ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ អគារ​ថ្មី នៃ​អធិការដ្ឋាន​នគរបាល ស្រុក​សំរោង​ទង ដែល​ទើប​សាងសង់​រួច ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ កាលពី​វេលា ម៉ោង ៨ ព្រឹក ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ ។​

​ដោយមាន​ការចូលរួម ពី​អធិការ​ក្រុង ស្រុក និង​មន្ត្រីនគរបាល ប្រមាណ ៣០០ នាក់ នាឱកាស​នោះ លោក ឃុ​ត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ ដឹងថាៈ អគារ​ថ្មី ទើប​សាងសង់​រួច មួយ​ខ្នង​នេះ មាន​ទំហំ បណ្តោយ ១២ ម៉ែត្រ ទទឹង ៩ ម៉ែត្រ មាន ៣ បន្ទប់ បន្ទប់ធ្វើការ ២ បន្ទប់ និង​បន្ទប់​ប្រជុំ មាន​ទំហំ ១២ ម៉ែត្រ ទទឹង ៥,៣០ ម៉ែត្រ ដោយ​ចំណាយ ថវិកា​សរុប ចំនួន ១២៥.១២៣.០០០ រៀល ក្នុងនោះ លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ជួយ​ឧ​ត្ថ​ម្ភ​ចំនួន ១០.០០០.០០០ រៀល អភិបាលស្រុក​សំរោង​ទង ចំនួន ១០.០០០.០០០ រៀល ព្រមទាំង​មានការ​ចូល រួម​ឧបត្ថម្ភ ពី​សប្បុរសជន​នានា ក្នុង​ខេត្តកំពង់ស្ពឺ​។​

​លោក សម សាមួន ស្នងការ​នគរបាល ខេត្តកំពង់ស្ពឺ បាន​ថ្លែង​ក្នុងឱកាស​សម្ពោធ អគារ​ថ្មី នៅ​អធិការដ្ឋាន​នគរបាល ស្រុក​សំរោង​ទង​នេះ លោក​បាន​ជំរុញ​ឱ្យ អធិការដ្ឋាន​ក្រុង ស្រុក ទាំង​៨ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង ៨៨ ឃុំ សង្កាត់ ទាំងអស់ ត្រូវបំពេញ​ឯកសារ ឫ​ចុះបញ្ជី​ដីធ្លី ទីតាំង​អធិការដ្ឋាន ក៏ដូចជា​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល ក្នុងការ​ប្រើប្រាស់ តាម​នីតិវិធី​។​

​លោក​បាន​បន្តទៀតថាៈ សូម​ឲ្យ​អធិការ​ក្រុង ស្រុក ព្រមទាំង​ប៉ុស្តិ៍​រដ្ឋបាល ត្រូវ​ខំប្រឹងប្រែង ខិតខំ​ព្យាយាម និង​បំរើ​បងប្អូន​ប្រជាពលរដ្ឋ​ខណៈដែល​ពួកគាត់ ត្រូវការ​ឲ្យ​ជួយ ដូចជា សៀវភៅ​ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ។​ល​។​

​ជា​ចុងក្រោយ​លោក បាន​សម្តែង​នូវ​ការពេញចិត្ត ដែល​អធិការដ្ឋាន​នគ​របាល ស្រុក​សំរោង​ទង បាន​ចូលធ្វើការ ក្នុង​អគារ​ថ្មី ដើម្បី​ងាយស្រួល ក្នុងការ​បំពេញ ភារកិច្ច ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ស្ពឺ​៕/V​-PC