ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ បណ្តាប្រទេសនៅទូទាំងអាស៊ីកំពុងចាត់វិធានការដើម្បីដោះស្រាយអតិផរណាដែលកំពុងកើនឡើងខ្ពស់ខណៈការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តមានឥទ្ធិពលដូមីណូ (Domino) លើខ្សែសង្វាក់ផ្គត់ផ្គង់ ដែលត្រូវបានរំខានរួចជាស្រេចចំពេលមានជំងឺរាតត្បាត។
នៅក្នុងប្រទេសម៉ាឡេស៊ី កន្លែងដែលអតិផរណាស្បៀងអាហារស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល១១ ឆ្នាំនៅកម្រិត ៥,២ ភាគរយ នាយករដ្ឋមន្ត្រី អ៊ីស្មាអ៊ីល សាព្រី យ៉ាកូប (Ismail Sabri Yaakob) បាននិយាយកាលពីថ្ងៃអាទិត្យ ទី ០៣ កក្កដាថា រដ្ឋាភិបាលកំពុងចាត់វិធានការដើម្បីដោះស្រាយការកើនឡើងថ្លៃរស់នៅ។
រដ្ឋាភិបាលនឹងចំណាយប្រាក់ ៧០ ពាន់លានរីងហ្គីត (២២ ពាន់លានដុល្លារ) លើការឧបត្ថម្ភធននៅឆ្នាំនេះ ដែលជាកញ្ចប់គាំទ្រខ្ពស់បំផុតរបស់ប្រទេសក្នុងប្រវត្តិសាស្ត្រដើម្បីទប់ស្កាត់ការកើនឡើងនៃថ្លៃសាំង ប្រេងម៉ាស៊ូត ហ្គាស ប្រេងចម្អិនអាហារ ម្សៅ និង ថ្លៃអគ្គិសនី។
ប្រាក់ជាង ៧០០ លានរីងហ្គីតត្រូវបានបម្រុងទុកដើម្បីរក្សាតម្លៃសាច់មាន់ឱ្យនៅត្រឹម ៩,៤០ រីងហ្គីតក្នុងមួយគីឡូក្រាម ខណៈការឧបត្ថម្ភធនប្រេងចម្អិនអាហារចំនួន ៤ពាន់លានរីងហ្គីតគឺជិតស្មើពីរដងនៃការឧបត្ថម្ភធន ២ ពាន់លានរីងហ្គីតកាលពីឆ្នាំមុន។
បន្ទាប់ពីការចែកលុយសុទ្ធចំនួនពីរលើកដល់ក្រុមគ្រួសារដែលមានចំណូលទាប លោកនាយករដ្ឋមន្ត្រីអ៊ីស្មាអ៊ីលកាលពីថ្ងៃអាទិត្យបានចង្អុលបង្ហាញថា ប្រហែលជាមានការចែកលុយជូនជាលើកទីបី។
– ប្រទេសថៃ
អតិផរណារបស់ថៃគឺស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៤ ឆ្នាំ ដោយបានឆ្លងផុតកម្រិត ៧ ភាគរយកាលពីខែឧសភា។
ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ត្រូវគេរំពឹងថានឹងបង្កើតក្រុមអ្នកជំនាញពិសេសមួយដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈនិងស្បៀងអាហាររបស់ប្រទេសនេះ នៅពេលពួកគេប្រជុំនៅថ្ងៃចន្ទនេះ។
អគ្គលេខាធិការ NSC លោក ស៊ូផុត ម៉ាឡានីយ៉ុម (Supot Malaniyom) បាននិយាយថា ក្រុមការងារនិងទីភ្នាក់ងារពាក់ព័ន្ធនឹងដោះស្រាយវិបត្តិជាបីដំណាក់កាលរហូតដល់ដំណាច់ឆ្នាំក្រោយ។ វានឹងមានការផ្តោតជាពិសេសលើការកើនឡើងថ្លៃប្រេងឥន្ធនៈ ដែលកំពុងប៉ះពាល់ដល់វិស័យដឹកជញ្ជូននិងអតិផរណាកាន់តែអាក្រក់។
លោកបាននិយាយប្រាប់វេបសាយ The Nation ថា “NSC នឹងផ្តោតលើស្ថិរភាពដើម្បីទប់ស្កាត់ភាពខ្វះខាត”។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក អាខុម តឺមភីតាយ៉ាប៉ៃស៊ីត (Arkhom Termpittayapaisith)បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថារដ្ឋាភិបាលនឹងស្វែងរកការដំឡើងប្រាក់ឈ្នួលសម្រាប់និយោជិតក្នុងវិស័យឯកជនដើម្បីជួយពួកគេទប់ទល់នឹងការកើនឡើងការចំណាយ។
