ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់និងផ្ទះរាប់សិបរងការខូចខាតដោយការផ្ទុះជាច្រើននៅក្នុងទីក្រុងបែលហ្គោរ៉ូត(Belgorod)របស់រុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែន នៅពេលកងកម្លាំងអ៊ុយក្រែនវាយប្រហារមូលដ្ឋានយោធារុស្ស៊ីមួយនៅក្នុងប្រទេសអ៊ុយក្រែនខាងត្បូងដែលរុស្ស៊ីកំពុងកាន់កាប់។
ទីក្រុងបែលហ្គោរ៉ូតដែលមានមនុស្សជិត៤សែននាក់រស់នៅនិងនៅចម្ងាយ៤០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនរងការផ្ទុះខ្លាំងជាច្រើននៅព្រឹកថ្ងៃអាទិត្យ
អភិបាលក្រុងបែលហ្គោរ៉ូតលោក វ្យ៉ាឆេស្លាវ ក្លាតកូវ(Vyacheslav Gladkov)នៅព្រឹកថ្ងៃអាទិត្យបានរាយការណ៍អំពីការផ្ទុះមួយចំនួននៅក្នុងទីក្រុងដែលនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។អាគារផ្ទះល្វែងយ៉ាងតិច១១និងផ្ទះចំនួន៣៩បានរងការខូចខាត។
ក្នុងពេលជាមួយគ្នាសមាជិកសភារុស្ស៊ីជាន់ខ្ពស់ម្នាក់បានចោទប្រកាន់អ៊ុយក្រែនថាបាញ់ផ្លោងដាក់ទីក្រុងបែលហ្គោរ៉ូត និងស្នើការឆ្លើយតបខ្លាំងក្លា។
សូមបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូបានចោទប្រកាន់អ៊ុយក្រែនចំពោះការវាយប្រហារជាច្រើនលើកលើទីក្រុងបែលហ្គោរ៉ូតនិងនៅតំបន់ដទៃទៀតនៅជាប់ព្រំដែនអ៊ុយក្រែនចាប់តាំងពីពេលខ្លួនបើកប្រតិបត្តិការពិសេសចូលអ៊ុយក្រែនមក។អ៊ុយក្រែនមិនបានប្រកាសទទួលខុសត្រូវទេ តែបានពណ៌នាវាជាផលត្រឡប់ឬ«កម្ម»ចំពោះការវាយប្រហាររបស់រុស្ស៊ីលើប្រជាជនអ៊ុយក្រែន។
នៅមិនទាន់មានការអះអាងយ៉ាងណាពីអ៊ុយក្រែននៅឡើយទេចំពោះឧបទ្ទវហេតុនៅបែលហ្គោរ៉ូតនេះ និងទីភ្នាក់ងារសារព័ត៌មានបរទេសក៏មិនអាចបញ្ជាក់ពីរុស្ស៊ីបានដែរ។
ទោះជាយ៉ាងណា នាយសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយថាកងកម្លាំងអាកាសរបស់ខ្លួនបានបញ្ជូនចេញយន្តហោះប្រមាណ១៥ជើងចូលទៅកាន់គោលដៅសត្រូវ ដោយបំផ្លាញគ្រឿងបរិក្ខាយោធាសត្រូវ២០កងនិងឃ្លាំងគ្រាប់ចំនួនពីរ។
នៅក្នុងទីក្រុងម៉េលីតូប៉ូល(Melitopol)របស់អ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ កងកម្លាំងអ៊ុយក្រែនបានវាយប្រហារមូលដ្ឋានយោធាមួយជាមួយនឹងការបាញ់ចូលជាង៣០គ្រាប់។
សូមបញ្ជាក់ថា រុស្ស៊ីកំពុងផ្តោតលើការវាយបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីខេត្តលុនហាន់សខ៍(Luhansk)និងដុនណិតសខ៍(Donetsk) កន្លែងដែលពួកផ្តាច់ទឹកដីគាំទ្រដោយរុស្ស៊ីកំពុងប្រយុទ្ធទល់នឹងទាហានអ៊ុយក្រែនចាប់តាំងពីអន្តរាគមន៍យោធារុស្ស៊ីជួយពួកគេកាលពីថ្ងៃ២៤កុម្ភៈ។
ទាហានអ៊ុយក្រែននៅតាមខ្សែខាងកើតបានពណ៌នាការបាញ់ផ្លោងដោយកាំភ្លើងធំរបស់រុស្ស៊ីមកលើខ្លួននិងតំបន់ប្រជាជនរស់នៅថាខ្លាំងក្លា ជាពិសេសជុំវិញនិងក្នុងទីក្រុងលីស៊ីចាន់សខ៍(Lysychansk) ដែលជាមូលដ្ឋានរឹងមាំចុងក្រោយរបស់កងកម្លាំងអ៊ុយក្រែននៅខេត្តលុនហាន់សខ៍។
កងកម្លាំងរុស្ស៊ីទើបចាប់យកទីក្រុង ស៊ីវីរ៉ូដូណិតសខ៍(Sievierodonetsk)នៅក្បែរក្រុងលីស៊ីចាន់សខ៍ ក្រោយការឡោមព័ទ្ធបាញ់ជ្រុំដាក់ខ្លាំងបំផុតអស់រាប់សប្តាហ៍៕
ទីក្រុង ស៊ីវីរ៉ូដូណិតសខ៍ ក្រោយការបាញ់ផ្លោងរបស់រុស្ស៊ីរាប់សប្តាហ៍