​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ថ្លៃ​នា​ពិធី​ប្រកាស​គណ​:​ក​ម្មា​ធិ​ការដឹកនាំ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី (​គ​.​ជ​.​ផ​.​ម​)​នៅ​ព្រឹក​មិញ​នេះ​ថា សហគមន៍​ចំនូ​ន ១៣១ មាន​សក្តានុពល​អាចបង្កើត​ជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​បាន ។

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​យើង​មាន ១៣១ សហគមន៍​មាន​សក្តានុពលភាព​អាច​បង្កើតជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​បាន ក្នុងចំណោម​សហគមន៍ ៥១៦ ដែល​យើង​មាន ក្នុងនោះ ២៧​សហគមន៍ បាននិងកំពុង​ដំណើរ ការ​ទេសចរណ៍ធម្មជាតិ​នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​បឹង​ទន្លេសាប​។

​លោក​បាន​បន្តថា ដោយឡែក យើង​បាន​បង្កើត​សហគមន៍​ព្រៃឈើ​សរុប​ចំនួន ៦៤៣ ក្នុងនោះ​បានធ្វើ​ផែនការ​គ្រប់គ្រង​ចំនួន ១០៣ សហគមន៍ ព្រមទាំង​មាន​តំបន់​ព្រៃឈើ​តាម​បណ្តោយ​ដងស្ទឹង ព្រែក បឹង ក្នុង​ដែន​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ ចម្ការ​ឈើ​ដាំ ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ ចម្ការ​ក​សិ​-​រុក្ខកម្ម ចម្ការ​រុក្ខទិវា ដែល​អាច​អភិវឌ្ឍ​ទៅជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ក​សិ​-​ទេសចរណ៍ និង​តំបន់​លំហែ​កម្សាន្ត​ផងដែរ​។

​លោក​បាន​បន្តថា នាពេល​អនាគត យើង​រំពឹងថា​សហគមន៍​កសិក​ម្ម​មួយចំនួន​អាច​នឹង​បង្កើត​មុខរបរ​ថ្មី​មួយ​ដែល​ហៅថា “​ក​សិ​-​ទេសចរណ៍​” សម្រាប់​ផ្តល់ឱកាស​ដល់​អ្នកទេសច​រណ៍​ក្នុងស្រុក និង​បរទេស​បាន​ទៅ​ទស្សនា​កសិដ្ឋាន​របស់​ប្រជាកសិករ​ជា​សមាជិក​សហគម​ន៍ក​សិ​កម្ម​ផងដែរ​។

​ទាក់ទង​នឹង​ប្រធានបទ​ខាងលើ លោក រដ្ឋមន្ត្រី​បានបង្ហាញ​ជូន​អង្គពិធី​យ៉ាងច្បាស់​អំពី​តួនាទី និង​ភារកិច្ច​ដែល​ក្រសួង​បាននិងកំពុង​អនុវត្ត​យ៉ាងសកម្ម​ក្នុង​គោលបំណង​ចាប់យក​កាលានុវត្តភាព​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដែល​កំពុងមាន​ការកើនឡើង ដោយ​ឈរលើ​សក្តានុពល​មាន​ស្រាប់​នៃ​ខេត្តមណ្ឌលគិរី ក្រោមរូបភាព “​សក្តានុពល​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​” ដែល​ស្ថិតក្រោម​វិស័យ​កសិកម្ម និង​ដែន​សមត្ថកិច្ច​របស់​ក្រសួង ក្នុងនោះ​រួមមាន​ចម្ការ​ស្រល់​រដ្ឋ​ទំហំ ៣៦៤ ហ​ត សួនផ្កា​ចម្រុះ និង​សួន​ភូតគាម លើ​ផ្ទៃដី​៤៧០​ហ​ត គ្រោង​រៀបចំ​សួនផ្កា ២០​ហ​ត និង​រៀបចំ​អាង ទឹក​បង្ហៀរ​។
​លោក រដ្ឋមន្ត្រី​សង្ឃឹមថា ពិធី​ដ៏​មាន​សារសំខាន់​នា​ព្រឹក​នេះ​នឹង​បង្កើតបានជា​ប្រយោជន៍ ផលិត​បាន​ធាតុ​ចូល​ថ្មីៗ​ថែមទៀត​សំដៅ​ស្វែងរក​វិធី​ដោះស្រាយ​បញ្ហា ទាញយក​ប្រយោជន៍​ឲ្យ​អស់ពី​លទ្ធភាព​ពី​ការអភិវឌ្ឍ​វិស័យ​ក​សិ​ទេសចរណ៍ និង​វប្បធម៌ ដែល​នឹង​រួមចំណែក​សំខាន់​ដល់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចជាតិ និង​សហគមន៍​មូលដ្ឋាន ឆ្លើយតប​ទៅនឹង​ទិសដៅ​របស់​រាជ​រដ្ឋា ភិ​បាល អំពី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ថា​ជា “​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​” ក្នុង​បុព្វ ហេតុ​រួមចំណែក​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ អភិវឌ្ឍន៍ជនបទ និង​កាត់បន្ថយ​ភាពក្រីក្រ ឆ្លើយតប ទៅនឹង​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍​ឆ្នាំ​២០១៩ -២០៣០ និង​ដោយឡែក ការអនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ឆ្នាំ​២០២១-២០៣៥៕​