ដោយ:ទេពកង្រី/កំពង់ឆ្នាំង:​ កាលពីព្រឹកថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២២ផ្នែករដ្ឋបាល ព្រៃឈើកំពង់ត្រឡាច សហការជាមួយកម្លាំងការពារចម្ការឈើព្រៃដាំរបស់រដ្ឋ បានចុះប្រតិបត្តិការនៅតំបន់ ដំណាក់ស្វាយ ស្ថិតក្នុង.ភូមិក្តុរអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមាន ជ័យ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណី​ ឈូសឆាយដីចម្ការព្រៃដាំប្រភេទអាកាស្យារបស់រដ្ឋ ។

ការឃាត់ខ្លួនខាងលើនេះមានការសម្រប សម្រួលនីតិវិធីពីលោក អុិត​ សុធា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​កំពង់ឆ្នាំង ក្រោយពីកម្លាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច សហការជាមួយកម្លាំងការពារចម្ការឈើព្រៃដាំ បានចុះប្រតិបត្តិការនៅតំបន់ ដំណាក់ស្វាយប្រទះឃេីញកំពុងធ្វេីសកម្មភាពឈូសឆាយជាក់ស្តែង ។

បើយោងតាមរបាយការណ៍របស់ផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចបានឪ្យដឹងថាជនសង្ស័យឈ្មោះ ពែក បូរៀម ភេទប្រុសអាយុ២២ឆ្នាំជាអ្នកបើកត្រាក់ទ័រនិងឈ្មោះតូច ខុម ភេទប្រុសអាយុ៦៩ឆ្នាំជាម្ចាស់ត្រាក់ទ័រ​ ដោយមានអ្នកជួលឈ្មោះហេង ភេទប្រុស និងប្អូនឈ្មោះល័ក្ខ ភេទស្រី រស់នៅភូមិក្តុរអភិវឌ្ឍន៍។

ក្រុមការងារដែលបានចុះប្រតិបត្តិការខាងលេីនេះមិនទាន់បានគណនាទំហំដីគេធ្វើការឈូសឆាយនៅឡើយទេ ។

បច្ចុប្បន្នជនសង្ស័យ​ និងត្រាក់ទ័របានយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈេីកំពង់ត្រឡាចអនុវត្តបន្តតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ ៕សរន