​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកការទូត​រុស្ស៊ី​ម្នាក់​បាន​និយាយថា​យន្តហោះ​រុស្ស៊ី​ពីរ​គ្រឿង​បាន​ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី​កាលពី​ថ្ងៃអាទិត្យ​ទី​៣​កក្កដា​ជាមួយ​នឹង​បុគ្គលិក​ការទូត​រុស្ស៊ី​​ជាច្រើន​នាក់​និង​ក្រុមគ្រួសារ​របស់​ពួកគេ ចំ​ពេល​មាន​ការបណ្តេញចេញ​ទ្រង់ទ្រាយ​ធំ ដែល​ធ្វើឱ្យ​មាន​ភាព​តានតឹង​ខ្លាំង​រវាង​ប្រទេស​ជិត​ស្និទ្ធ​នឹង​គ្នា​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​លោក ហ្វី​លីព វ៉ូ​ស្ក្រេ​សិន​ស្គី (Filip Voskresenski) អ្នកការទូត​ជាន់ខ្ពស់​រុស្ស៊ី​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​សូ​ហ្វី​យ៉ា (Sofia) របស់​ប៊ុលហ្គារី​មុន​ពេល​ជើង​​ហោះហើរ​ចាកចេញ​ថា គាត់​ស្ថិតក្នុង​ចំណោម​បុគ្គលិក​ការទូត​រុស្ស៊ី​ចំនួន ៧០ នាក់​ដែល​គេ​បាន​ប្រកាសថា​ជា “​បុគ្គល​មិន​ត្រូវបាន​ស្វាគមន៍​” កាលពី​សប្តាហ៍​មុន​ហើយ​ត្រូវបាន​បញ្ជា​ឱ្យ​ចាកចេញ​ពីប្រ​​ទេស​នៅត្រឹម​យប់​ថ្ងៃអាទិត្យ​។​

​ការសម្រេចចិត្ត​របស់​ប៊ុលហ្គារី​ក្នុង​ការបណ្តេញ​អ្នកការទូត​រុស្ស៊ី​ត្រូវបាន​ប្រកាស​ដោយ​នាយករដ្ឋមន្ត្រី​ស្តីទី គី​រី​ល ប៉េ​ត​កូវ (Kiril Petkov) ដែល​បាន​ប្រកាន់​ជំហរ​តឹងរ៉ឹង​ប្រឆាំងនឹង​រុស្ស៊ី​បន្ទាប់ពី​​ការ​វាយលុក​ចូល​អ៊ុយ​ក្រែន​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។ លោកប៉េ​តកូវ ដែល​បាន​ចាញ់​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​កាលពី​ថ្ងៃទី ២២ ខែមិថុនា បាន​អះអាង​ថា ទីក្រុង​មូ​ស្គូ​បាន​ប្រើ​យុទ្ធសាស្ត្រ “​សង្គ្រាម​កូនកាត់​” ដើម្បី​ទម្លាក់​រដ្ឋាភិបាល​របស់​គាត់​។​

​លោកប៉េ​តកូវ​បាន​និយាយថា រុស្ស៊ី​នឹង​រក្សាទុក​បុគ្គលិក​របស់​ខ្លួន​ចំនួន ៤៣ នាក់​បន្ទាប់​ពី​ការបណ្តេញ​ចេញ​នេះ ហើយ​ថា ប៊ុលហ្គារី​មាន​បុគ្គលិក​ការទូត​ត្រឹមតែ ១២​នាក់​នៅក្នុង​ទីក្រុង​មូ​ស្គូ​។​

​លោក​បាន​និយាយថា “​អ្នកណា​ដែល​ធ្វើ​ការងារ​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​ប៊ុលហ្គារី​នឹងត្រូវ​កោះហៅ​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ដើម​របស់​ពួក​គេ​វិញ​”​។​

​កាលពី​ថ្ងៃ​សុក្រ ឯកអគ្គរដ្ឋទូត​រុស្ស៊ី លោកស្រី អេ​ឡេ​អូ​ណូ​រ៉ា មីត្រូហ្វាណូ​វ៉ា (Eleonora Mitrofanova) បាន​ចេញ​ឱសានវាទ​ដល់​ប្រទេស​ប៊ុលហ្គារី ដើម្បី​ដក​ចេញ​នូវ​ការសម្រេចចិត្ត​របស់​ខ្លួន ហើយ​បាន​គំរាម​ថា​ទីក្រុង​មូ​ស្គូ​នឹង​ផ្តាច់​ទំនាក់ទំនង​ការទូត​ទាំងស្រុង​។​

​លោកស្រី​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​ខ្ញុំ​មាន​បំណង​លើកឡើង​ជា​បន្ទាន់​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ប្រទេស​របស់​ខ្ញុំ​អំពី​បញ្ហា​បិទ​ស្ថានទូត​រុស្ស៊ី​នៅ​ប៊ុលហ្គារី ដែល​នឹង​ឈាន​ដល់​ការបិទ​បេសកកម្ម​ការទូត​ប៊ុលហ្គារី​នៅ​ទីក្រុង​មូ​ស្គូ​ដោយ​ចៀស​មិន​រួច​”៕

យន្តហោះ​២​គ្រឿង​ចាំ​ដឹក​អ្នកការទូត​រុស្ស៊ី​៧០​នាក់​ត្រឡប់​ទៅ​ស្រុក​វិញ​