​ដោយៈ គង់​ហេង / កំពង់ចាមៈ លោក​វេជ្ជបណ្ឌិត តា​កេ​ស៊ិ កា​សា​អ៊ិ (TAKESHI KASAI) នាយក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច នៃ​អង្គការ​សុខភាព​ពិភពលោក បានស្នើ​ឱ្យ កម្ពុជា ដែលជា​ជើងឯក​មួយ ទទួលបាន​ពានរង្វាន់​ពិភពលោក ផ្នែក​ការគ្រប់គ្រង​ថ្នាំជក់ ងាក​មក​ផ្តោតលើ​ជំងឺ ដែល​មិន​ឆ្លង និង​ផ្តោតលើ​បញ្ហា​សុខភាព​តែម្តង​។​

​ការស្នើ​របស់​នាយក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច នៃ​អង្គការ​សុខភាព​ពិភពលោក ធ្វើឡើង ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ លើ​វិស័យ​សុខាភិបាល នៅ​សាលាខេត្ត​កំពង់ចាម ជាមួយ​រដ្ឋបាលខេត្ត ដឹកនាំ​ដោយ​លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត និង​គណៈប្រតិភូ​ក្រសួងសុខាភិបាល ដឹកនាំ​ដោយ​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល កាលពី​រសៀល​ថ្ងៃទី​២ កក្កដា ម្សិលមិញ​។​

​លោក TAKESHI KASAI បាន​មានប្រសាសន៍ថាៈ អ្វី​ដែលជា​ឧបសគ្គ​ឬ​បញ្ហា​សុខភាព គឺ​យើង​មិន​សំដៅ​តែ​ទៅលើ​ជំងឺឆ្លង​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​យើង​ពិភាក្សា​ដោះស្រាយ ចំពោះ​បញ្ហា​ផ្សេងៗ គឺ​ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម និង​ជំងឺមហារីក ដែល​យើង​ហៅថា ជំងឺ​ដែល​មិន​ឆ្លង​នោះ​។ ដោយ​ជា​យុទ្ធសាស្ត្រ ក្នុងការ​ដោះស្រាយ​ជំងឺមិនឆ្លង​នេះ គឺ​យើង​ត្រូវតែមាន​កំណែទម្រង់ ទៅលើ​ប្រព័ន្ធ ដែល​យើង​កំពុងមាន​រាល់ថ្ងៃ មានន័យថា ធ្វើការ​ផ្លាស់ប្តូរ​ពី​ការផ្តោត​លើ​ជំងឺ គឺ​ផ្លាស់ប្តូរ​មក​ផ្តោតលើ បញ្ហា​សុខភាព​ម្តង​។​

​លោក​បាន​បន្ថែមថាៈ ព្រោះថា​ប្រព័ន្ធ​កំពុង​ប្រើប្រាស់​សព្វថ្ងៃ ឬ​មាន​សព្វថ្ងៃនេះ គឺ​សង្ឃឹម​ឬ រំពឹងទុក​របស់​ប្រជាពលរដ្ឋ នៅពេល​ឈឺ ឬ​មាន​បញ្ហា គឺ​គាត់​នឹង​មក​ទទួល​សេវា​។ ប៉ុន្តែ​អ្វីដែល​អាច​ផ្លាស់ប្តូរ​បាន ឱ្យ​កាន់តែ​ប្រសើរ​នោះ គឺ​យើង​ធ្វើយ៉ាងណា រក​យុទ្ធសាស្ត្រ យ៉ាងណា ដើម្បីឱ្យ​ប្រជាពលរដ្ឋ ឬ​សហគមន៍ បានដឹង​អំពី​សម្ពាធ​ឈាម​របស់គាត់ ដឹង​ពី​កម្រិត​ជាតិ​ស្ករ​របស់​ពួកគាត់ ហើយ​យើង​ធ្វើ​យ៉ាងម៉េច ឱ្យ​សហគមន៍​របស់​ប្រជាពលរដ្ឋ អាច​រក្សា​នូវ​សុខភាព​របស់​ពួកគាត់ រក្សា​នូវ​បញ្ហា​ដែល​គាត់​មាន​នេះ ឱ្យនៅ​ទាប ដើម្បី​ឱ្យមាន​សុខភាព​ល្អ​។​

