ដោយ: អង្គារ៍ហេង / ភ្នំពេញ: យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារក្រុមជនដៃដល់មានគ្នា៤នាក់ ប្រើកាំបិតបុ័ងតោ និងចបកាប់ព្រួតគ្នាកាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី២កក្កដាឆ្នាំ២០២២ នៅចុំណុចបន្ទប់ជួលក្នុងក្រុមទី២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌនិងប៉ុស្តិ៍ឃាត់ខ្លួនភ្លាមៗផងដែរ។
ជនរងគ្រោះឈ្មោះ ថន រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សាច់គោ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ រងរបួសក្បាលនិងដៃធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកបុរសជនសង្ស័យទាំង៤នាក់ ទី១- ឈ្មោះអឿ ភាលី អាយុ៣០ឆ្នាំ ។ ទី២-ឈ្មោះ ផល រ៉ា អាយុ២៧ឆ្នាំ។ ទី៣-ឈ្មោះនី ស៊ីម៉េង អាយុ២០ឆ្នាំ។ ទី៤-ឈ្មោះស្រ៊ុន ម៉េងស្រួ អាយុ១៦ឆ្នាំ។ ជនសង្ស័យទាំង៤នាក់ មានមុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកេតហេតុ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងដកហូតបាន ត្រូវមន្ត្រីជំនាញអធិការដ្ឋានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានតាមនីតិវិធីច្បាប់៕