ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ត្រីរដ្ឋាភិបាលបាននិយាយថា មនុស្ស ១៩នាក់បានស្លាប់ និង១២ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរបានរអិលចេញពីផ្លូវលើភ្នំ ហើយធ្លាក់ចូលទៅក្នុងជ្រោះជ្រៅមួយក្នុងពេលកំពុងមានភ្លៀងធ្លាក់ខ្លាំងនៅភាគនិរតីប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យទី៣កក្កដា។
លោកម៉ាថាប់ សា (Mahtab Shah) ជំនួយការរដ្ឋបាលស្រុកមួយក្នុងខេត្តបាលូគីស្ថាន (Baluchistan) បាននិយាយថា អ្នកដំណើរប្រហែល ៣៥ នាក់បានជិះនៅលើឡានក្រុងនោះ។ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់ក្នុងរថយន្តខូចខ្ទេចខ្ទីនេះនិងតំបន់ជុំវិញ។
លោកសាបាននិយាយថា រថយន្តក្រុងទំនងជារអិលលើផ្លូវសើម ចំពេលមានភ្លៀងធ្លាក់ខ្លាំង ហើយអ្នកបើកបរបានបាត់បង់ការគ្រប់គ្រងរថយន្ត ដែលបានធ្លាក់ចូលទៅក្នុងជ្រោះជម្រៅ ៦១ ម៉ែត្រ។
គ្រោះថ្នាក់ចរាចរណ៍សាហាវៗគឺជារឿងធម្មតានៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារតែហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់អន់និងការមិនគោរពច្បាប់ចរាចរណ៍ ក៏ដូចជាយានយន្តថែទាំមិនបានល្អ។
គួររំលឹកដែរថាកាលពីខែមុន មនុស្ស២២នាក់បានស្លាប់ក្នុងឧបទ្ទវហេតុស្រដៀងគ្នានេះ នៅពេលរថយន្តក្រុងមួយបានធ្លាក់ចូលជ្រោះក្នុងស្រុកគីឡាសៃហ្វូលឡា (Qila Saifullah)៕
អ្នកសង្គ្រោះកំពុងឈរក្បែររថយន្តក្រុងដែលរងការខូចខាតពីការបើកធ្លាក់ជ្រោះ