទី​៣០ មិថុនា មាន នាក់ និង​នៅ​ថ្ងៃទី​១ ខែកក្កដា មាន​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៨ នាក់​។​

៩- ប្រមុខ​ការទូត​កម្ពុជា ក្នុងនាម​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ទៅ​បំពេញ​ទស្សនកិច្ច នៅ​មី​យ៉ាន់​ម៉ា
​ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាម​ប្រេសិត​ពិសេស​របស់ ប្រធាន​អាស៊ាន កាលពី​ថ្ងៃទី​២៩ ខែមិថុនា បាន​អញ្ជើញ​ធ្វើដំណើរ​ចាកចេញ​ពី​កម្ពុជា ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច នៅ​មី​យ៉ាន់​ម៉ា​។ ដំណើរ​ទស្សនកិច្ច​រប​ស់ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ជា​លើក​ទី​២ រហូតដល់​ថ្ងៃទី​៣ ខែកក្កដា​នេះ ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា ប្រកាសថា ដើម្បី​តាមដាន​វឌ្ឍនភាព នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង ជា​ឯកច្ឆន្ទ ៥​ចំណុច និង​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី ជំនួយ​មនុស្សធម៌​រប​ស់អា​ស៊ាន សម្រាប់​មី​យ៉ាន់​ម៉ា​។​

១០-​នាយក WHO ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក សាទរ​ចំពោះ​កម្ពុជា ដែល​ទទួលបាន ជោគជ័យ ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩
​លោក​បណ្ឌិត Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៣០ មិថុនា នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

១១- សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ជប៉ុន ជួយ​ពង្រឹង​វិស័យ​កីឡា​យូ​ដូ នៅ​កម្ពុជា
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែមិថុនា បានទទួល​ជួប ពិភាក្សា​ការងារ​ជាមួយ​លោក Gotaro OGAWA អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​កម្ពុជា នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។ សម្តេច​តេ​ជោ បានស្នើ​ឱ្យ​ភាគី​ជប៉ុន ជួយ​កម្ពុជា ក្នុង​វិស័យ​កីឡា​យូ​ដូ ដើម្បីឱ្យ​ប្រទេស​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​ប្រកួត​កីឡា យូ​ដូ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣ ខាងមុខ​។​

១២-​សម្ដេច​តេ​ជោ ហ៊ុន សែន ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​ធំ ២ ជូន​ពលរដ្ឋ នៅ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ
​កាលពី​ថ្ងៃទី​១ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា អធិបតី ក្នុង​ទិវា​មច្ឆជាតិ នៅ​តំបន់​អាងទឹក​ត្រពាំងថ្ម ស្ថិតនៅ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ សម្តេច​តេ​ជោ បាន​ដោះស្រាយ​បញ្ហា​រាំ​រ៉ៃ​ធំ ២ ជូន​ពលរដ្ឋ រស់នៅ​ទីតាំង​នោះ​។ ទីមួយ គឺ​បញ្ហា​ផ្លូវ​ប្រវែង​ជិត ១០​គីឡូម៉ែត្រ លើ​ខ្នង​ទំនប់​អាងទឹក​ត្រពាំងថ្ម ដែលជា​ចំណុច​ប្រទាញប្រទង់ នៃ​ការទទួលខុសត្រូវ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ធ្វើឱ្យ​ផ្លូវ​មួយ​ខ្សែ​នេះ អូសបន្លាយ មិនបាន​សាងសង់ ចាប់តាំងពី​ឆ្នាំ​២០១៣ មកទល់​ពេល​បច្ចុប្បន្ននេះ​។ រីឯ​បញ្ហា​ទី​២ គឺ​ការដោះស្រាយ បញ្ហា​គ្រាប់មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែល​នៅ​បន្ត​សេសសល់ ក្នុង​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាពេល​បច្ចុប្បន្ន ប្រមាណ ២.៤០០ ហិកតា​។

១៣-​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​សប្បុរ​សជន ចូលរួម​វិភាគទាន បោសសម្អាត​មីន​
​ក្នុង​ទិវា​មច្ឆជាតិ នៅ​តំបន់​អាងទឹក​ត្រពាំងថ្ម ក្នុង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១ ខែកក្កដា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​អំពាវនាវ​ដល់​សប្បុរសជន ចូលរួម​បរិច្ចាគ​វិភាគទាន ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​បោសសម្អាត​គ្រាប់មីន នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ ការអំពាវនាវ​របស់​សម្តេច ប្រមុខ​រាជរដ្ឋាភិបាល​ដូច្នេះ ដើម្បី​ឈានទៅ​បញ្ចប់ នូវ​សោកនាដកម្ម លើ​ប្រជាជន​កម្ពុជា ដែល​ស្លាប់ និង​របួស ដោយ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ដែលជា​ឃាតក លាក់​មុខ ដែល​នៅ​សេសសល់ លើ​ទឹកដី​កម្ពុជា​។ ភ្លាមៗ មាន​សប្បុរសជន​ជា​ឧកញ៉ាៗ បានប្រកាស​ពី​ការបរិច្ចាគ​ថវិកា ជា​បន្តបន្ទាប់ ហើយ​នៅ​ព្រលប់​ថ្ងៃទី​១ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា មាន​សប្បុរសជន ជា​អ្នកជំនួញ និង​អ្នកវិនិយោគ បាន​ចូលរួម​ប្រមាណ​ជាង ៥ លាន​ដុល្លារ ហើយ​។ ក្នុង​សារ​លើ​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ដើម្បី​សម្រួល​ដល់ ការចូលរួម​បរិច្ចាគ​ថវិកា​នេះ សូម​ទាក់ទង​ទៅ​លោក សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី តាម​លេខ​ទូរស័ព្ទ ០១២ ៩៦១ ៩៧១ ដែល​នឹង​ប្រមូល​ថវិកា​នេះ បញ្ចូល​ទៅ​គណនេយ្យ​របស់ អាជ្ញាធរ​មីន​កម្ពុជា​។