​លោក​បាន​បន្តថាៈ ក្នុងនោះ អ្វីដែល​យើង​ធ្វើការ​សិក្សា ពីបទ​ពិសោធន៍ ជុំវិញ​សកលលោក រួមទាំង​ប្រទេស​ជា​សមាជិក ដែល​យើង​ធ្វើការ​ជាមួយ​នោះ គឺ​ដើម្បី​សុខភាព ឬ​សេវា​សុខភាព កាន់តែ​ប្រសើរ គឺ​ត្រូវ​ផ្តោតលើ​ការដែល​យើង​ហៅថា តម្រូវការ​ចាំបាច់ និង​តម្រូវការ​ពិតប្រាកដ របស់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​។ ជាពិសេស ពី​អតីតកាល យើង​បាន​រៀនសូត្រ និង​ចែករំលែក​បទពិសោធន៍​ជាច្រើន ពី​ប្រទេស​កម្ពុជា​ផ្ទាល់ ហើយ​ប្រទេស​កម្ពុជា បាន​ប្រើប្រាស់​បទពិសោធន៍ ជា​ម៉ូ​ដែល សម្រាប់​ប្រទេស និង​សម្រាប់​ថែរក្សា​សុខភាព បឋម​នេះ​។ បទពិសោធន៍ ប្រទេស​កម្ពុជា ប្រទេស​ដទៃទៀត កាលនោះ បាន​ចែករំលែក ឱ្យ​ប្រទេស​ដទៃ​ផងដែរ បាន​ទុកជា​ម៉ូ​ដែល​។​

​ជាមួយ​នោះ លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម បាន​មានប្រសាសន៍​តប​ថាៈ សូម​អរគុណ​នូវ​គំនិត​លើកឡើង ជា​គន្លឹះ​ល្អៗ និង​ថ្មីៗ របស់លោក TAKESHI KASAI នាយក​ប្រចាំ​តំបន់​ប៉ាំ​ស៊ី​ហ្វិ​ក ខាងលិច នៃ​អង្គការ​សុខភាព​ពិភពលោក ដល់​រដ្ឋបាល ខេត្តកំពង់ចាម​។ ចំពោះ​បញ្ហា​ជំងឺមិនឆ្លង ដែល​ធ្វើឱ្យប៉ះពាល់ ដល់​ប្រជាពលរដ្ឋ គឺ​ត្រូវ​រួមគ្នា ដាក់ចេញ​ជា​ទស្សនៈវិស័យ​ឯកភាពគ្នា ដើម្បី​ការពារ​ទុកជាមុន​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថាៈ ធ្វើ​ម៉េច​ឈឺ មុននឹង​ឈឺ ដូរ​ទម្លាប់ មុន​មក​ពេទ្យ មានការ​យល់ដឹង​នេះ ដើម្បី​រក្សា​ធនធាន គឺ​យើង​មិនចាំបាច់​ឈឺ​មក​ពេទ្យ ព្រោះ​កាលណា​ឈឺ ហើយ​មក​ពេទ្យ ត្រូវ​ចំណាយ​ទាំង​ធនធាន ថវិកា ពេលវេលា ធ្វើឱ្យប៉ះពាល់​ដល់ ជីវភាព​គ្រួសារ តែបើ​រក្សា​សុខភាព​បាន​ល្អ មិនមាន​ជំងឺ ជាការ​ចូលរួម សន្សំសំចៃ​ថវិកា ជា​ផ្នែក​មួយ កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​គ្រួសារ គឺ​លោក​នឹងធ្វើ​ជូន​បញ្ហា​នេះ ដល់​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​៕/V​