ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កំពូលអ្នកប្រដាល់ថៃ ប៊ួខាវ បានចាមេឃ (Buakawt Banchamek) បានមកដល់កម្ពុជាហើយ ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍សង្វៀនគុនខ្មែរ ជើងឯកពិភពលោក « World Fight Tournament 2022 / Kun Khmer Series» នាថ្ងៃទី៦ ខែកក្កដា ខាងមុខ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលអ្នកប្រដាល់ថៃរូបនេះ​ ត្រៀមខ្លួន រួចរាល់ ដើម្បីដឹកនាំក្រុមជម្រើសជាតិថៃ មកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

ថ្លែងប្រាប់អ្នកកាសែត ប៊ូខាវ បានលើកឡើងថាៈ ស៊ីហ្គេមនៅវៀតណាម គឺជាលើកដំបូង ដែលលោកបានដឹកនាំក្រុមជម្រើសជាតិឃីកបុកស៊ីងថៃ ចូលរួមប្រកួត ក្នុងនោះ កូនសិស្សខ្លួន ក៏បានប្រកួតជាមួយកីឡាករកម្ពុជាដែរ ដោយលទ្ធផល មានឈ្នះ មានចាញ់។

ប៊ូខាវ បានបន្ដថាៈ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ រូបគេនឹងដឹកនាំក្រុមជម្រើសជាតិថៃ មកប្រកួត នៅកម្ពុជាទៀត។

សូមបញ្ជាក់ថា Buakaw Banchamek ត្រូវបានផ្គូរផ្គងឲ្យជួបជាមួយ កីឡាករជើងខ្លាំងបេឡារុស Varats Dzmitry ក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម នាថ្ងៃទី៦ ខែកក្កដា សប្ដាហ៍នេះ ក្នុងកម្មវិធីសង្វៀនគុនខ្មែរជើងឯកពិភពលោក ដែលរៀបចំដោយស្ថាប័ន World Fight ។

ក្រៅពីជំនួបដ៏ពិសេសនេះ ក៏មានគូខ្លាំងៗ ៤ គូផ្សេងទៀតដែរ រួមមាន កីឡាករកម្ពុជា កាន់ ម៉េងហុង ជួបកីឡាករអូស្ដ្រាលី Dylan Eagle ទម្ងន់ ៥៥,៣ គីឡូក្រាម។ កីឡាករកម្ពុជា បឺត សង្ឃឹម ជួបជើងខ្លាំងថៃ Penthep Eakmuangnon ទម្ងន់ ៥៧,២ គីឡូក្រាម។ អ្នកប្រដាល់ថៃ ដែលមានដើមកំណើត ជាខ្មែរសូរិន រូបនេះ តែងតែបដិសេធ មិនប្រកួតជាមួយ អ្នកប្រដាល់ កម្ពុជាឡើយ ដោយគេលើកហេតុផលថា គេក៏មានឈាមជ័រជាខ្មែរដែរ តែក៏មានអ្នកប្រដាល់ កម្ពុជាខ្លះ ក៏ចង់សាកថ្វីដៃ ជាមួយអ្នកប្រដាល់ថៃ រូបនេះដែរ។ កីឡាករ ម៉ឺន មេឃា ជួបកីឡាករប្រេស៊ីល Felype Souza ទម្ងន់ ៦១,២ គីឡូក្រាម និងកីឡាការិនី ទូច ច័ន្ទវត្តី ជួបកីឡាការិនីអេស្ដូនី Marie Ruumet៕/V-PC