១៤- សម្ដេច​តេ​ជោ ហ៊ុន សែន ព្រមាន​ចាត់វិធានការ​ច្បាប់​តឹងរឹង​បំផុត ចំពោះ​ជន​ទាំងឡាយ ណា ដែល​ប្រឌិត​ព័ត៌មាន ពាក់ព័ន្ធ​នឹង​បញ្ហា​កូ​វីដ
​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ទិវា​មច្ឆជាតិ ថ្ងៃ​១​កក្កដា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ព្រមាន​ចាត់វិធានការ​ច្បាប់​តឹងរឹង​បំផុត ចំពោះ​ជន​ទាំងឡាយណា ដែល​ប្រឌិត ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ បំផ្លាញ​ក្តី​សុខ​របស់​ប្រជាពលរដ្ឋ ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​បង្ក​ឲ្យ​មានការ​ភ័យ និង​បំភាន់​ការពិត​។ ការព្រមាន​របស់​សម្ដេច នាយករដ្ឋមន្ត្រី​ដូច្នេះ ខណៈដែល​ប៉ូលិស បាន​ចាប់ខ្លួន​យុវជន​ម្នាក់ រស់នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ប្រឌិត​ព័ត៌មាន ស្ដីពី​ករណី​ស្លាប់​ថ្មី នៃ​អ្នក​កើត​ជំងឺ​កូ​វីដ នៅ​ខេត្តកោះកុង​។ បន្ទាប់ពី​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១​កក្កដា យុវជន ដែលជា​សកម្មជន​គណ​បក្ស​ភ្លើងទៀន​នោះ ត្រូវបាន​បញ្ជូនមក​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តាមច្បាប់​។​

១៥- អ្នកលក់​ទំនិញ​តាម​អន​ឡាញ​ជាច្រើន នាំគ្នា​ទៅ​ចុះបញ្ជី នៅ​ក្រសួងពាណិជ្ជកម្ម ខណៈ​ក្រសួង ពន្យារពេល​ផាកពិន័យ ដល់​ថ្ងៃទី​៣​កក្កដា
​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ប្រជាពលរដ្ឋ ដែលជា​អ្នកលក់ដូរ តាម​អន​ឡាញ​ជាច្រើន បាននាំគ្នា​សម្រុក​ទៅ​ចុះបញ្ជី​ពាណិជ្ជកម្ម នៅ​ក្រសួងពាណិជ្ជកម្ម​។ កាលពី​ល្ងាច​ថ្ងៃទី​៣០ មិថុនា ក្រសួងពាណិជ្ជកម្ម បាន​ពន្យារពេល​ការផាកពិន័យ លើ​អ្នក​លក់ទំនិញ​តាម​អន​ឡាញ ដែល​មិនទាន់បាន​ចុះបញ្ជី រហូតដល់​ថ្ងៃទី​៣ ខែកក្កដា​។​

១៦-​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជា​បេសកជន​ពិសេស តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​
​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គឺជា​បេសកជន​ពិសេស​តំណាង​រាជរដ្ឋាភិបាល កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលជួប​សម្តែង​ការគួរសម ដើម្បី​ចូលរួម​អបអ​សាទរ និង​ពិភាក្សា ការងារ​ទ្វេភាគី ជាមួយ​លោក ហ្វឺ​ឌី​ណាន់ ម៉ា​កូ​ស ជេ​អរ ប្រធានាធិបតី ទី​១៧ របស់​ប្រទេស ហ្វីលីពីន ដែល​ទើប​ចូលកាន់​តំណែង​។ កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង នៅ​វិមាន​ប្រធានាធិបតី ហ្វីលីពីន ក្នុង​ទីក្រុង​ម៉ានីល នា​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​។ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​នាំនូវ​ការសាកសួរ​សុខទុក្ខ និង​ផ្តាំផ្ញើ ក៏ដូចជា​សារ​ជូនពរ​ពីស​ម្តេច​តេ​ជោ ជូន​ប្រធានាធិបតី ម៉ា​កូ​ស ដែល​បាន​ជាប់ឆ្នោត ជា​ប្រធានាធិបតី​ទី​១៧ របស់​ហ្វីលីពីន​។ ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ជូន​ចំពោះ​សម្តេច​តេ​ជោ និង​សូម​អបអរសាទរ​ចំពោះ សមិទ្ធផល ដែល​សម្រេចបាន ក្រោម​ការដឹកនាំ​របស់​សម្តេច​។ ហ្វីលីពីន បាន​ត្រៀមខ្លួន រួចជាស្រេច ក្នុងការ​លើកយក​កិច្ចការ​អាទិភាព​មួយចំនួន ដើម្បី​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ អាស៊ាន នៅក្នុង​អំឡុង​ពេលដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ឆ្នាំ​២០២២ នេះ​៕/V​