ដោយ: ប.ជ័យ / បន្ទាយមានជ័យ: បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងប្រឡាយទឹក ដោយរ៉ឺម៉កដឹកកូនឈើរបស់គាត់សង្កត់ពីលើនៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ចំណុចលូខ្ពស់នៅខាងលិចភូមិថ្មី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកអោយដឹងថា: ករណី ម៉ូតូ ម៉ាកវ៉េវ អាល់ហ្វា ស្លាកលេខ បាត់ដំបង AJ ៣២៦៧ ពណ៌ខ្មៅ ដឹកកូនឈើលក់ ធ្លាក់ចូលក្នុងទឹកប្រឡាយចម្ងាយ០,៥គមនៅចំណុចដូចខាងលើ ។
ទទួលបានព័ត៌មាន ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ នឹងសហការ ជាមួយប្រជាពលរដ្ឋរាវរកមនុស្សក៏ឃើញ តែស្លាប់នៅក្នុងទឹកប្រឡាយក្រោមរទេះ ដឹកកូនឈើ។
លុះនាំគ្នាស្រង់សពឡើងមកលើ ក៏ឆែកក្នុងកាបូប ស្ពាយចំហៀងរបស់សព ក៏បានឃើញ ៖- អត្តសញ្ញាណប័ណ្ណ ឈ្មោះ អិន សែនភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិ កៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់បង ,-ទូរសព្ទ ម៉ាកសាំសុងពណ៌ខ្មៅ,-លុយខ្មែរ ៤៦០.៧០០៛និងកាតចាក់វ៉ាក់សាំងកូវីដ-១៩។ ក្រោយមកបានធ្វើការស្រាវជ្រាវសាច់ញាតិនិងរកឃើញក្រុមគ្រួសារផ្ទាល់ក៏បានប្រគល់សពឲ្យគាត់យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
យោងការស្រាវជ្រាវនិងធ្វើវិភាគ នគរបាលជំនាញសន្និដ្ឋានថា មុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរពីកើតទៅលិច ពេលដល់ចំណុចលូខ្ពស់ សង្ស័យគេចជង្ហុកក៏បណ្តាលរ៉ឺម៉កប្រទាញម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងម៉ូតូ និងរ៉ឺម៉ក រួចសង្កត់មនុស្ស ក្នុងទឹកឈ្លក់រហូតដល់ស្លាប់ ត្បិតគ្មានអ្នកដឹង ហើយជួយទាន់៕