​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អាទិត្យ​បាន​វាយប្រហារ​រិះគន់​អាម៉េរិក កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ចំពោះ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ត្រី​ភាគី​របស់​គេ ដោយ​ផ្តោត​លើ​កូរ៉េខាងជើង​​និង​ព្រមាន​ថា ចំណាត់ការ​នេះ​កំពុង​បង្ខំ​អោយ​កូរ៉េ​ខាងជើង​ពង្រឹងសមត្ថភាព​យោធា​របស់​ខ្លួន​។​

​កូរ៉េខាងជើង​ជា​យូរ​មក​ហើយ​បាន​និយាយ​ដល់​អ្វី​ដែល​ខ្លួន​ហៅ​ថា​អារិភាព​មក​ពី​អាម៉េរិក​និងស​ម្ព​ន្ធមិត្ត​ថា​ជា​ហេតុផល​សំរាប់​ខ្លួន​បន្ត​កម្មវិធី​នុយក្លេអ៊ែ​រ​។​សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃអាទិត្យ​កើ​តឡើង​នៅ​​ពេល​ប្រទេស​ក្បែរ​ខាង​កូរ៉េខាងជើង​និយាយថា ប្រទេស​នេះ​ត្រៀម​សំរាប់​ការសាកល្បង​នុយក្លេអ៊ែរ​លើកដំបូង​របស់​ខ្លួន​នៅក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ ជា​ផ្នែក​នៃ​ការសាកល្បង​សព្វាវុធ​ដ៏​បង្ក​រឿង​ជា​បន្ត​​បន្ទាប់​របស់​ប្រទេស​នេះ​នៅក្នុង​ឆ្នាំ​២០២២​។​

​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា « ស្ថានការណ៍​ទូទៅ​តំរូវ​អោយ​កូរ៉េ​ខាងជើង​បង្កើន​កម្លាំង​ការពារ​ខ្លួន ដើម្បី​ដោះស្រាយ​នឹង​បរិយាកាស​សន្តិសុខ​នៅ​ឧបទ្វីប​​កូរ៉េ​និង​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​»​។​

​វា​បាន​និយាយទៀតថា​« ប្រមុខ​ដឹកនាំ​អាម៉េរិក ជប៉ុន​និង​កូរ៉េខាងត្បូង​បាន​រួមគ្នា​ប្រឈម​មុខ​ជាមួយ​កូរ៉េខាងជើង និង​បាន​ពិភាក្សា​អំពី​វិធានការ​យោធា​ត​តប​នឹង​កូរ៉េខាងជើង រួម​មាន​សមយុទ្ធ​យោធា​ត្រីភាគី​ផង​»​។​

​កូរ៉េខាងជើង​មើលឃើញ​សមយុទ្ធ​យោធា​ក្នុង​តំបន់​ដឹកនាំ​ដោយ​អាម៉េរិក ជាពិសេស​ជាមួយ​កូរ៉េខាងត្បូង ថា​ជា​ការហាត់​សម​ដើម្បី​ឈ្លានពាន​ខ្លួន ទោះ​ជា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​សេ​អ៊ូ​ល​បាន​បញ្ជា​​ក់ថា​ពួកគេ​មិន​មាន​បំណង​វាយប្រហារ​កូរ៉េខាងជើង​ក្តី​។​

​នាវា​ដឹក​យន្តហោះ​អាម៉េរិក​USS Ronald Reagan​និង​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​កូរ៉េខាងត្បូង​Marado បើក​ក្បែរ​គ្នា​ក្នុង​សមយុទ្ធ​យោធា​មួយ​កាលពី​ខែ​មិថុនា​ឆ្នាំ​២០២២

​ក្នុងអំឡុង​ជំនួប​កាលពី​ពេល​ថ្មីៗ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​និយាយាថា លោក​មាន​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​ការសាកល្បង​កាំជ្រួច​ជា​បន្តបន្ទាប់​របស់​កូរ៉េ​ខាងជើង​និង​ផែនកា​រសាក​​ល្ប​នុយក្លេអ៊ែរ​មួយលើកទៀត​។​ចំណែក​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុក​យ៉ូល បាន​និយាយថា សារសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ត្រី​ភាគី​នេះ​បាន​កើនឡើង​ក្នុងពេល​ប្រឈម​នឹង​កម្មវិធី​​នុយក្លេអ៊ែរ​កូរ៉េខាងជើង នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយថា សមយុទ្ធ​ប្រឆាំង​កាំជ្រួច​រួមគ្នា​នឹង​មាន​សារសំខាន់​ដើម្បី​រារាំង​ការ​គំរាម​ពី​កូរ៉េខាងជើង​។​

​កាលពី​ខែ​មុន ប្រមុខ​ការពារជាតិ​នៃ​សម្ពន្ធមិត្ត​ទាំងបី​បាន​យល់ព្រម​បន្ត​ការហ្វឹកហាត់​រួមគ្នា​ស្តីពី​តាមដាន​និង​ព្រមាន​ការវាយប្រហារ​ដោយ​កាំ​ជ្រួច ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​របស់គេ​ដើម្បី​ដោះស្រាយ​ជាមួយ​​នឹង​កូរ៉េខាងជើង​។​

​សេចក្តីថ្លែងការណ៍​របស់​កូរ៉េ​ខាងជើង​បាន​ចោទប្រកាន់​អាម៉េរិ​ក​ថា​បំប៉ោងពាក្យ​ចចាមអារ៉ាម​អំពី​កា​រំ​រាម​ពី​កូរ៉េខាងជើង ដើម្បី​ជា​លេស​សំរាប់​ខ្លួន​រក្សា​ឧត្តមភាព​យោធា​នៅលើ​ត​បន់​អាស៊ី​ប៉ាស៊ីហ្វិក រួម​​ទាំង​ឧបទ្វីប​កូរ៉េ​ និងថា«កិច្ចព្រមព្រៀង​អាម៉រិក​-​កូរ៉េខាងត្បូង​-​ជប៉ុន​ជា​ផែនការ​ណា​តូ​អាស៊ី​​របស់​អាម៉េរិក​»៕

​ប្រធានាធិបតី ចូ បៃ​ដិន (​កណ្តាល​)​ជួបប្រជុំ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​និង​នាយករដ្ឋមន្ត្រី​ជប៉ុន ក្នុងអំឡុង​ជំនួប​កំពូល​ណា​តូ​នៅក្រិង​ម៉ា​ឌ្រី​ត កាលពី​ថ្ងៃ​២៩​មិថុនា