លោកអាខុមបាននិយាយថា អតិផរណារបស់ថៃនឹងនៅតែមានកម្រិតខ្ពស់សម្រាប់រយៈពេលនៅសល់នៃឆ្នាំនេះ។ លោកបន្តថា “សេដ្ឋកិច្ចថៃកំពុងរងផលប៉ះពាល់មិនត្រឹមតែពីកូវីដ១៩ ប៉ុណ្ណោះទេប៉ុន្តែថែមទាំងអតិផរណាខ្ពស់ដែលបណ្តាលមកពីសង្គ្រាមអ៊ុយក្រែនទៀតផង។ អតិផរណានៅឆ្នាំនេះទំនងជាមិនធ្លាក់ចុះដល់កម្រិតដែលធ្លាប់ឃើញជាច្រើនឆ្នាំកន្លងមកនោះទេ”។
ធនាគារកណ្តាលថៃត្រូវគេរំពឹងថានឹងដំឡើងអត្រាការប្រាក់គោលនយោបាយរបស់ខ្លួន ដែលបច្ចុប្បន្នមានត្រឹម ០,៥ ភាគរយ នៅខែក្រោយ។
– កូរ៉េខាងត្បូង
នៅក្នុងប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលបានបន្ថយពន្ធពី ២២,៥ ភាគរយទៅ ២៥ ភាគរយលើសាច់ជ្រូកនាំចូលចំនួន ៥០.០០០ តោន ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
វិធានការនេះធ្វើឡើងដើម្បីបញ្ចុះតម្លៃផលិតផលសាច់ជ្រូកឱ្យបាន២០ភាគរយ។
តម្លៃជាមធ្យមនៃសាច់ជ្រូកបានកើនឡើងជិត ១៥ ភាគរយកាលពីខែមុនរហូតដល់ ២.៩១១ វ៉ុន (២,២៤ ដុល្លារ) ក្នុង ១០០ក្រាមនេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានកូរ៉េសម្រាប់ការវាយតម្លៃគុណភាពផលិតផលសត្វ។
អ្នកឃ្លាំមើលឧស្សាហកម្មនិយាយថាការកើនឡើងនៃតម្លៃសាច់ជ្រូកត្រូវបានរុញដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដូចជាអតិផរណាផងដែរ។
មន្ត្រីម្នាក់មកពីសមាគមសាច់ជ្រូកកូរ៉េ បាននិយាយថា “ពោតមានចំនួនពាក់កណ្តាលនៃចំណីដែលប្រើប្រាស់សម្រាប់ជ្រូក។ ប៉ុន្តែសង្គ្រាមរវាងប្រទេសទាំងពីរដែលជាអ្នកផ្គត់ផ្គង់ស្រូវសាលីនិងពោតដ៏ធំបំផុតទាំងពីរ បាននាំឱ្យមានការខ្វះខាតគ្រាប់ធញ្ញជាតិ ដែលបណ្តាលឱ្យតម្លៃដំណាំសម្រាប់ចំណីសត្វកើនឡើងខ្ពស់”។
ពន្ធក៏ត្រូវបានដកចេញផងដែរលើទំនិញចំនួនប្រាំមួយមុខផ្សេងទៀត រួមទាំងប្រេងផ្កាឈូករ័ត្ន និងស្រូវសាលីរហូតដល់ដំណាច់ឆ្នាំនេះ ហើយបញ្ជីនៃអាហារកែច្នៃសាមញ្ញៗដូចជាគីមឈីត្រូវបានលើកលែងពីពន្ធលើតម្លៃបន្ថែម។
ធនាគារកណ្តាលរបស់កូរ៉េខាងត្បូងបានដំឡើងអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនដល់ ១,៧៥ ភាគរយនៅក្នុងខែឧសភា ដើម្បីបន្ធូរបន្ថយអតិផរណាពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៤ ឆ្នាំ។
អតិផរណាទំនិញប្រើប្រាស់នៅក្នុងខែឧសភាបានកើនឡើងដល់ ៥,៤ ភាគរយដោយអត្រាកាលពីខែមុនរំពឹងកើនឡើងលើសពី ៦ ភាគរយ។
– ជប៉ុន
