ដោយ: សៅវ៉ាន់ឌី/ព្រះវិហារ :លោក ស្រី ឌឹក សមាជិក គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត បានធ្វើការរំលឹកដល់ សមាជិកសមាជិកាទាំងអស់ថា៖ បើយើងចង់បានការគាំទ្រ យើងត្រូវតែបម្រើប្រជាជនដោយស្មោះត្រង់ ហើយបើចង់ឲ្យប្រជាជនស្រឡាញ់ និងគាំទ្របក្ស យើងត្រូវធ្វើឲ្យពលរដ្ឋស្រឡាញ់ចេញពីបេះដូង យើងមិនត្រូវធ្វើខ្លួនជាចៅហ្វាយរាស្ត្រ ត្រូវតែធ្វើខ្លួនជាមន្ត្រីបម្រើរាស្ត្រ និងកុំធ្វើខ្លួនជាមន្ត្រីជើង១០ ត្រូវធ្វើជាមន្ត្រីជើង២ ទើបយើងទទួលបានការគាំទ្រ និងជោគជ័យ ។

លើកឡើងរបស់លោក ស្រី ឌឹក នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩៥១ – ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២២។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លី សារ៉ារិទ្ធី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត ព្រមទាំងវត្តមាន លោក លោកស្រី សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនកុះករ ។

លោកស្រី ឌឹក បានរំលឹកបន្ថែមទៅកាន់សមាជិកសមាជិកាថា មកដល់ដំណាក់កាល យើងត្រូវយកអភិក្រមទាំង៥ ដែលដាក់ចេញដោយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ទី១ ងូតទឹក ទី២ ដុះក្អែល ទី៣ ឆ្លងកញ្ចក់ ទី៤ ព្យាបាល និងទី៥ វះកាត់ ហើយចំណុចនេះ ត្រូវតែធ្វើការអនុវត្ត ចាប់ពីក្រោមរហូតដល់លើ និងពីលើចុះមកដល់ក្រោម នៅមុនការបោះឆ្នោតសកលឆ្នាំ២០២៣ អាណត្តិព្រឹទ្ធសភា នាថ្ងៃខាងមុខនេះ ៕សរន