ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់អំណោយ កសាងស្ពានបេតុង ព្រះពន្លា មានបណ្តោយ ១២០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ឆ្លងកាត់ស្ទឹងសិរីសោភ័ណ ម្តុំវត្តព្រះពន្លា នាភូមិ៤ និងភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ -ប្រធានកងវិស្វកម្ម សម្តេចតេជោ ខេត្តសៀមរាប បានថ្លែងឱ្យដឹងដូច្នេះ កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នៅពេលលោក បានអញ្ជើញចុះពិនិត្យទីតាំងគម្រោងមួយនេះ ។

ក្នុងឱកាសនោះ ក៏មានវត្តមាន លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក នាង ហាវ អភិបាលរង និងពលរដ្ឋទទួលផលផងដែរ។

បើយោងតាម នាយឧត្តមសេនីយ៍ ខេង សុមេធ បានឱ្យដឹងថាៈ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ទើបតែបានស្នើទៅសម្តេចតេជោ ហើយសម្តេច ក៏ឆ្លើយតបពីម្សិលមិញ ថាត្រូវចាប់ផ្តើម សាងសង់ស្ពានមួយនេះ ជាបន្ទាន់ ។

សូមបញ្ជាក់ថា សំណង់ស្ពានបេតុងនេះ នឹងត្រូវសាងសង់ ជំនួសស្ពានឈើចាស់ទ្រុឌទ្រោម ដែលបានបាក់ដួលរលំ ខូចខាតដោយទឹកជំនន់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កន្លងមក ហើយការសាងសង់នេះ ក៏ជាការឆ្លើយតបរហ័សទាន់ចិត្ត បន្ទាប់ពីព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ នៅសង្កាត់ព្រះពន្លា និងក្រុងសិរីសោភ័ណ បានសំណូមពរ កាលពីអំឡុងយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងដែលបានបោះឆ្នោត កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗ។ ក្នុងឱកាសនោះ អាជ្ញាធរដែនដី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិសេសលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអះអាង និងសន្យាថា នឹងស្ថាបនាស្ពាន បេតុងថ្មីសន្លាង ជូនបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូន សិស្សានុសិស្ស ទៅសាលារៀន ព្រះសង្ឃ និងពុទ្ធបរិស័ទ ធ្វើដំណើរទៅវត្តអារាម ។

សូមរំលឹកថា នៅភូមិសាស្ត្រក្រុងសិរីសោភ័ណ មន្ត្រីអាជ្ញាធរដែនដី និងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលជាក្រុមការងារនោះ បានអះអាង កាលពីអំឡុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ថា ក្នុងក្រុងមានគម្រោងកសាងស្ពានថ្មថ្មី ធំៗ ចំនួន ៣ កន្លែងឯណោះ ក្នុងនោះរួមមាន: ១.ស្ពានថ្ម​ ឆ្លងស្ទឹងសិរីសោភ៍ណ វត្តព្រះពន្លា សង្កាត់ព្រះពន្លា ជំនួសស្ពានឈើចាស់ បានបាក់ដោយសារចាស់ទ្រុឌទ្រោម និងទឹកជំនន់ ២.ស្ពានថ្ម កាត់ស្ទឹងសិរីសោភ៍ណ ភ្ជាប់ភូមិចក និងភូមិព្រះពន្លា នៃសង្កាត់ព្រះពន្លា និង៣.ស្ពានថ្ម ទំនប់បង្ហៀរ កណ្តោលភូមិ-សង្កាត់ទឹកថ្លា៕/V-PC