ដោយ​៖ ដេប៉ូ / កោះកុង​៖ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បានឱ្យដឹងថាៈ តំបន់​ទឹកធ្លាក់​ដ៏ មាន​សក្តានុពល នៃ​អេកូ​ទេសចរណ៍ធម្មជាតិ មួយកន្លែង ដែល​បាន​បង្កប់​លាក់ខ្លួន នៅលើ​ខ្នងភ្នំ​ម្រេចកង្កែប ត្រូវបាន​រកឃើញ ដោយ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន ខេត្តកោះកុង ដោយ​គេ​សង្ឃឹម​ជឿជាក់ ថា​នឹង​បម្រើ​វិស័យ​ទេសចរណ៍ មួយកន្លែង​ទៀត ក្នុង​ខេត្តកោះកុង​។
​តំបន់​ទឹកធ្លាក់​ដែល​ទើប​រកឃើញ​ថ្មី​នេះ នៅលើ​ខ្នងភ្នំ​ម្រេចកង្កែប ស្ថិតក្នុង​ភូមិ​ច្រក​ឫស្សី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង​។ ការរកឃើញ​នេះដែរ បន្ទាប់ពី លោក វ៉េ​ត សុនី​ម អនុប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកោះកុង បាន​ដឹកនាំ​ក្រុមការងារ សហការ​ជាមួយ​គណៈកម្មការ សហគមន៍​ទេសចរណ៍ធម្មជាតិ ស្ទឹង​ឆាយ​អា​រ៉ែ​ង និង​លោកនាយក​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ កណ្តាល បានធ្វើការ​ស្រាវជ្រាវ រុករក​ទីតាំង​តំបន់​ទឹកធ្លាក់ នៅលើ​ខ្នងភ្នំ​ម្រេចកង្កែប កាលពី​ថ្ងៃទី​១ ខែ កក្កដា ឆ្នាំ​២០២២​។​

​លោក វ៉េ​ត សុនី​ម បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង នា​រសៀល​ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ​២០២២ នេះ​ថាៈ ទឹកធ្លាក់​ដែល​បាន​បង្កប់ លាក់ខ្លួន​ក្នុងព្រៃ ទើប​រកឃើញ​នេះ មានឈ្មោះ ទឹកធ្លាក់ ” ឆាយ​តា​ភោគ ” ដែលមាន​ចំណុច​និយាម​កា (៣៤៣០៦៧ ១២៩១៩២៤) មាន​ទីតាំង នៅលើ​ខ្នងភ្នំ​ម្រេចកង្កែប ស្ថិតក្នុង​ភូមិ​ច្រក​ឫស្សី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង ដែល​ទឹកធ្លាក់​នេះ មាន​កម្ពស់​ប្រមាណ ១៥ ម៉ែត្រ ហូរ​ធ្លាក់ចុះ​មកក្រោម ហើយ​មាន​ចំងាយ ពី​ទីតាំង ពយ​ម្រេចកង្កែប ប្រវែង​ប្រមាណ ២៥០ ម៉ែត្រ ទៅដល់​ទីតាំង​ទឹកធ្លាក់​។​

​លោក អនុប្រធាន​មន្ទីរ បានបញ្ជាក់​ថាៈ “ តាមពិត ទឹកធ្លាក់​មួយកន្លែង​នេះ ប្រជា​សហគមន៍ នៅ​កន្លែង​នេះ បាន​ស្កាល់​យូរលង់​ណាស់​មកហើយ គ្រាន់តែ​អ្នកទេសចរ​និង​ក្រុម​អ្នកស្រាវជ្រាវ កន្លងមក មិនទាន់​ទៅដល់​ប៉ុណ្ណោះ​។ តំបន់​នេះ មាន​ទឹកជ្រោះ​ស្រស់ស្អាត គួរ​ជាទី​ទាក់ទាញ និង​មិន​ចាញ់​ទី​តំបន់​ទេសចរណ៍​ដទៃទៀត ក្នុង​តំបន់​អា​រ៉ែ​ង​ឡើយ​”​។​

​លោក វ៉េ​ត សុនី​ម បានឱ្យដឹង​ដែរ​ថាៈ បន្ទាប់ពី​ការចុះ​ស្រាវជ្រាវ រកឃើញ​នេះ មន្ទីរ​បរិស្ថាន ខេត្តកោះកុង និង​ភាគី​ពាក់ព័ន្ធ នឹង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​ផ្លូវ​ឱ្យចូល​ទៅកាន់ ទីកន្លែង​នោះ ដើម្បី​ប្រែក្លាយជា​តំបន់​ទេសចរណ៍ កន្លែង​ថ្មី​មួយទៀត សម្រាប់អ្នកទេសចរ បាន​ចូល​កម្សាន្ត នៅ​ថ្ងៃ​ខាងមុខ​។​

​លោក​បានបញ្ជាក់​ដូច្នេះ​ថាៈ ” ស្ថានភាព​ផ្លូវ ចុះទៅ​ដល់ទី​តាំង​ទឹកធ្លាក់ ឆាយ​តា​ភោគ​មាន​ផលវិបាក ក្នុងការ​ធ្វើដំណើរ ចុះទៅ​ទីតាំង​ខាងក្រោម​នៃ​ទឹកធ្លាក់ ព្រោះ​មាន​បាំង​ថ្ម​ដាច់ (​ចំណោត​ចោទ​ខ្ពស់​) ដូច្នេះ​ត្រូវការ​ថវិកា សម្រាប់ រៀបចំ​រចនាសម្ព័ន្ធ​នៅ​ចំណុច​ទឹកធ្លាក់​នេះ បន្ថែមទៀត​”​។​

​ជាមួយ​ការរកឃើញ​នេះ លោក អនុប្រធាន​មន្ទីរ សង្ឃឹមថាៈ អ្នកទេសចរ នឹង​បានឃើញ និង​ចូល​កម្សាន្ត​លំហែកាយ នា​ថ្ងៃ​ខាងមុខ ពុំខាន​៕/V​