ដោយ៖ដេប៉ូ/ភ្នំពេញ៖ លោក ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ដោយមានកិច្ចសហការជាមួយ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ទទួលបន្ទុកខេត្តអ៊ិបារ៉ាគិ (ប្រទេសជប៉ុន) បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទររំលឹកខួប អនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ដោយមានការ ចូលរួមពីបណ្តាសិក្ខាកាម ពលករជំនាញ និស្សិត ជាសមាជិក សមាជិកានៃ គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តអិុបារ៉ាគិ ។

ថ្លែងក្នុងពិធីនេះ លោក ទុយ រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឲ្យមាន កម្មវិធីនេះ ព្រោះជាការបំផុសឲ្យយុវជនយុវនារី ដែលត្រូវបានបណ្តុះបណ្តាល នៅប្រទេសជប៉ុន ក្នុងនាមជាសិក្ខាកាម-ពលករជំនាញ និងជានិស្សិតបានយល់ ដឹងពីអត្ថន័យនៃខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

លោក មានប្រសាសន៍ថា” សន្តិភាពពេញលេញទូទាំងប្រទេស នៅចុងឆ្នាំ១៩៩៨ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមាន រហូតមកដល់សព្វថ្ងៃនេះ សុទ្ធតែមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ការមានសន្តិភាពនេះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជាយើងមានការអភិវឌ្ឍ ជាបន្តបន្ទាប់ឥតឈប់ឈរ ហើយបើគ្មានសន្តិភាព ក៏គ្មានការភិវឌ្ឍដែរ ហើយយើងទាំងអស់គ្នា ក៏គ្មានថ្ងៃនេះទេ ហើយប្អូនៗក៏មិនអាចមកដល់ប្រទេស ជប៉ុន និងទទួលបានការ បណ្តុះបណ្តាលនៅទីនេះដែរ នេះជាការពិតមិនអាច ប្រកែកបាន” ។ ហេតុដូច្នេះសូមយើងទាំងអស់រួមចំណែកការពារ និងរក្សាសុខសន្តិភាព ជូនជាតិមាតុភូមិយើង ” ។

ទន្ទឹមនឹង លោកទុយ រី បានរៀបរាប់ពីការសម្រេចបានកំណើនសេដ្ឋកិច្ច ខ្ពស់ប្រកបដោយចិរភាពក្នុងរយៈពេលជាងពីរទស្សវត្សមកនេះ ជាក់ស្តែង កំណើនសេដ្ឋកិច្ចកម្ពុជាបានវិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹងថា នឹងកាន់តែមានភាពប្រសើរឡើងទៀតនៅឆ្នាំ២០២២ និងនៅឆ្នាំ២០២៣ ខាងមុខ។

លោក ទុយ រី ផ្តាំផ្ញើដល់សិក្ខាកាម-ពលករជំនាញ និងជានិស្សិតចំនួន៣០នាក់ ដែលបានចូលរួម កុំភ្លេចការពារខ្លួនពីជម្ងឺកូវីដ-១៩ ត្រូវខិតខំប្រឹងប្រែង រៀនសូត្រ និងបំពេញការងារជូនក្រុមហ៊ុនឲ្យបានល្អ កុំរត់ ចោលក្រុមហ៊ុន កុំចាញ់បោកមេខ្យល់នាំឲ្យប្រឈមនឹងផ្លូវច្បាប់ ដែលនឹងនាំឲ្យ បាត់បង់ឱកាសបំពេញការងារបន្តទៀត ដោយត្រូវគិតដើម្បីខ្លួនឯង គ្រួសារ និងប្រទេសជាតិ ចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាអំពើអបាយ មុខផ្សេងៗ ។
នៅទីបញ្ចប់ លោក ទុយ រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក សុខ ចំណាន ប្រធានក្រុមការងារទទួលបន្ទុកខេត្តអ៊ិបារ៉ាគិ(ប្រទេសជប៉ុន) នៃក្រុមកាងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA) និងក្រុមការងារដែលបានចំណាយពេលធ្វើ ដំណើរពីប្រទេសកម្ពុជា និងអរគុណប្អូនៗដែលបានចំណាយពេលចូលរួម កម្មវិធីនេះក្នុងបរិយាកាសរីករាយប្រកបដោយភាពស្និតស្នាលបំផុត៕សរន