ដោយៈ សរិទ្ធ / ភ្នំពេញៈ មនុស្សប្រុសស្រី បីនាក់ បានរងរបួសធ្ងន់ ដោយសារតែបើកម៉ូតូ ឌុបគ្នា ក្នុងល្បឿនលឿន ជ្រុលបុកពីចំហៀងរថយន្ដ របស់ជនជាតិចិន ដែលបានកំពុងបត់ ឆ្លងផ្លូវ ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង ១០និង៣០នាទី យប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នៅមុខអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ត្រង់ចំណុចភ្លើងស្តុបថ្មី តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប ទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនកើតហេតុ គេឃើញបុរសជនជាតិ ចិនម្នាក់ រួមដំណើរដោយជនជាតិចិន ប្រុសស្រី ២-៣ នាក់ទៀត បើករថយន្តម៉ាក Toyota ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-5705 ធ្វើដំណើរក្នុងទិសដៅពីខាង​កើត ទៅខាងលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃ ចូលទៅអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ ហើយនៅពេលរថយន្ត បត់ចូលជិតផុតទៅហើយ ក៏ស្រាប់តែមាន ម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AE-9574 បើកដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្សប្រុសស្រី ពីរនាក់ទៀត ធ្វើដំណើរ បញ្ច្រាសទិសដៅគ្នា ពីទិសខាងលិច ទៅខាងកើត ក្នុងល្បឿនលឿន បានជ្រុលទៅបុក ពីចំហៀងរថយន្ត ខាងស្តាំ ពេញទំហឹង បណ្ដាលឱ្យបោកផ្ទប់នឹងកញ្ចក់រថយន្ត រងរបួសធ្ងន់ ទាំងបីនាក់ ហើយបន្ទាប់មក ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់៕/V-PC