​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ បុរស បីនាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​បុរស​ពីរ នាក់​ទៀត បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារតែ​រថយន្ដ​មិន​ស្គាល់​ម៉ាក បើកបរ​ក្នុង​ល្បឿន លឿន បុក​ម៉ូតូ​កង់​បី ផលិត​នៅ​ប្រទេស​ឥណ្ឌា ក្នុងទិសដៅ​បញ្ច្រាស​គ្នា នៅវេលា​ម៉ោង ១​និង​៣០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២២ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ លេខ ១១០​និង​១១១ ស្ថិតនៅ​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។​

​មន្ត្រី​នគ​បាល​ចរាចរណ៍​ស្រុក​បរិបូ​ណ៍ បានឱ្យដឹង​នៅ​ព្រឹក ថ្ងៃទី​៣ ខែកក្កដា នេះ​ថាៈ មុនពេល​កើតហេតុ ម៉ូតូ​កង់​បី​ឥណ្ឌា ម៉ាក​បា​ចា​ម៉ា​សុ​ី​ម៉ា ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 1K 3754 បើកបរ​ដោយ​ឈ្មោះ ខាន់ សំណាង អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​គក ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង និង​អ្នករួមដំណើរ​ជាមួយ ចំនួន​បួន​នាក់​ផ្សេងទៀត មានៈ ១.​ឈ្មោះ រ៉ា​ម៉ូ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ច្រក​រំដេង​លើ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​, ២.​ឈ្មោះ ផាន់ ភេទ អាយុ​៣៦​ឆ្នាំ , ៣.​ឈ្មោះ ចេង ជៀន អាយុ​៣០​ឆ្នាំ , ៤.​ឈ្មោះ រិ​ន រ៉េត អាយុ​៣០​ឆ្នាំ បីនាក់​នេះ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាមួយគ្នា បានធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង ទៅខាង​ជេ​ី​ង ហើយ​នៅពេល​មកដល់ ចំណុចកើតហេតុ​ខាងលើ ក៏ត្រូវ​រថយន្ដ​មួយគ្រឿង ពុំ​ស្គាល់​ម៉ាក បើកបរ​ក្នុងទិសដៅ​ច្រាស​គ្នា ទិសដៅ​ពី​ខាង​ជេ​ី​ង ទៅខាង​ត្បូង បុក​ពេញទំហឹង បណ្ដាលឱ្យ​បុរស​ជា​ជនរងគ្រោះ ទាំង​ប្រាំ នាក់ ក្នុងនោះ ឈ្មោះ ខាន់ សំណាង​, ឈ្មោះ ផាន់ ភេទ និង​ឈ្មោះ រ៉ា​ម៉ូ ទាំងបី​នាក់​នេះ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ រីឯ ឈ្មោះ រិ​ន រ៉េត បាន​រងរបួស​ធ្ងន់ និង​ឈ្មោះ ចេង ជៀន រងរបួស​ស្រាល​។​

​នគ​បាល​ចរាចរណ៍ ស្រុក​បរិបូ​ណ៍ បានបញ្ជាក់​ថាៈ ក្រោយពេល​កេ​ី​ត​ហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​វាស់វែង កន្លែងកើតហេតុ និង​បានធ្វើ​កំណត់ហេតុ ប្រគល់​សាកសព ជូន​ក្រុមគ្រួសារ នាំយកទៅ​ធ្វេ​ី​បុណ្យ តាម​ប្រពៃណី​។ ដោយឡែក អ្នករងរបួស បាន​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​។ ចំណែក​ឯម​ធ្យា​បាយ​ម៉ូតូ​កង់​បី ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​បរិបូណ៌ ដេ​ី​ម្បី កសាង​ឯកសារ តាម​នីតិវិធី​៕/V​