នៅប្រទេសជប៉ុន តម្លៃទំនិញប្រើប្រាស់ស្នូលបានហក់ឡើង ២,១ ភាគរយធៀបឆ្នាំមុនគិតត្រឹមខែឧសភា បន្ទាប់ពីកើនឡើងដូចគ្នាកាលពីខែមេសា។ការកើនឡើងថ្លៃទំនិញនេះគឺខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរឆ្នាំ។
នាយករដ្ឋមន្ត្រី ហ្វ៊ុយមីអូ គីស៊ីដា បាននិយាយថា រដ្ឋាភិបាលគ្រោងនឹងបន្ធូរបន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃអគ្គិសនី ដោយផ្តល់រង្វាន់ដល់ក្រុមគ្រួសារណាដែលសន្សំសំចៃថាមពលដែលអាចជួយបន្ថយថ្លៃប្រើប្រាស់ភ្លើង។
ក្រុមការងាររបស់រដ្ឋាភិបាលបានជួបប្រជុំគ្នាជាលើកដំបូងកាលពីខែមុន ដើម្បីដោះស្រាយអតិផរណា។
វិធានការសង្គ្រោះបន្ទាន់ដែលមានតម្លៃ ១៣ ទ្រីលានយ៉េន (ជាង ៩៦ ពាន់លានដុល្លារ) ដែលមួយផ្នែកត្រូវបានផ្តល់មូលនិធិដោយវិស័យឯកជននឹងត្រូវអនុវត្តដើម្បីដោះស្រាយជាមួយនឹងការកើនឡើងនៃតម្លៃស្រូវសាលី ជីរ ចំណីសត្វ និងថាមពល។
– បង់ក្លាដែស
នៅប្រទេសបង់ក្លាដែស តម្លៃអង្ករល្អបានកើនឡើង ៩ ភាគរយកាលពីខែមុន ខណៈទឹកជំនន់និងអាកាសធាតុមិនអំណោយផលនៅផ្នែកខ្លះនៃប្រទេសបានប៉ះពាល់ដល់ទិន្នផលដំណាំ។
រដ្ឋាភិបាលបានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនម្ហូបអាហារចំនួន ៩៥ នាំចូលអង្ករចំនួន ៤០៩.០០០ តោននៅត្រឹមពាក់កណ្តាលខែសីហាដើម្បីធ្វើឱ្យតម្លៃធ្លាក់ចុះវិញ។
ពន្ធនាំចូលអង្ករចន្លោះពីថ្ងៃទី ២២ ខែមិថុនាដល់ថ្ងៃទី ៣១ ខែតុលា នឹងត្រូវកាត់បន្ថយពី ៦២,៥ ភាគរយមកមកនៅត្រឹម ២៥,៧៥ ភាគរយ។
– ប៉ាគីស្ថាន
នៅក្នុងប្រទេសប៉ាគីស្ថាន អតិផរណា ដែលវាស់វែងដោយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ បានកើនឡើងដល់ ២១,៣ ភាគរយកាលពីខែមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១៣ ឆ្នាំ។
ប្រេងឥន្ធនៈ អ៊ីដ្រូកាបូនរាវ និងថ្លៃអគ្គិសនីបានកើនឡើងខ្លាំងបំផុតធៀបនឹងឆ្នាំមុន ដោយតម្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងហោចណាស់ ៩៥ ភាគរយ។
តម្លៃប្រេងឥន្ធនៈបានកើនឡើងបន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ព្រោះរដ្ឋាភិបាលបានដំឡើងពន្ធលើប្រេងឥន្ធនៈ ដើម្បីកាត់បន្ថយឱនភាពសារពើពន្ធរបស់ខ្លួន។
ដោយដកស្រង់របាយការណ៍ស្រាវជ្រាវដោយក្រុមហ៊ុនឈ្មួញជើងសាប៉ាគីស្ថាន Topline Securities ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការដំឡើងអត្រាការប្រាក់គោលនយោបាយដោយធនាគារកណ្តាលក៏ត្រូវបានរំពឹងទុកផងដែរនៅពេលដែលធនាគារកោះប្រជុំក្នុងសប្តាហ៍នេះ។
ធនាគាររដ្ឋប៉ាគីស្ថានបានដំឡើងអត្រាគោលនយោបាយរួចហើយគឺ ៤០០ ពិន្ទុមូលដ្ឋាននៅឆ្នាំនេះ៕
ម៉ាឡេស៊ីឧបត្ថម្ភធនប្រេងចម្អិនអាហារចំនួន ៤ ពាន់លានរីងហ្គីតនៅឆ្នាំនេះ