ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅខាងក្នុងផ្សារទំនើបដ៏មមាញឹកមួយក្នុងរដ្ឋធានីដាណឺម៉ាកកាលពីថ្ងៃអាទិត្យទី៣កក្កដា ដោយសម្លាប់មនុស្សបីនាក់ និងរបួសធ្ងន់បីនាក់ផ្សេងទៀត។
អធិការប៉ូលិសក្រុងកូប៉ែនហាក លោក សូរេន ថូម៉ាសសិន (Søren Thomassen) បានប្រាប់អ្នកយកព័ត៌មានថា បុរសជនជាតិដាណឺម៉ាកអាយុ ២២ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការបាញ់ប្រហារនេះ ដោយបន្ថែមថាគ្មានការចង្អុលបង្ហាញណាមួយថាមានអ្នកផ្សេងទៀតពាក់ព័ន្ធនឹងការវាយប្រហារនេះទេ ទោះបីប៉ូលិសនៅកំពុងស៊ើបអង្កេតក៏ដោយ។
អំពើហិង្សាដោយកាំភ្លើងគឺកម្រមានណាស់នៅក្នុងប្រទេសដាណឺម៉ាក។
លោកថូម៉ាសសិនបាននិយាយថា វាលឿនពេកដែលនាំគ្នាប៉ាន់ស្មានពីហេតុផលពីក្រោយការបាញ់ប្រហារ ដែលបានកើតឡើងនៅរសៀលថ្ងៃអាទិត្យនៅឯផ្សារហ្វៀលស៍( Field’s)ដែលជាផ្សារទំនើបដ៏ធំបំផុតមួយក្នុងប្រទេសក្នុងតំបន់ស្កានឌីណាវីយ៉ា (Scandinavia)មួយនេះ និងមានទីតាំងនៅជាយរដ្ឋធានីដាណឺម៉ាក។
យោងតាមសាក្សីបានឱ្យដឹងថា នៅពេលដែលការបាញ់ប្រហារបានកើតឡើង មនុស្សមួយចំនួនបានលាក់ខ្លួននៅក្នុងហាង ខណៈអ្នកផ្សេងទៀតរត់គេចខ្លួនទាំងភ័យស្លន់ស្លោនិងជាន់គ្នា។
លោក ហាន គ្រីស្ទាន ស្តូលស៍ (Hans Christian Stoltz) ទីប្រឹក្សាផ្នែកព័ត៌មានវិទ្យាអាយុ ៥៣ ឆ្នាំ ដែលកំពុងនាំកូនស្រីរបស់គាត់ទៅមើលការសម្តែងរបស់តារាចម្រៀង ហារី ស្តាយ (Harry Styles) នៅឯការប្រគុំតន្ត្រី ដែលគ្រោងធ្វើនៅយប់ថ្ងៃអាទិត្យនៅជិតផ្សារទំនើបនេះ បាននិយាយថា “វាពិតជាគួរឱ្យភ័យខ្លាចខ្លាំងណាស់។អ្នកប្រហែលជាឆ្ងល់ថាតើមនុស្សអាចធ្វើបែបនេះចំពោះមនុស្សផ្សេងទៀតបានដោយរបៀបណា ប៉ុន្តែវាហួស…ហួសពីអ្វីដែលអាចធ្វើទៅបាន”។
លោកថូម៉ាសសិនបាននិយាយថា ជនរងគ្រោះរួមមានបុរសម្នាក់អាយុខ្ទង់ ៤០ ឆ្នាំ និង “មនុស្សវ័យក្មេង” ពីរនាក់ ដោយមិនបានផ្តល់ព័ត៌មានលម្អិតទេ។ លោកបន្តថា មនុស្សជាច្រើននាក់បានរងរបួស ក្នុងនោះមានបីនាក់របួសធ្ងន់៕
រថយន្តសង្គ្រោះនិងប៉ូលិសមកដល់មុខផ្សារទំនើប Field’s ក្រោយការបាញ់ប្រហារ
នៅពេលដែលការបាញ់ប្រហារបានកើតឡើង មនុស្សមួយចំនួនបានលាក់ខ្លួននៅក្នុងហាង ខណៈអ្នកផ្សេងទៀតរត់គេចខ្លួនទាំងភ័យស្លន់ស្លោនិងជាន់គ្នា