ដោយ​: អង្គា​រ៍​ហេង​/​ភ្នំពេញ​: យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២២​នេះ​ថា កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​មិន​រៀបរយ កាលពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃទី​០២ និង​ថ្ងៃទី​៣ ខែកក្កដា នៅ​ចំណុច​វិហារ​ឯក​រង្សី ស្ថិតនៅ​ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ជាក់ស្ដែង​ឃាត់ខ្លួន​មនុស្ស ប្រុស​ស្រី ចំនួន​១៧​នាក់ សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​

​ក្រោយពី​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន ជា​លទ្ធផល​មនុស្ស​ចំនួន​១១​នាក់ រកឃើញ​មាន​សារធាតុ​ញៀន និង​មនុស្ស​ចំនួន​០៦​នាក់ មិនមាន​សារធាតុ​ញៀន ហើយ​ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​