ប្រែសម្រួលៈបំណង(ST)៖ ចំនួនមនុស្សស្លាប់ពីការបាក់ដីសង្កត់ដ៏ធំនៅឥណ្ឌាកើនដល់៣៧នាក់កាលពីថ្ងៃអាទិត្យនៅពេលអ្នកជួយសង្គ្រោះខិតខំជម្នះនឹងការធ្លាក់ភ្លៀងខ្លាំងព្រមទាំងការបាក់ដីថ្មីដើម្បីស្វែងរកអ្នកបាត់ខ្លួន២៥នាក់ទៀតក្រោយឧបទ្ទវហេតុបីថ្ងៃ។
ជញ្ជាំងភក់និងថ្មបានបាក់គ្របលើកម្មករផ្លូវដែកនិងទាហានព្រមទាំងសមាជិកគ្រួសាររបស់គេនៅក្នុងរដ្ឋម៉ានីពួរ(Manipur)នៅឥណ្ឌាភាគឦសានក្រោយការធ្លាក់ភ្លៀងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ក្រុមជួយសង្គ្រោះបានរកឃើញអ្នកនៅមានជីវិតចំនួន១៨នាក់ផងដែរក្រោយការបាក់ដីបានប៉ុន្មានម៉ោង។
អ្នកនាំពាក្យកងទ័ពបានអោយដឹងកាលពីថ្ងៃអាទិត្យថា មនុស្ស២៨នាក់ទៀតនៅបាត់ខ្លួនមុនអាជ្ញាធរបានប្រកាសរកឃើញសាកសពមនុស្សបីនាក់ទៀត។លោកបាននិយាយថា ប្រតិបត្តិការស្វែងរកថ្ងៃទីបួននៅតែបន្តទោះជាស្ថានភាពអាកាសធាតុអាក្រក់ ដោយសារការធ្លាក់ភ្លៀងខ្លាំងនិងការបាក់ដីបន្ថែម។
សូមបញ្ជាក់ថា ភាគឦសានឥណ្ឌាដ៏ដាច់ស្រយាលមានហេដ្ឋារចនាសម្ពន្ធផ្លូវដែកនិងផ្លូវថ្នល់ដ៏អន់ តែឥណ្ឌានៅប៉ុន្មានឆ្នាំចុងក្រោយនេះជំរុញគំរោងដ៏មហិច្ឆតារបស់ខ្លួនដើម្បីប្រជែងនឹងចិនដែលសាងសង់ផ្លូវខ្វាត់ខ្វែងក្បែរព្រំដែន។តំបន់ព្រៃភ្នំនេះ បានរងការធ្លាក់ភ្លៀងខ្លាំងនៅប៉ុន្មានសប្តាហ៍មកនេះដោយបង្កការបាក់ដីនិងទឹកជំនន់។
ទាហាននិងសមាជិកគ្រួសាររបស់គេមួយចំនួនបានស្លាប់ក្នុងគ្រោះថ្នាក់បាក់ដីនៅការដ្ឋានផ្លូវដែកនេះ ដោយសារពួកគេត្រូវទៅឈរជើងការពារកម្មករផ្លូវដែកដោយសារតំបន់នោះមានឧទ្ទាមកម្មប្រឆាំងរដ្ឋាភិបាលកណ្តាល៕
ប្រតិបត្តិការស្វែងរកជនរងគ្រោះនៅបន្តក្រោយឧបទ្ទវហេតុបាក់ដីអស់បួនថ្ងៃ