ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ យោធាអ៊ុយក្រែនកាលពីថ្ងៃអាទិត្យបានដកថយចេញពីទីក្រុងលីស៊ីចាន់សខ៍( Lysychansk)នៅពេលកងកម្លាំងរុស្ស៊ីអះអាងជ័យជម្នះធំមួយដោយសារដណ្តើមបានការគ្រប់គ្រងតំបន់លុនហាន់សខ៍(Lugansk)ទាំងមូល។
ទីក្រុងលីស៊ីចាន់រងការខូចខាតក្រោយស្ថិតក្រោមការបាញ់ផ្លោងនិងប្រយុទ្ធគ្នាជាខ្លាំងរាប់សប្តាហ៍
ការដកចេញរបស់កងកម្លាំងអ៊ុយក្រែនកើតឡើងក្រោយការប្រយុទ្ធគ្នាដ៏ខ្លាំងអស់រាប់សប្តាហ៍និងកត់សំគាល់ការទម្លាយឧបសគ្គធំចុងក្រោយមួយសំរាប់កងកម្លាំងរុស្ស៊ីក្នុងរយៈពេលជាងបួនខែមកនេះក្រោយពីខ្លួនងាកចេញពីការផ្តោតលើការវាយកាន់កាប់រដ្ឋធានីគៀវ។
លីស៊ីចាន់សខ៍ ជាទីក្រុងធំចុងក្រោយនៅក្នុងតំបន់លុនហាន់សខ៍នៃតំបន់ដុនបាសភាគខាងកើតអ៊ុយក្រែនដែលបន្តនៅក្នុងដៃអ៊ុយក្រែន ហើយការបាត់បង់ទីក្រុងនេះផ្តល់អោយកងកម្លាំងរុស្ស៊ីនូវប្រៀបក្នុងការវាយយកទីក្រុងក្រាម៉ាតសខ៍(Kramatorsk)និងស្លូវៀនសខ៍(Sloviansk)ក្នុងតំបន់ដុនណិតសខ៍(Donetsk)ក្បែរខាង។
ប្រធានាធិបតីអ៊ុយក្រែនមុននេះបានបដិសេធថាលីស៊ីចាន់សខ៍មិនបានធ្លាក់ក្នុងដៃរុស្ស៊ីទេ មុនយោធាអ៊ុយក្រែនប្រកាសថាខ្លួនដកចេញពីទីនេះនៅល្ងាចថ្ងៃអាទិត្យ។
យោធាបាននិយាយថា«ការបន្តការពារទីក្រុងនេះនឹងនាំដល់ការបាត់បង់អាយុជីវិតពលទាហានច្រើនដោយសាររុស្ស៊ីមានប្រៀបជាងទាំងគ្រឿងបរិក្ខាយោធានិងចំនួនទាហាន។ដើម្បីរក្សាអាយុជីវិតយុទ្ធជនអ៊ុយក្រែន យើងបានសំរេចចិត្តដកទ័ព។ ឆន្ទៈរឹងដូចដែកនិងទឹកចិត្តស្នេហាជាតិមិនគ្រប់គ្រាន់ដើម្បីដណ្តើមបានជោគជ័យទេ វាត្រូវមានប្រភពធនធានសម្ភារនិងបច្ចេកទេសបន្ថែមទៀត»។
បរាជ័យចុងក្រោយនេះរបស់របស់អ៊ុយក្រែននេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អ៊ែនថូនី អាល់បាណេស កាលពីថ្ងៃអាទិត្យបានសន្យាផ្តល់ជំនួយយោធាបន្ថែមទៀត រួមមានរថពាសដែកនិងដ្រូនក្នុងអំឡុងពេលលោកជួប លោកហ្សេឡេនស្គី នៅទីក្រុងគៀវ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីធ្វើទស្សនកិច្ចអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ និងសន្យាផ្តល់ជំនួយយោធាបន្ថែម
នៅក្នុងការថ្លែងកាលពីយប់ថ្ងៃអាទិត្យ លោកហ្សេឡេនស្គីបាន ប្តេជ្ញាបន្តប្រយុទ្ធនិងវាយយកមកវិញទឹកដីដែលបាត់បង់ ហើយធានាថាយោធាអ៊ុយក្រែននឹងទទួលបានសព្វាវុធកាន់តែទំនើបឡើង។
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គីកាលពីថ្ងៃអាទិត្យបានទទួលស្គាល់ថា កងកម្លាំងអ៊ុយក្រែនបានដកចេញពីទីក្រុងលីស៊ីចាន់សខ៍ក្នុងតំបន់ដុនបាសតែបានប្តេជ្ញាស្តារការគ្រប់គ្រងតំបន់នេះមកវិញ ដោយសារកលយុទ្ធយោធានិងលទ្ធភាពនៃការទទួលបានសព្វាវុធថ្មីៗនិងប្រសើរឡើង
នៅថ្ងៃអាទិត្យនេះដែរ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានបាញ់កាំជ្រួចក្បាលគ្រាប់ចង្កោមចំនួនបីដើមដាក់ទីក្រុងបែលហ្គោរ៉ូត(Belgorod)នៅជាប់នឹងព្រំដែនអ៊ុយក្រែន បន្ទាប់ពីបេឡារូសបាននិយាយថាខ្លួនបានស្ទាក់កំទេចកាំជ្រួចរបស់អ៊ុយក្រែន។
រដ្ឋាភិបាលទីក្រុងមូស្គូក៏បានអះអាងថា កងការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់កាំជ្រួចចង្កោមធុនតូចឆ្កា-អ៊ុយ(Tochka-U)ចំនួនបីដើមដែលពួកជាតិនិយមអ៊ុយក្រែនបាញ់សំដៅទីក្រុងបែលហ្គោរ៉ូត។
ការវាយប្រហារដោយកាំជ្រួចរបស់អ៊ុយក្រែនចូលក្រុងបែលហ្គោរ៉ូតកាលពីថ្ងៃអាទិត្យបានសម្លាប់មនុស្សបីនាក់ និងបំផ្លាញផ្ទះប្រមាណ៥០៕
ទីក្រុងបែលហ្គោរ៉ូត របស់រុស្ស៊ីរងការវាយប្រហារដោយកាំជ្រួចអ៊ុយក្រែន